ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំថ្លែងថាលោកនឹងពិនិត្យមើលសំណើរបស់អ៊ីរ៉ង់ដែលផ្ញើទៅឱ្យលោកលើកចុងក្រោយ។ ប៉ុន្តែលោកដាក់ជាចម្ងល់ថាក្រែងលោសំណើនោះតែមិនអាចទទួលយកបានដូចសំណើមុនៗទៀត។ លោកថ្លែងដូច្នេះនៅចំពោះមុខអ្នកសារព័ត៌មានពាក់ព័ន្ធនឹងសំណើទាំង១៤ចំណុចនោះ។ ចំពោះសំណួរថាតើលោកបានឃើញសំណើនោះហើយឬនៅ លោកឆ្លើយតបថាមិនទាន់ឃើញទេ។

លោកត្រាំថ្លែងបន្តទៀតដោយមិនបញ្ចេញឈ្មោះប្រទេសអ៊ីរ៉ង់ទេ។ លោកថាពួកគេប្រាប់លោកអំពីគោលគំនិតធំៗនៃកិច្ចព្រមព្រៀងនោះ។ ពួកគេកំពុងប្រើប្រាស់ភាសាចំៗទៅកាន់លោកតែម្ដង។ នៅពេលសួរថាតើអាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ជាថ្មីទៀតឬយ៉ាងណា លោកត្រាំថ្លែងថាលោកមិនចង់ធ្វើអត្ថាធិប្បាយទៅលើបញ្ហានេះទេ។ ប៉ុន្តែប្រសិនបើពួកគេប្រព្រឹត្តទង្វើមិនត្រឹមត្រូវ, ប្រសិនបើពួកគេប្រព្រឹត្តទង្វើអាក្រក់ លោកអាចនឹងពិចារណាវាយប្រហារជាថ្មី។ ប៉ុន្តែសម្រាប់ពេលនេះ យើងរង់ចាំមើលសិន។

ក្រោយមក លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមថាលោកនឹងពិនិត្យមើលសំណើរបស់អ៊ីរ៉ង់នាពេលឆាប់ៗនេះ។ ប៉ុន្តែលោកមិនហ៊ានស្រមៃថាសំណើនោះអាចឱ្យលោកទទួលយកបាននៅឡើយទេ។ លោកសរសេររៀបរាប់ថាពួកគេមិនទាន់បង់ថ្លៃខូចខាតឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីប៉ះប៉ូវទៅលើអ្វីដែលពួកគេបានប្រព្រឹត្តទៅលើមនុស្សជាតិ និងទៅលើពិភពលោកនារយៈពេល៤៧ឆ្នាំកន្លងមកនោះទេ (ចាប់តាំងពីក្រោយបដិវត្តឥស្លាមឆ្នាំ១៩៧៩)។

ទីភ្នាក់ងារព័ត៌មានថាស់នីម (Tasnim) របស់អ៊ីរ៉ង់រាយការណ៍ថាប្រទេសអ៊ីរ៉ង់បានបញ្ជូនសំណើ១៤ចំណុច និងផ្ដោតសំខាន់ទៅលើការបិទបញ្ចប់សង្គ្រាម។ សំណើនេះជាការឆ្លើយតបទៅនឹងសំណើរបស់លោកត្រាំដែលមាន៩ចំណុច។ ទីភ្នាក់ងារព័ត៌មានដដែលនេះផ្សាយបន្តទៀតថាអាមេរិកស្នើសុំឱ្យមានបទឈប់បាញ់រយៈពេល២ខែ ខណៈដែលអ៊ីរ៉ង់ស្នើសុំដោះស្រាយបញ្ចប់អ្វីៗគ្រប់យ៉ាងនៅក្នុងរយៈពេល៣០ថ្ងៃ។ អ៊ីរ៉ង់ចង់ផ្ដោតសំខាន់ទៅលើការបិទបញ្ចប់ទាំងស្រុង និងជាស្ថាពរនូវសង្គ្រាមនេះជាជាងត្រឹមតែបន្តសុពលភាពនៃបទឈប់បាញ់៕ ប្រភព៖ អឹនអេចខេ (NHK) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ