ទីក្រុងឡុង៖ នារី២នាក់បានទទួលមរណភាពនៅពេលពួកគេព្យាយាមឆ្លងកាត់ដៃសមុទ្រអង់គ្លេស (English Channel) ដោយជិះកូនទូកតូចមួយ។ នៅពេលកំពុងធ្វើដំណើរនៅលើទូកនោះសុខៗ ទូកស្រាប់តែកឿងនៅមួយកន្លែងនៅលើឆ្នេរខ្សាច់នៃដែនសមុទ្រប្រទេសបារាំងភាគខាងជើង ដែលជាហេតុធ្វើឱ្យពួកគេទ្រឹងនៅមួយកន្លែង ចង់ទៅមុខក៏មិនរួច ថយក្រោយក៏មិនរួច។ មន្ត្រីថ្នាក់មូលដ្ឋានម្នាក់ប្រាប់ថាទូកនោះដឹកមនុស្សសរុប៨២នាក់។

ក្រៅពីនារីដែលបានស្លាប់ទាំង២នាក់នោះ អ្នកដំណើរបីនាក់ទៀតរងរបួសធ្ងន់ធ្ងរ។ នារីដែលស្លាប់មានអាយុខ្ទង់២០ឆ្នាំប្លាយធ្វើដំណើរមកពីស៊ូដង់។ ស្ត្រីទាំង២ត្រូវគេប្រទះឃើញស្លាប់នៅក្នុងទូក។ មន្ត្រីរូបនោះប្រាប់ថាទូកចាកចេញដំណើរនៅពេលយប់ឆ្លងចូលព្រឹកថ្ងៃអាទិត្យនេះ។ ពួកគេចេញពីឆ្នេរខ្សាច់អាដឺឡូ (Hardelot)។ កំពុងបើកនៅលើផ្ទៃទឹកសុខៗ ទូកនេះស្រាប់មានបញ្ហាម៉ាស៊ីនគាំងលែងដំណើរការ។ ដូច្នេះ ទូកចេះតែរសាត់អណ្ដែតឥតទិសដៅនៅលើផ្ទៃសមុទ្រ។

អ្នកដំណើរ១៧នាក់ត្រូវគេជួយសង្គ្រោះឱ្យរួចផុតពីគ្រោះថ្នាក់ និងដឹកទៅកំពង់ផែមួយកន្លែង។ ទូកនោះបានរសាត់អណ្ដែតទៅទើរនៅលើឆ្នេរខ្សាច់ដោយមានមនុស្ស៦៥នាក់នៅក្នុងទូកនោះ។ សូមរំលឹកថាកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន អ្នកចំណាកស្រុកជាងមួយរយនាក់ត្រូវបានជួយសង្គ្រោះនៅពេលពួកគេធ្វើដំណើរផ្សងព្រេងនៅដៃសមុទ្រអង់គ្លេស។ អ្នកចំណាកស្រុក១០៦នាក់ត្រូវក្រុមល្បាតរបស់បារាំងជួយសង្គ្រោះបន្ទាប់ពីទូកដែលពួកគេជិះបានខូច។

ពួកគេត្រូវបានផ្ទេរទៅនាវាជួយសង្គ្រោះមួយទៀត មុននឹងដឹកទៅតំបន់ខាឡេ (Calais)។ នេះបើយោងតាមអាជ្ញាធរបារាំង។ នៅក្នុងចំណោមនោះ ម្នាក់ជាស្ត្រីសន្លប់បាត់មាត់បាត់ក ហើយត្រូវគេដឹកតាមឧទ្ធម្ភាគចក្រដើម្បីសង្គ្រោះបន្ទាន់។ ឧបទ្ទវហេតុកាលពីមួយសប្ដាហ៍មុននោះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំជាមួយប្រទេសបារាំងដើម្បីគាំទ្រការល្បាតដែនសមុទ្រ និងចាត់ការអ្នកដែលធ្វើដំណើរឆ្លងដៃសមុទ្រទាំងខុសច្បាប់។ គម្រោងនេះចំណាយថវិកា៦៦២លានផោន៕ ប្រភព៖ Sky News និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ