ទីក្រុងប៉េកាំង ៖ ប្រទេសចិនសម្រេចលុបចោលពន្ធគយសម្រាប់ប្រទេសនៅអាហ្វ្រិកទាំងអស់ លើកលែងតែប្រទេសអ៊ីស្វាទីនី (Eswatini) តែមួយគត់ ដោយសារនៅរក្សាទំនាក់ទំនងជាមួយកោះតៃវ៉ាន់។ នេះបើតាមប្រភពពី BBC, Nikkei ,HKTDC និងប្រភពផ្សេងទៀតបានចេញផ្សាយ។
ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ប្រទេសចិនបានចាប់ផ្តើមអនុវត្តការលុបចោលពន្ធនាំចូលទាំងស្រុង (Zero-Tariff) លើទំនិញទាំងអស់ដែលនាំចូលពីប្រទេសទ្វីបអាហ្វ្រិកចំនួន ៥៣ ក្នុងចំណោម ៥៤ ប្រទេស ខណៈដែលអ៊ីស្វាទីនី ក្លាយជាប្រទេសអាហ្វ្រិកតែមួយគត់ ដែលមិនទទួលបានការលើកលែងពន្ធដ៏សំខាន់នេះ។ ស្របពេលប្រទេសនៅភាគខាងត្បូងមួយនេះ ក៏ជាប្រទេសអាហ្វ្រិកតែមួយគត់ដែលនៅតែរក្សាទំនាក់ទំនងការទូតជាមួយកោះតែវ៉ាន់ ដ្បិតទីក្រុងប៉េកាំងផ្តល់ការលើកលែងនេះ សម្រាប់តែប្រទេសណាមានទំនាក់ទំនងការទូតផ្លូវការជាមួយខ្លួនប៉ុណ្ណោះ។
ដើមឡើយ ប្រទេសចិនបានផ្តល់ការមិនយកពន្ធនេះ សម្រាប់តែប្រទេសក្រីក្របំផុតចំនួន ៣៣ នៅអាហ្វ្រិកប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះបានពង្រីកដល់ប្រទេសមានសេដ្ឋកិច្ចធំៗដូចជា អាហ្វ្រិកខាងត្បូង នីហ្សេរីយ៉ា កេនយ៉ា អេហ្ស៊ីប និងម៉ារ៉ុក ជាដើម។
មហាយក្សនៅអាស៊ីមួយនេះមានបំណងបង្កើនការនាំចូលផលិតផលកសិកម្ម ធនធានរ៉ែ និងទំនិញកែច្នៃពីអាហ្វ្រិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មដែលអាហ្វ្រិកមានចំពោះចិន និងដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ Global South ឬ សកលលោកខាងត្បូង សំដៅលើក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសមានសេដ្ឋកិច្ចងើបឡើងថ្មី ដែលភាគច្រើនស្ថិតនៅទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងអូសេអានី។
គោលនយោបាយថ្មីនេះ នឹងមានសុពលភាពដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៨ ហើយតាមរយៈការផ្លាស់ប្តូរនេះ ចិនបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំដំបូងគេ ដែលផ្តល់ការអនុគ្រោះពន្ធសូន្យដល់ទ្វីបអាហ្វ្រិក។ ផ្ទុយពីសហរដ្ឋអាមេរិកបានដាក់ប្រទេសអាហ្វ្រិកមួយចំនួនជាមួយពន្ធគយរហូតដល់ ៣០% កាលពីខែសីហា ឆ្នាំ២០២៥ មុនពេលទម្លាក់មកនៅត្រឹម ១០% បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានលុបចោលពន្ធគយជាច្រើន។
កាលពីឆ្នាំមុន ឱនភាពពាណិជ្ជកម្មរបស់បណ្តាប្រទេសអាហ្វ្រិកជាមួយចិនបានកើនឡើង ៦៥% ដល់ប្រហែល ១០២ ពាន់លានដុល្លារអាមេរិក។ ការនាំចេញទៅកាន់ប្រទេសចិនត្រូវបានគ្របដណ្ដប់ដោយធនធានរ៉ែ និងវត្ថុធាតុដើម ដូចជាប្រេងឆៅ និងរ៉ែលោហធាតុ។ បច្ចុប្បន្ននេះ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិននៅក្នុងតំបន់រួមមាន ប្រទេសអង់ហ្គោឡា ដែលជំរុញជាចម្បងដោយប្រេង រួមទាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ៕

ចែករំលែកព័តមាននេះ