ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួន ក្រោយពីទាស់ពាក្យសម្ដី រវាងភ្ញៀវខាងកូនកំលោះនិងភ្ញៀវខាងកូនក្រមុំក្លាយជាហិង្សាដោយចេតនា(វាយគ្នាទៅវិញទៅមក)មិនទាន់ដឹងមូលហេតុច្បាស់លាស់ នៅក្នុងកម្មវិធីចូលរួមជ័យមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដែលចូលរួម។
ហេតុការណ៍បង្កហិង្សារវាងភ្ញៀវខាងកូនកំលោះនិងភ្ញៀវខាងកូនក្រមុំ បានភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថា នៅមុនពេលកើតហេតុ និងឈានទៅដល់ធ្វើការឃាត់ខ្លួនមនុស្សចំនួនបីនាក់ខាងលើនោះ នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ មានកម្មវិធីចូលរោងជ័យ(ពិធីមង្គលការ)កូនរបស់ឈ្មោះ លី ហេង អាយុជាង៥០ឆ្នាំ រស់នៅក្នុងភូមិ/ឃុំខាងលើ។ លុះរហូត ដល់ម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ស្រាប់តែភាគីភ្ញៀវខាងកូនក្រមុំ និងភាគីភ្ញៀវខាងកូនកំលោះ បានទាស់ពាក្យសំដីគ្នា មិនទាន់ដឹងមូលហេតុច្បាស់លាស់ រួចហើយក៏បានវាយគ្នាទៅវិញទៅមក បង្កឱ្យមានការភ្ញាក់ផ្អើលពេញកម្មវិធីតែម្តង។
នគរបាលស្រុកសំរោងទងបានបន្តឲ្យដឹងទៀតថាក្រោយបង្កមានការភ្ញាក់ផ្អើលកម្លាំងនគរបាលក៏បានចុះទៅសួរនាំ និងបានហៅមនុស្សចំនួន០៣នាក់ មកសាកសួរ ភាគីភ្ញៀវខាងកូនក្រមុំ
ទី១-ឈ្មោះ គល់ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ (រងរបួសក្បាល) និងទី២-ឈ្មោះ ឈីន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ទាំងពីរនាក់ រស់នៅក្នុងភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(បានរងរបួសដៃ និងក្បាល)។
ភាគីភ្ញៀវខាងកូនកំលោះ ម្នាក់ឈ្មោះ យ៉ាន់ ចន្ទ្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិពោន ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង (រងរបួសខ្លួននិងក្បាល) ហៅមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួនទាំង០៣នាក់ខាងលើ នគរបាលស្រុកបានប្រគល់ជូនការិយាលយ័ជំនាញ ព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំចាត់ការបន្តតាមផ្លូវច្បាប់៕




ចែករំលែកព័តមាននេះ