ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU បំភ្លឺ​ករណី​ប្រធាន​គណបក្ស​មួយ​រូប ប្តឹង​មន្ត្រីរាជការ​១០​នាក់ នៃ​ក្រុមតួ​ត​ពិនិត្យ​ការ​ប្រកាស​ពន្ធ​លើ​មធ្យោបាយដឹក​ជញ្ជូន​ឆ្នាំ​២០២៣ របស់​ខេត្តព្រៃវែង

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ សា្ថ​ប័ន​ប្រឆាំង​អំពើ​ពុក​រលួយ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់ (ACU) បាន​បំភ្លឺ​ករណី​បុគ្គល​ឈ្មោះ ឯម សុខ​សុវណ្ណ (​ជា​ប្រធាន​គណបក្ស​មួយ​រូប​)…

រាជធានី​ភ្នំពេញ ៖ សា្ថ​ប័ន​ប្រឆាំង​អំពើ​ពុក​រលួយ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់ (ACU) បាន​បំភ្លឺ​ករណី​បុគ្គល​ឈ្មោះ ឯម សុខ​សុវណ្ណ (​ជា​ប្រធាន​គណបក្ស​មួយ​រូប​) ប្តឹង​មន្ត្រីរាជការ​ចំនួន ១០​រូប នៃ​ក្រុម​ទី​១ តួ​ត​ពិនិត្យ​ការ​ប្រកាស​ពន្ធ​លើ​មធ្យោបាយ ដឹក​ជញ្ជូន​ឆ្នាំ​២០២៣ របស់​ខេត្តព្រៃវែង ។

ACU បាន​បំភ្លឺ​ថា កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ឯម សុខ​សុវណ្ណ បាន​ប្ដឹង​មន្ត្រីរាជការ​ចំនួន ១០​រូប នៃ​ក្រុម​ទី​១ ត្រួតពិនិត្យ ការ​ប្រកាស​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ឆ្នាំ​២០២៣ ខេត្តព្រៃវែង ទៅ​សាលាដំបូង​ខេត្តព្រៃវែង ដោយ​ចោទប្រកាន់​ពី​បទ កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​បទ​ឆបោក មាន​ស្ថាន​ទម្ងន់ទោស ដោយ​សំអាង​ថា រូប​គាត់ (​ឯម សុខ​សុវណ្ណ​) បាន​ចូល​បង់ពន្ធ មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​រថយន្ត​របស់​គាត់ ម៉ាក LEXUS LX 470 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​១៩៩៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2-7929 តាម​កម្មវិធី​ទូរ​សព្ទ​ដៃ អ្នក​ជាប់ពន្ធ “GDT Taxpayer App” របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយ​បង្ហាញ​ថា រូប​គាត់​ជាប់ពន្ធ​លើ​មធ្យោបាយ​ចំនួន​២ គឺ​ឆ្នាំ​២០២៣ ចំនួន ១ ៦០០ ០០០​រៀល និង​ឆ្នាំ​២០២៤ ចំនួន ៨០០ ០០០​រៀល សរុប​ស្មើនឹង ២ ៤០០ ០០០​រៀល ខណៈ​ដែល​រូប​គាត់​បាន​ទូទាត់​ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​ឆ្នាំ​២០២៣ ចំនួន ៨០០ ០០០​រៀល កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ ហើយ​ប្រាក់​ពន្ធ ដែល​នៅ​សល់ ត្រូវ​បាន​ទូទាត់​រួចរាល់ តាំងពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៤ មក​ម្ល៉េះ​។ ការណ៍​នេះ នាំ​ឱ្យ​លោក ឯម សុខ​សុវណ្ណ យល់​ថា ប្រាក់​ពន្ធ​ឆ្នាំ​២០២៣ ដែល​គាត់​បាន​បង់​រួច​ហើយ​នោះ ត្រូវ​បាន​រក្សា​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។

នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៤ លោក ឯម សុខ​សុវណ្ណ បាន​ដាក់​ពាក្យ​ប្ដឹង​សមាសភាព​ទាំង ១០​រូប​ខាងលើ​បន្ថែម ចំនួន​មួយ​បទល្មើស​ទៀត គឺ​បទ​រំលោភ​លើ​ទំនុកចិត្ត និង​ប្តឹង​លោក ឃឹម ហៀ​ង ប្រធាន​ការិយាល័យ​ពន្ធដារ ស្រុក​ពាម​រក៍ និង​បក្ខពួក ពី​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ក្នុង​ការ​បំពេញ​មុខងារសាធារណៈ និង​ការ​ក្លែងបន្លំ ។

អាស្រ័យ​ដោយ​ពាក្យបណ្ដឹង​របស់​លោក ឯម សុខ​សុវណ្ណ មានការ​លើក​ឡើង​ពី​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់ ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​បទល្មើស​ពុក​រលួយ និង​ជា​សមត្ថកិច្ច​ផ្ដាច់មុខ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​.) ក្នុង​ការ​ស៊ើបអង្កេត និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ទើប​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​បញ្ជូន​សំណុំរឿង​ខាងលើ​មក អ​.​ប​.​ព​. ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

បន្ទាប់​ពី​ទទួល​បាន​សំណុំ​រឿ​ខាងលើ ពី​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៥ អ​.​ប​.​ព​. បាន​ដំណើរ​នីតិវិធី​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​ដោយ​បាន ៖

I. កោះហៅ​អ្នក​ពាក់ព័ន្ធ​ចំនួន ១២​នាក់ ដែល​សុទ្ធ​សឹង​ជា​អ្នក​ដែល​ត្រូវ​បាន​លោក ឯម សុខ​សុវណ្ណ ប្ដឹង ដើម្បី​ស្ដាប់​ការ​បំភ្លឺ រួម​មាន ៖
១- ឈ្មោះ ហ៊ឹ​ម ឡូញ អតីត​ប្រធាន​សាខា​ពន្ធដារ​ខេត្តព្រៃវែង
២- ឈ្មោះ សេក វ​ណ្ណា អនុប្រធាន​សាខា​ពន្ធដារ​ខេត្តព្រៃវែង និង​ជា​ប្រធាន​ក្រុម​ត្រួតពិនិត្យ
៣- ឈ្មោះ ទី​ន ភារ​ម្យ មន្ត្រី​រដ្ឋបាល​ខេត្តព្រៃវែង និង​ជា​អនុប្រធាន​ក្រុម​ត្រួតពិនិត្យ
៤- ឈ្មោះ ឃឹម ហៀ​ង ប្រធាន​ការិយាល័យ​ពន្ធដារ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​ជា​អនុប្រធាន​ក្រុម​ត្រួតពិនិត្យ
៥- ឈ្មោះ ឯម សុភាព ប្រធាន​ការិយាល័យ​ពន្ធដារ​ស្រុក​មេ​សាង ខេត្តព្រៃវែង
៦- ឈ្មោះ ខុន កុសល ប្រធាន​ការិយាល័យ​ពន្ធដារ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង
៧- ឈ្មោះ កែវ ស៊ី​យឿ​ន ប្រធាន​ការិយាល័យ​ពន្ធដារ​ស្រុក​បាភ្នំ ខេត្តព្រៃវែង
៨- ឈ្មោះ នាថ តារា មន្ត្រី​ការិយាល័យ​ពន្ធដារ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង
៩- ឈ្មោះ វ៉ី ភា​រុន មន្ត្រី​ការិយាល័យ​ពន្ធដារ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង
១០- ឈ្មោះ ច្រឹ​ក ហ៊​ល នាយ​រង​ផ្នែក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង
១១- ឈ្មោះ ហំ ចំរើន នាយការិយាល័យ​គីមី​សាស្ត្រ នៃ​បញ្ហា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង
១២- ឈ្មោះ ហេង ចាន់​តារា អតីតមន្ត្រី​រដ្ឋបាល នៃ​សាខា​ពន្ធដារ​ខេត្តព្រៃវែង​។

II. ស្នើ​សុំ​ការ​បំភ្លឺ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ អំពី​ការ​រក្សា​ទុក​ប្រាក់​ពន្ធ និង​គោលការណ៍ នៃ​ការ​បោះពុម្ព​លតា​ប​ត្រ​ពន្ធ​លើ មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន​។

III. ការ​ស៊ើបអង្កេត​តាម​រយៈ​ការ​ស្តាប់​ការ​បំភ្លឺ​ពី​អ្នក​ពាក់ព័ន្ធ ការ​បំភ្លឺ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ស្រាវជ្រាវ​ពី​ប្រភព​ផ្សេង​ៗ អ​.​ប​.​ព​. រក​ឃើញ ដូច​ខាងក្រោម​៖

១- នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ ការ​ត្រួតពិនិត្យ​ការ​ប្រកាស​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន រក​ឃើញ​ថា លោក ឯម សុខ​សុវណ្ណ ពុំ​បាន​បំពេញ​កាតព្វកិច្ច​បង់ប្រាក់​ពន្ធ លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ឆ្នាំ​២០២៣ សម្រាប់​រថយន្ត​របស់​គាត់​មាន ម៉ាក LEXUS LX470 ឆ្នាំ​ផលិត​១៩៩៩ ផ្លា​ក​លេខ​ភ្នំពេញ 2I-7929 ដែល​មាន​ចំនួន ៨០០ ០០០​រៀល នោះ​ទេ រហូត​ទាល់តែ​ត្រូវ​បាន​ក្រុម​ត្រួតពិនិត្យ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងស្រុក​ព្រះស្តេច ផ្ទៀងផ្ទាត់​ឃើញ​ថា ពុំ​ទាន់​បង់ប្រាក់​ពន្ធ ឆ្នាំ​២០២៣ ទើបត្រូវ​បាន​កំណត់​ឱ្យ​បង់ប្រាក់​ពន្ធ​សរុប​ចំនួន ១ ៦០០ ០០០​រៀល ដោយ​ក្នុង​នោះ​មាន​ប្រាក់​ពន្ធ​បន្ថែម (​ទណ្ឌកម្ម​រដ្ឋបាល​សម្រាប់​ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន​យឺតយ៉ាវ​) ចំនួន ៨០០ ០០០​រៀល​។ នៅ​ចំពោះ​មុខ​ក្រុម​ត្រួតពិនិត្យ លោក ឯម សុខ​សុវណ្ណ ពុំ​មាន​ប្រាក់​គ្រប់​ចំនួន ក៏​បាន​ស្នើ​សុំ​កក់​ប្រាក់​ចំនួន ៨០០ ០០០​រៀល ហើយ​ក្រុម​ត្រួត ពិនិត្យ​បាន​ធ្វើ​កំណត់ហេតុ ស្ដី​ពី​ការ​ត្រួតពិនិត្យ​ការ​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​ឆ្នាំ​២០២៣ ហើយ លោក ឯម សុខ​សុវណ្ណ ត្រូវ​យក​ប្រាក់​មក​បង់​បង្គ​ប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៤​។ នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៤ ជា​ថ្ងៃ​កំណត់​បង់ប្រាក់​ពន្ធ​បង្គ​ប់ លោក ឯម សុខ​សុវណ្ណ មិន​បាន​បង់ពន្ធ​បង្គ្រប់​តាម​ការ​សន្យា​របស់​ខ្លួន​ទេ គឺ​បាន​បង់​តែ ២០០ ០០០​រៀល តែ​ប៉ុណ្ណោះ ធ្វើ​ឱ្យប្រាក់​ពន្ធ ដែល​គាត់ (​ឯម សុខ​សុវណ្ណ​) មិន​ទាន់​បង់​មាន​ចំនួន ៦០០ ០០០​រៀល​។ រហូត​ដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៤ (​ហួសពេល​កំណត់​រយៈពេល ៣​ខែ​) លោក ឯម សុខ​សុវណ្ណ បាន​បង់ប្រាក់​ចំនួន ៧០០ ០០០​រៀល (​លើស​ទឹកប្រាក់​ដែល​ត្រូវ​បង់ ១០០ ០០០​រៀល​)​។

២- នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ឯម សុខ​សុវណ្ណ បាន​ចូល​បង់ពន្ធ​តាម​កម្មវិធី​ទូរ​សព្ទ​ដៃ អ្នក​ជាប់ពន្ធ “GDT Taxpayer_App” របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ប៉ុន្តែ​មិន​អាច​បង់​បាន ដោយ​ប្រព័ន្ធ​ពន្ធដារ បញ្ជាក់​ថា រូប​គាត់​នៅ​ជំពាក់​ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​ឆ្នាំ​២០២៣​។ ការ​នៅ​ជំពាក់​ប្រាក់​ពន្ធ​នេះ ដោយសារ​តែ​ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​សម្រាប់ ឆ្នាំ​២០២៣ មិន​ទាន់​ត្រូវ​បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធ​លើ​មធ្យោបាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រោះ​ការ​បង់ប្រាក់​លើក​ដំបូង កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក ឯម សុខ​សុវណ្ណ មិន​បាន​បង់គ្រប់​ចំនួន​ទេ គឺ​បង់​បាន​តែ ៨០០ ០០០ រៀល (​លើ​ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​ត្រូវ​បង់ ១ ៦០០០០០​រៀល​) ហើយ​លើក​ទី​២ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៤ លោក ឯម សុខ​សុវណ្ណ បង់​បាន​តែ ២០០ ០០០​រៀល ប៉ុណ្ណោះ គឺ​នៅ​ខ្វះ ៦០០ ០០០​រៀល ហើយ​លោក ឯម សុខ​សុវណ្ណ មិន ព្រម​បង់ប្រាក់​ពន្ធ ដែល​នៅ​ខ្វះ​នេះ​ទេ រហូត​ដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៤ (​ហួស​កំណត់ពេល​បង់ប្រាក់​ដល​៣​ខែ​) ទើប​លោក ឯម សុខ​សុវណ្ណ បង់ប្រាក់​ពន្ធ​ចំនួន ៧០០ ០០០​រៀល (​លើស​ចំនួន​ដែល​ត្រូវ​បង់ ១០០ ០០០​រៀល​។ ទោះបី លោក ឯម សុខ​សុវណ្ណ បាន​បង់ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​រួច​ហើយ​ក្តី ប៉ុន្តែ​កាលបរិច្ឆេទ ដែល​លោក ឯម សុខ​សុវណ្ណ
លើក​ចុង​ក្រោយ មានការ​យឺតយ៉ាវ​រហូត​ដល់ ៣​ខែ ហើយ​ត្រូវ​ដល់​ពេល​ដែល​ត្រូវ​ប្រមូល​ពន្ធ​សម្រាប់​ឆ្នាំ​២០២៤ ទៅ​ហើយ​នោះ ទើប​ធ្វើ​ឱ្យប្រាក់​ពន្ធ​របស់​គាត់ ពុំ​ត្រូវ​បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធ​លើ​មធ្យោបាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នោះ​ទេ ហើយ​ប្រាក់​ពន្ធ​នេះ​នៅ​រក្សា​ទុក​ក្នុង​ទូដែក​របស់​របស់​ការិយាល័យ​ពន្ធដារ​ស្រុក​ពាម​រក៍ រង់ចាំ​លោក ឯម សុខ​សុវណ្ណ មក​បង់​បង្គ​ប់ ។

៣- អនុលោម​តាម​ប្រកាស​លេខ​៥៣១ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ មន្ត្រី​ពន្ធដារ មិន​អាច​ដំណើរការ នីតិវិធី​បង់ពន្ធ និង​ចេញ​លតា​ប​ត្រ​ពន្ធ​ឆ្នាំ​២០២៣ ជូន​លោក ឯម សុខ​សុវណ្ណ បាន​ទេ ដោយសារ​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៤ លោក ឯម សុខ​សុវណ្ណ ទើប​បង់ប្រាក់​ពន្ធ​បាន​ចំនួន ១ ០០០ ០០០​រៀល លើ​ប្រាក់​ពន្ធ​សរុប​ចំនួន ១ ៦០០ ០០០​រៀល ហើយ​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៤ លោក ឯម សុខ​សុវណ្ណ ទើប​បង់ប្រាក់​ពន្ធ​បាន​ចំនួន ១ ៧០០ ០០០​រៀល លើ​ប្រាក់​ពន្ធ​សរុប​ចំនួន ២ ៤០០ ០០០​រៀល ដោយ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សម្រាប់​ឆ្នាំ​២០២៤ ត្រូវ​បាន ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​លោក ឯម សុខ​សុវណ្ណ ត្រូវ​បង់ប្រាក់​ពន្ធ​ឆ្នាំ​២០២៤ បន្ថែម​ទៀត​សិន ទើប​មន្ត្រី​ពន្ធដារ​អាច​ដំណើរការ​នីតិវិធី​បង់ពន្ធ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធ​លើ​មធ្យោបាយ​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ បោះពុម្ព​លតា​ប​ត្រ​ពន្ធ​ឆ្នាំ​២០២៤ ដែល​មាន​រំលេច​ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​ឆ្នាំ​២០២៣ និង​ប្រាក់ ពន្ធ​ឆ្នាំ​២០២៤ ។

៤- នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ មន្ត្រី​ពន្ធដារ​ខេត្តព្រៃវែង បាន​ទាក់ទង​ឱ្យ​លោក ឯម សុខ​សុវណ្ណ មក​បង់ពន្ធ ឆ្នាំ​២០២៤ ចំនួន ៧០០ ០០០​រៀល (​បង្គ្រប់​លើ​ប្រាក់​ដែល​គាត់​បាន​បង់​នៅ​សល់ ១០០ ០០០​រៀល​) ប៉ុន្តែ​ទាក់ទង​លោក ឯម សុខ​សុវណ្ណ មិន​បាន​។ មន្ត្រី​ពន្ធដារ​ស្រុក​ពាម​រក៍ បាន​ចុះ​ទៅ​ជួប​លោក ឯម សុខ​សុវណ្ណ ដោយ​បាន​បោះពុម្ព លតា​ប​ត្រ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ឆ្នាំ​២០២៤ យក​ទៅ​ជាមួយ ក្នុង​បំណង​ឱ្យ​លោក ឯម សុខ​សុវណ្ណ បង់ពន្ធ​បង្គ​ប់ (​ប្រាក់​ពន្ធ ត្រូវ​បង់ ៧០០ ០០០​រៀល​) ប៉ុន្តែ​លោក ឯម សុខ​សុវណ្ណ ពុំ​ព្រម​បង់ប្រាក់​ពន្ធ​បង្គ​ប់​សម្រាប់​ឆ្នាំ​២០២៤ នេះ​ទេ ទើប លតា​ប​ត្រ ដែល​បាន​បោះពុម្ព​រួច​ហើយ​នោះ ត្រូវ​បាន មោឃភាព​វិញ ។

៥- លោក ឯម សុខ​សុវណ្ណ បដិសេធ​មិន​ព្រម​បង់ប្រាក់​ពន្ធ​បង្គ្រប់​ចំនួន ៧០០ ០០០​រៀល ជា​ប្រាក់​ពន្ធ លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ឆ្នាំ​២០២៤ ដែល​ខ្លួន​ត្រូវ​បង់​នោះ​ទេ បែរជា​ប្ដឹង​សមាសភាព​ទាំង ១០​រូប នៃ​ក្រុម​ទី​១ ត្រួតពិនិត្យ​ការ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​ខេត្តព្រៃវែង បន្ថែម​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត និង​ប្តឹង​លោក ឃឹម ហៀ​ង និង​បក្ខពួក​បន្ថែម ពី​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ និង​ការ​ក្លែងបន្លំ ថែម​ទៀត ក្នុង​ពេល​ដែល​លោក ឯម សុខ​សុវណ្ណ ខ្លួនឯង មិន​ព្រម​បង់ពន្ធ​តាម​ច្បាប់​កំណត់​។

៦- ការ​បោះពុម្ព​លតា​ប​ត្រ​ពន្ធ​ឆ្នាំ​២០២៤ ជា​មុន ដោយសារ​តែ​លោក ឯម សុខ​សុវណ្ណ បាន​បង់ពន្ធ​ស្មើនឹង ៧០,៨៣% នៃ​ប្រាក់​ពន្ធ ដែល​ត្រូវ​បង់ (​ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​ឆ្នាំ​២០២៣ និង​ប្រាក់​ពន្ធ​ឆ្នាំ​២០២៤) មិនមែន​មាន អ្នក​ណា​ម្នាក់​បង់ពន្ធ​ជំនួស​លោក ឯម សុខ​សុវណ្ណ នោះ​ទេ ហើយ​លតា​ប​ត្រ​នេះ ត្រូវ​បាន​មោឃភាព​វិញ ដោយសារ​លោក ឯម សុខ​សុវណ្ណ មិន​ព្រម​បង់ពន្ធ​ឱ្យ​គ្រប់​ចំនួន ។

៧- នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ លោក ឯម សុខ​សុវណ្ណ បាន​អញ្ជើញ​មក អ​.​ប​.​ព​. តាម​ការ​អញ្ជើញ​របស់​មន្ត្រី​កាន់​ករ​ណ៏ ដើម្បី​ជម្រាប​ជូន​ពី​លទ្ធផល នៃ​ការ​ស្រាវជ្រាវ​របស់ អ​.​ប​.​ព​. និង​ដើម្បី​ផ្ទៀងផ្ទាត់​លើ​ព័ត៌មាន​មួយ​ចំនួន​។ លោក ឯម សុខ​សុវណ្ណ ទទួលស្គាល់​ថា ពិតជា​មិន​បាន​បង់ប្រាក់​ពន្ធ​រថយន្ត​របស់​គាត់​ក្នុង​ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃ​ដែល​ត្រូវ​បាន​ក្រុម​ត្រួតពិនិត្យ​រក​ឃើញ ហើយ​ត្រូវ​បាន​ផាកពិន័យ​នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​លោក​បាន​បង់ប្រាក់​ពន ត្រឹមតែ ៨០០ ០០០​រៀល ពិតមែន និង​នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​កំណត់​ត្រូវ​បង់ពន្ធ​បង្កប់ គាត់​ពិតជា​បាន​បង់​ត្រឹមតែ ២០០ ០០០​រៀល ប៉ុណ្ណោះ ហើយ​រហូត​ទាល់តែ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៥ ទើបបាន​បង្ហា ៧០០ ០០០​រៀល ទៀត​។ នៅ​ពេល​ពន្យល់​អំពី​លទ្ធផល នៃ​ការ​ស្រាវជ្រាវ​របស់ អ​.​ប​.​ព​. និង​មូលហេតុ​ដែល​ប្រាក់​ពន្ធ​របស់​គាត់​មិន​ត្រូវ បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធ​លើ​មធ្យោបាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ លោក ឯម សុខ​សុវណ្ណ ពុំ​ព្រម​ទទួលយក ការ​ពន្យល់​ទេ ហើយ​នៅ​តែ​បន្ត​ចោទប្រកាន់​ថា លោក ឃឹម ហៀ​ង ប្រធាន​ការិយាល័យ​ពន្ធដារ​ស្រុក​ពាម​រក៍ ស៊ីដាច់​ប្រាក់​ពន្ធ និង​ប្រាក់​ពិន័យ​ឆ្នាំ​២០២៣ ដែល​គាត់​បាន​បង់​រួច​ហើយ ហើយ​ចំពោះ​ការយ​កល​តាប​ត្រ​ពន្ធ ប្រចាំឆ្នាំ​២០២៤ ទៅ​ប្រគល់​ឱ្យ​គាត់​នៅផ្ទះ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ត្រូវ​បាន​លោក ឯម សុខ​សុវណ្ណ ចោទ​ថា មាន​អ្នក​បង់ពន្ធ​ជំនួស​គាត់ ទោះបី​មានការ​ពន្យល់​ជូន​គាត់​អំពី​នីតិវិធី នៃ​ការ​បោះពុម្ព​លតា​ប​ត្រ​ពន្ធ និង​ករណី​មន្ត្រី​ពន្ធដារ តម្រូវ​ឱ្យ​គាត់​បង់ប្រាក់​ពន្ធ​ឆ្នាំ​២០២៤ បង្គ្រប់​ចំនួន ៧០០ ០០០​រៀល ដើម្បី​ឱ្យ​មន្ត្រី​ពន្ធដារ​អាច​ប្រគល់​លតា​ប​ត្រ​ពន្ធ​ឆ្នាំ​២០២៤ ជូន​គាត់​ក៏​ដោយ ក៏​គាត់ នៅ​តែ​ចចេស មិន​ព្រម​ទទួលយក​ការ​ពន្យល់​នេះ ។

៨- នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ លោក ឯម សុខ​សុវណ្ណ បាន​ដាក់​ពាក្យ​ប្ដឹង​គោរព​ជូន​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ចោទប្រកាន់​ថា អ​.​ប​.​ព​. មិន​មាន​ចំណាត់ការ​លើ​សំណុំរឿង ដែល​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង បញ្ជូន​មក អ​.​ប​.​ព​. ពាក់ព័ន្ធ​នឹង​ពាក្យ​ប្ដឹង​របស់​គាត់ (​ឯម សុខ​សុវណ្ណ​) ដែល​បាន​ប្ដឹង​ក្រុម​ត្រួតពិនិត្យ​ការ​ប្រកាស​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ឆ្នាំ​២០២៣ ខេត្តព្រៃវែង ខណៈ​ដែល អ​.​ប​.​ព​. បាន​អញ្ជើញ​គាត់​មក​ជម្រាប​អំពី​ដំណើរការ នៃ​ការ​ស្រាវជ្រាវ​របស់ អ​.​ប​.​ព​. ព្រមទាំង​ជម្រាប​ជូន​គាត់​អំពី​លទ្ធផល នៃ​ការ​ស្រាវជ្រាវ ករណី​នេះ​ជាបឋម​មុន​រួច​ទៅ​ហើយ ។

ជា​រួម លោក ឯម សុខ​សុវណ្ណ ក្នុង​នាម​ជា​ប្រធាន​គណបក្ស​មួយ​រូប ដែល​គួរតែ​ជា​អ្នក​ធ្វើ​គំរូ​ល្អ ក្នុង​ការ​គោរព​ច្បាប់ ការ​បំពេញ​កាតព្វកិច្ច​នានា ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ ជា​ពិសេស គឺ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក ឯម សុខ សុវណ្ណ បែរជា​មិន​បង់ពន្ធ​រថយន្ត​របស់​ខ្លួន សម្រាប់​ឆ្នាំ​២០២៣ រហូត​ទាល់តែ​ក្រុម​ត្រួតពិនិត្យ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ ដឹក​ជញ្ជូន​រក​ឃើញ ហើយ​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ស្មើនឹង​ប្រាក់ ដែល​ត្រូវ​បង់ពន្ធ (៨០០ ០០០​រៀល បូក​ប្រាក់​ពិន័យ ៨០០ ០០០ រៀល​) ក៏​លោក ឯម សុខ​សុវណ្ណ នៅ​តែ​មិន​បង់​ឱ្យ​គ្រប់​ចំនួន ហើយ​ព្យាយាម​គេចវេះ ម្ដង​ជា​ពីរ​ដង រហូត​ទាល់តែ​ត្រូវ​ដល់​ពេល​ត្រូវ​បង់ពន្ធ​ឆ្នាំ​២០២៤ ក៏​លោក ឯម សុខ​សុវណ្ណ ព្យាយាម​គេចវេះ ពុំ​ព្រម​បង់ពន្ធ​តាម​ច្បាប់​កំណត់​ថែម​ទៀត​។ ដើម្បី បិទ​បាំង​អំពើ​ល្មើស​របស់​ខ្លួន ដែល​គេចវេះ​ពុំ​ព្រម​បង់ពន្ធ​នេះ លោក ឯម សុខ​សុវណ្ណ បាន​ប្ដឹង​មន្ត្រី​ពន្ធដារ និង​អ្នក​ពាក់ព័ន្ធ ថា បាន​កិបកេង​ប្រាក់​ពន្ធ ដែល​ខ្លួន​គាត់​បាន​បង់ ខណៈ​ដែល​តាម​ពិត​លោក ឯម សុខ​សុវណ្ណ ពុំ​បាន​បង់ពន្ធ​តាម​ការ​បរិច្ឆេទ ដែល​បាន​កំណត់​នោះ​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ដែល អ​.​ប​.​ព​. បាន​ទទួល​ស៊ើបអង្កេត​ករណី​នេះ តាម​កា​រប​ញ្ជួ​ន ពី​សាលាដំបូង​ខេត្តព្រៃវែង ហើយ​រក​ឃើញ​ការ​ពិត ចំពោះ​ការ​គេចវេះ​ការ​បង់ពន្ធ​របស់​លោក ឯម សុខ​សុវណ្ណ លោក ឯម សុខ​សុវណ្ណ បាន​ប្រើ​ឧបាយកល​មួយទៀត គឺ​ប្ដឹង​ចោទប្រកាន់ អ​.​ប​.​ព​. ថា​មិន​មាន​ចំណាត់ការ​លើ​សំណុំរឿង​របស់​ខ្លួន ដែល​ត្រូវ​បាន​បញ្ជូន​ពី​សាលាដំបូង​ខេត្តព្រៃវែង ខណៈ​ដែល អ​.​ប​.​ព​. បាន​ជម្រាប​ជូន​រូប​គាត់​រួច​ហើយ អំពី​ការ​ស៊ើបអង្កេត និង​លទ្ធផល​ដែល អ​.​ប​.​ព​. រក​ឃើញ​។ ការ​ប្តឹង​របស់​លោក ឯម សុខ​សុវណ្ណ ដែល​មិន​មាន​មូលដ្ឋាន មិនមែន​ជា​ការ​ពិត គឺជា​ការ​ប្តឹង ដែល​បាន​នាំ​ឱ្យ​សាលាដំបូង​ខេត្តព្រៃវែង និង អ​.​ប​.​ព​. ធ្វើការ​ស្រាវជ្រាវ​ដោយ​អសារ​ឥត​ការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ