ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាគ្នាជុំវិញសេរីភាពនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែរ ខណៈស្ថានភាពតំបន់មជ្ឈិមបូព៌ានៅតែតានតឹង​

1 ខែ មុន

ទីក្រុងមូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានធ្វើការពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដើម្បីផ្លាស់ប្តូរមតិយោបល់លើបញ្ហាសំខាន់ៗចំនួនពីរ គឺសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី២ ខែឧសភានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ី ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីលទ្ធភាពនៃការបញ្ចប់អរិភាពទាំងស្រុង និងការធ្វើឱ្យស្ថានភាពយោធា និងនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាមានស្ថិរភាពឡើងវិញ។

នៅក្នុងជំនួបតាមទូរស័ព្ទនេះ ប្រទេសរុស្ស៊ីបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលកំពុងបន្ត និងបានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រដល់ដំណើរការនយោបាយ និងការទូត ដើម្បីឈានទៅរកកិច្ចព្រមព្រៀងប្រកបដោយនិរន្តរភាព ដែលមានបំណងបង្កើតសន្តិភាពយូរអង្វែងនៅក្នុងតំបន់។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីទាំងពីរក៏បានជជែកពិភាក្សាអំពីបញ្ហានៃការធ្វើដំណើររបស់នាវា និងទំនិញរបស់រុស្ស៊ីឆ្លងកាត់ច្រកសមុទ្រ Hormuz ផងដែរ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>