ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ ក្រោយ​លោក ត្រាំ ប្រកាស​បេសកកម្ម​បើក​ច្រក​ហ័​រ​មូស​សង្គ្រោះ​កប៉ាល់​ជាប់​គាំង

54 វិនាទី មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​បន្តិច នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៦ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald…

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​បន្តិច នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៦ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​បេសកកម្ម​បើក​ចក្រ​សមុទ្រ​ហ័​រ​មូស (Hormuz) ជួយ​សង្គ្រោះ​បណ្តា​កប៉ាល់​ដឹក​ជញ្ជូន​ដែល​កំពុង​ជាប់​គាំង​នៅ​ទីនោះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ភាព​មិន​ច្បាស់លាស់​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់ នៅ​តែ​ធ្វើ​ឱ្យ​តម្លៃ​មិន​អាច​ធ្លាក់​ចុះ​ក្រោម​ពី ១០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​បាន​ឡើយ​។ នេះ​បើ​តាម​ប្រភព​ពី Reuters, CNBC និង Aljazeera បាន​ចេញផ្សាយ​។

តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent ដែល​ជា​ស្តង់ដា​ពិភពលោក​បាន​ធ្លាក់​ចុះ ៦ សេន ឬ ០,១% មក​នៅ​ត្រឹម ១០៨,១១​ដុល្លារ​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង​១១​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​)​។ ចំណែក​ប្រេង​ឆៅ​ស្តង់ដា​សហរ​ដ្ខ​អា​មេ​រិ​ក West Texas Intermediate (WTI) មាន​តម្លៃ ១០១,៥០ ដុល្លារ​ក្នុង​១​បារ៉ែល ពោល​ធ្លាក់​ចុះ ៤៤ សេន ឬ ០,៤%​។

លោក​ប្រធានាធិបតី ត្រាំ កាលពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៦ បាន​ប្រកាស​ពី​បេសកកម្ម​ជើង​ទឹក​ថ្មី​មួយ​មានឈ្មោះ​ថា «Project Freedom» ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៦ ដើម្បី​ជួយ​សង្គ្រោះ​បណ្តា​កប៉ាល់ និង​នាវិក​ប្រហែល ២ ម៉ឺន​នាក់ ដែល​កំពុង​ជាប់​គាំង​នៅ​ក្នុង​ច្រក​សមុទ្រ​ហ័​រ​មូស ឱ្យ​ចាកចេញ​ដោយ​សុវត្ថិភាព​។

បញ្ជាការ​កណ្តាល​សហរដ្ឋអាមេរិក (CENTCOM) ក្រោយមក​ក៏​បាន​ប្រកាស​ថា នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ យន្តហោះ​ចម្បាំង​នៅ​មូលដ្ឋាន​ដីគោក និង​ទាំង​នៅ​លើ​នាវា​ដឹក​ជញ្ជូន​ច្រើន​ជាង ១០០​គ្រឿង ប្រព័ន្ធ​ដ្រូ​ន​ចម្រុះ​ដែន និង​បុគ្គលិក​យោធា​ចំនួន ១ ៥០០០ នាក់ នឹង​ចូលរួម​ក្នុង​ការ​គាំទ្រ​បេសកកម្ម​នេះ​។

បើ​ទោះបីជា​មានការ​ប្រកាស ដើម្បី​សម្រាល​សម្ពាធ​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​យ៉ាងណា​ក្តី ប៉ុន្តែ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​នៅ​តែ​ខ្ពស់​ជាង ១០០ ដុល្លារ​ក្នុង​១​បារ៉ែល ដោយសារ​តែ​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​កើតឡើង ហើយ​ការ​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ​មួយ​នេះ នៅ​តែ​ត្រូវ​បាន​រឹតត្បិត​។

ការ​ចរចា​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ នៅ​តែ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​គាំង បើ​ទោះជា​មានការ​ផ្លាស់​ប្តូរ​សំណើ​ថ្មី​ៗ​ក៏​ដោយ​។ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ អ៊ី​រ៉​ង់​បាន​ដាក់​ចេញ​សំណើ ១៤ ចំណុច ដើម្បី​បញ្ចប់សង្គ្រាម ប៉ុន្តែ​លោក ត្រាំ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត ដោយ​បាន​លើក​ឡើង​ថា សំណើ​មិន​អាច​ទទួលយក​បាន ព្រោះ​លោក​ចង់បាន​ការ​ធានា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ី​រ៉​ង់​ជា​អាទិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ