រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា អាជីវកររាល់ការទិញ-លក់ ទុរេនត្រូវមានវិក័យបត្រត្រឹមត្រូវ និងប្រភពច្បាស់លាស់ ព្រមទាំងបានយកសំណាកគំរូបញ្ជូនទៅមន្ទីរពិសោធន៍ ។
យោងតាមសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការនាំចូលទុរេនពីប្រទេសថៃរបស់សាខា ក.ប.ប ខេត្តបាត់ដំបងបានលើកឡើងថា មន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបង និងសាខាក.ប.ប.នៅថ្ងៃទី០៣ ខែឧ សភា ឆ្នាំ២០២៦ ថា កាលពីថ្មីៗនេះ មានការបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម (Facebook, Telegram) ដែលបានលើកឡើងថា មានការនាំចូលទុរេនពីប្រទេសថៃ ចូលមកលក់នៅផ្សារភូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីបានទទួលព័ត៌មាននេះសាខាក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចុះត្រួតពិនិត្យជាក់ស្តែង នាវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ និងព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក នៅទីតាំងអាជីវករលក់ទុរេនចំនួន៨ទីតាំង បានសាកសួរពីប្រភពទុរេនដែលនាំចូលមកលក់នៅផ្សារភូពុយ គឺមានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ផ្សារនាគមាស ផ្សារដើមគរថ្មី រាជធានីភ្នំពេញ និងបានបញ្ជាទិញទុរេនតាមរយៈទូរស័ព្ទប្រព័ន្ធទំនាក់ទំនងសង្គម (Facebook, Telegram) ដោយពុំមានវិក័យបត្រទិញ-លក់ ហើយក៏អត់មានទិញពីឈ្មួញ ឬអ្នកនាំចូលទុរេនពីថៃនោះទេ ។
ប្រភពបានអះអាងថា មន្ត្រីយើងបានឃ្លេចសួរដោយថែមទាំងជំរុញសតិអារម្មណ៍ ស្មារតីស្រលាញ់ជាតិទៀតផង ។ មន្ត្រីជំនាញសាខាក.ប.ប.ខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជីវកររាល់ការទិញ-លក់ ត្រូវមានវិក័យបត្រត្រឹមត្រូវ និងប្រភពច្បាស់លាស់ ព្រមទាំងបានយកសំណាកគំរូបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានក.ប.ប. ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់៕
ចែករំលែកព័តមាននេះ