រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានផ្តល់សៀវភៅជាភាសាខ្មែរ កម្រិតបឋមសិក្សា ដល់មជ្ឈមណ្ឌលគាំពារជនបរទេស តំបន់ហ៊ុងសុង ខេត្តឈុងឆុងណាំដូ ប្រទេសកូរ៉េ ។
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្តម ឃួន រតនៈ បានឧបត្ថម្ភសៀវភៅសិក្សាជាភាសាខ្មែរ ថ្នាក់បឋមសិក្សា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ដែលក្នុងមួយកម្រិត មានបួនក្បាល សិក្សាលើមុខវិជ្ជា រួមមាន មុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គម និងវិទ្យាសាស្ត្រ ជូនដល់មជ្ឈមណ្ឌលគាំពារជនបរទេស តំបន់ហ៊ុងសុង ខេត្តឈុងឆុងណាំដូ ប្រទេសកូរ៉េ តាមរយៈអ្នកគ្រូ អាំង ណារី បុគ្គលិកបកប្រែ និងជាគ្រូបង្រៀនភាសាខ្មែរ ដល់កូនកាត់ខ្មែរ-កូរ៉េ ដែលកំពុងរស់នៅក្នុងតំបន់ហ៊ុងសុង ។
ឯករាជទូត បានលើកឡើងថា ការប្រគល់សៀវភៅសិក្សាជាភាសាខ្មែរនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់មជ្ឈមណ្ឌល ដែលចង់បង្រៀនភាសាខ្មែរ ដល់កូនកាត់ខ្មែរ-កូរ៉េ ដើម្បីឱ្យពួកគេបានស្គាល់ ចេះនិយាយ និងចេះសរសេរអក្សរខ្មែរ ៕



ចែករំលែកព័តមាននេះ