ទីក្រុងតៃប៉ិ៖ កោះតៃវ៉ាន់ត្រូវតែមានសិទ្ធិភ្ជាប់ទំនាក់ទំនងជាមួយនឹងពិភពលោក។ គ្មានប្រទេសណាអាចបញ្ឈប់សកម្មភាពនេះបានឡើយ។ ខាងលើនេះជាការថ្លែងរបស់ប្រធានាធិបតីតៃវ៉ាន់ លោកឡៃឈីងតេ ទូលព្រះមហាក្សត្រប្រទេសអេស្វាទីនី (Eswatini) បន្ទាប់ពីលោកធ្វើដំណើរទៅដល់ប្រទេសនេះនៅក្នុងដំណើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ តៃវ៉ាន់អះអាងថាប្រទេសចិនព្យាយាមបន្ទច់បង្អាក់ដំណើរទស្សនកិច្ចនេះ និងហៅលោកឡៃឈីងតេជា «សត្វកណ្ដុរមួយក្បាល»។

ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនដែលគ្មានសិទ្ធិមានទំនាក់ទំនងកម្រិតរដ្ឋ និងរដ្ឋជាមួយប្រទេសដទៃទេ។ កាលពីខែមេសា តៃវ៉ាន់ថាចិនបានបង្ខំឱ្យប្រទេសចំនួនបីនៅមហាសមុទ្រឥណ្ឌាមិនអនុញ្ញាតឱ្យយន្តហោះដឹកលោកឡៃឈីងតេឆ្លងកាត់ដែនអាកាសរបស់ខ្លួនទៅប្រទេសអេស្វាទីនីទេដើម្បីអបអរសាទរខួបទី៤០ឆ្នាំនៃការសោយរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រប្រទេសនេះ។ សព្វថ្ងៃនេះ តៃវ៉ាន់នៅសល់ប្រទេសចំនួន១២ដែលនៅបន្តដាក់ទំនាក់ទំនងការទូតជាមួយគ្នា។

លោកឡៃឈីងតេធ្វើដំណើរទៅដល់អតីតប្រទេសស្វាស៊ីលែន (Swaziland) មួយនេះដែលមានប្រជាជន១,៣លាននាក់កាលពីថ្ងៃសៅរ៍។ ដំណើរទស្សនកិច្ចនេះធ្វើឡើងជាសម្ងាត់ សូម្បីតែរដ្ឋាភិបាលតៃវ៉ាន់ក៏មិនបានប្រកាសឱ្យដឹងទុកជាមុននោះឡើយរហូតទាល់តែលោកឡៃឈីងតេធ្វើដំណើរទៅដល់ទីនោះតែម្ដង។ ម៉្យាងទៀត លោកធ្វើដំណើរលាក់ខ្លួននៅក្នុងយន្តហោះរបស់រដ្ឋាភិបាលប្រទេសអេស្វាទីនី។

កាលពីល្ងាចថ្ងៃសៅរ៍ ការិយាល័យទំនាក់ទំនងជាមួយកោះតៃវ៉ាន់នៅប្រទេសចិនថ្លែងថាលោកឡៃឈីងតេធ្វើដំណើរទាំងលួចលាក់ទៅប្រទេសអេស្វាទីនី។ ទង្វើដ៏គួរឱ្យស្អប់ខ្ពើមរបស់ឡៃឈីតេប្រៀបដូចជាសត្វកណ្ដុរមួយក្បាលរត់ប្រូចកាត់ដងផ្លូវ ។ ទង្វើនេះនឹងត្រូវសហគមន៍អន្តរជាតិសើចចំអកជាមិនខាន។ ខាងលើនេះជាការថ្លែងរបស់អ្នកនាំពាក្យការិយាល័យខាងលើ។ លោកឡៃឈីងតេលុបចោលគម្រោងធ្វើដំណើរទៅអេស្វាទីនីកាលពីខែមេសាដោយសារប្រទេសចំនួនបីបិទដែនអាកាសរបស់ខ្លួននោះត្រូវអាមេរិករិះគន់ចិន។ សហភាពអឺរ៉ុប អង់គ្លេស បារាំង និងអាល្លឺម៉ង់ក៏សម្ដែងការបារម្ភផងដែរ៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ