ប្រទេសអេមីរ៉ាតអារ៉ាប់រួម៖ ស្ថានការណ៍នៅច្រកសមុទ្រ Hormuz បានឈានដល់ចំណុចគ្រោះថ្នាក់បំផុត បន្ទាប់ពីប្រទេសអារ៉ាប់រួម បានប្រកាសថា នាវាដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុនរដ្ឋត្រូវបានវាយប្រហារនៅក្នុងផ្លូវទឹកដ៏សំខាន់នេះ។ ទោះបីជាមិនមានមនុស្សរងរបួសក៏ដោយ ប៉ុន្តែរដ្ឋាភិបាលអារ៉ាប់រួមបានថ្កោលទោសយ៉ាងធ្ងន់ៗថា សកម្មភាពនេះគឺជា “អំពើចោរកម្ម” របស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អារ៉ាប់រួមបានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការបង្ខិតបង្ខំសេដ្ឋកិច្ច និងបើកច្រកសមុទ្រនេះឡើងវិញជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ដើម្បីរក្សាសន្តិសុខថាមពលសកល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៤ ខែឧសភានេះ។
ស្របពេលជាមួយគ្នានេះ ទីបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់បានចេញការព្រមានយ៉ាងដាច់អហង្ការថា រាល់កងកម្លាំងប្រដាប់អាវុធបរទេស ជាពិសេស “កងទ័ពឈ្លានពានរបស់សហរដ្ឋអាម៉េរិក” នឹងត្រូវរងការវាយប្រហារភ្លាមៗ ប្រសិនបើពួកគេព្យាយាមចូលមកក្នុងច្រកសមុទ្រ Hormuz។ ការគំរាមកំហែងនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសពីគម្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីរំដោះនាវាដែលជាប់គាំងនៅក្នុងច្រកសមុទ្រនេះ។ អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា សន្តិសុខនៃផ្លូវទឹកនេះស្ថិតក្រោមការគ្រប់គ្រងដាច់មុខរបស់ខ្លួន ហើយរាល់ការឆ្លងកាត់ត្រូវតែមានការសម្របសម្រួលជាមួយកងទ័ពអ៊ីរ៉ង់ជាមុនសិន។
នៅក្នុងភាពតានតឹងដែលមិនធ្លាប់មាននេះ អង្គការសហប្រជាជាតិបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីមហន្តរាយសេដ្ឋកិច្ចពិភពលោក និងវិបត្តិអត់ឃ្លាន ប្រសិនបើច្រកសមុទ្រ Hormuz នៅតែបន្តបិទខ្ទប់រហូតដល់ដាច់ឆ្នាំ ២០២៦។ ទោះបីជាមានការខិតខំប្រឹងប្រែងផ្នែកការទូតពីសំណាក់រុស្ស៊ីដែលបានជួបពិភាក្សាជាមួយអ៊ីរ៉ង់លើសេរីភាពនាវាចរណ៍ក៏ដោយ ក៏ស្ថានការណ៍ជាក់ស្តែងហាក់កាន់តែអាក្រក់ទៅៗ។ ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអឺរ៉ុបក៏កំពុងប្រេះឆាផងដែរ ដោយសារការខ្វែងគំនិតគ្នាលើការដោះស្រាយសង្គ្រាមអ៊ីរ៉ង់នេះ ដែលឈានទៅដល់ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដកទ័ព ៥,០០០ នាក់ចេញពីអាល្លឺម៉ង់ជាការសងសឹក៕
ចែករំលែកព័តមាននេះ