ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តុរ…ពីសត្វចង្រៃ មកជាសត្វដែលមាន​ហាងឆេង

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជា​ធម្មតា​សត្វ​កណ្ដុរ​គឺជា​សត្វ​ចង្រៃ ដែល​តែងតែ​កាត់​បំផ្លាញ​ទ្រព្យសម្បត្តិ ពិសេស​គឺ​ដំណាំ​ស្រូវប្រាំង​និង​ស្រូវ​វស្សា ប៉ុន្តែ​សត្វ​ចង្រៃ​មួយ​ប្រភេទ​នេះ បែរជា​មាន​ប្រយោជន៍ ដល់​កសិករ​នៅ​ក្នុងស្រុក​ជល​គី​រី​ទៅ​វិញ ដោយពួក​គាត់​ចាប់​ទាំង​រស់​ទុក​លក់ ក្លាយជា​មុខរបរ​ប្រចាំ​ថ្ងៃ…

ខេត្តកំពង់ឆ្នាំង ៖ ជា​ធម្មតា​សត្វ​កណ្ដុរ​គឺជា​សត្វ​ចង្រៃ ដែល​តែងតែ​កាត់​បំផ្លាញ​ទ្រព្យសម្បត្តិ ពិសេស​គឺ​ដំណាំ​ស្រូវប្រាំង​និង​ស្រូវ​វស្សា ប៉ុន្តែ​សត្វ​ចង្រៃ​មួយ​ប្រភេទ​នេះ បែរជា​មាន​ប្រយោជន៍ ដល់​កសិករ​នៅ​ក្នុងស្រុក​ជល​គី​រី​ទៅ​វិញ ដោយពួក​គាត់​ចាប់​ទាំង​រស់​ទុក​លក់ ក្លាយជា​មុខរបរ​ប្រចាំ​ថ្ងៃ បង្កើន​ចំណូល​ជីវភាព​គ្រួសារ ដែល​តាម​ការប្រមាណក្នុង​មួយ​ស្រុក​ជល​គ​រី​ ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​កណ្តុរ​បាន​ប្រមាណ​១​តោន​ក្នុង​មួយ​ថ្ងៃ ។

កសិករ​ឈ្មោះ លាស់ យ៉ា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី​ដ​ង្កួ​ច ឃុំ​ជលសារ ស្រុក​ជល​គី​រី បាន​និយាយ​ថា ក្រៅពី​ការងារ​ស្រែ​ចម្ការ និង​នេសាទ ប្រជា​កសិករ​ក្នុងស្រុក​ជល​គី​រី មួយ​ភាគ​ធំ​បាន​ឆ្លៀត​បង្កើត​មុខរបរ​មួយ​ផ្សេង​ទៀត គឺ​ចាប់​កណ្ដុរ​នៅ​ពេល​យប់ ។

សម្រាប់​គាត់​បាន​ប្រកប​មុខរបរ​មួយ​នេះ រយៈពេល​ជាង​៣​ឆ្នាំ​ហើយ ដោយ​រក​ចំណូល​បាន​ពី​៤​ទៅ​៥​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ និង​អាច​ច្រើន​ជាង​នេះ​នៅ​ពេល​ទឹកទន្លេ​ឡើង​ខ្ពស់ ។ ពេល​ចាប់​បាន​គឺ​លក់​ឱ្យ​ឈ្មួញ ដែល​ដើរ​ទិញ​តាម​ផ្ទះ ដោយ​កណ្តុរ​រស់ ក្នុង​១​គីឡូក្រាម តម្លៃ​១​ម៉ឺន​រៀល ហើយ​ក្នុង​មួយ​ថ្ងៃ​គាត់​ចាប់​បាន​ពី​៤​ទៅ​៥​គីឡូក្រាម ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ធនធាន​គ្រាន់​ជាង​គាត់ ទិញ​អង្គប់​ចាប់​កណ្តុរ​ច្រើន​ក៏​ចាប់​បាន​ច្រើន​ជាង​គាត់​ដែរ គឺ​មាន​ប៉ុន្មាន​ក៏​អត់​សល់​ដែរ ។

បុរស​រូប​នោះ ​បាន​បន្ត​ថា​៖ អ្នកស្រុក​ព្រៃ​គ្រី​ភាគច្រើន​ណាស់ បាន​បង្កើត​មុខរបរ​ចាប់​កណ្ដុរ​ដូច​គាត់​ដែរ ដោយ​ធ្វើ​អង្គប់​ឬ​ទិញ​ពី​ផ្សារ​នូវ​អង្គប់​ចាប់​សត្វ​កណ្តុរ យក​ទាំង​រស់ បើ​ងាប់​ឈ្មួញ​មិន​ទិញ​ទេ ។ សម្រាប់​គាត់ គឺ​គាត់​បាន​ទិញ​អង្គប់​ពី​គេ​ដែរ ដោយ​អង្គប់​ខ្លះ​ចាប់​បាន​តែ​កណ្តុរ​១​ទេ តែ​អង្គប់​ខ្លះ​ទៀត​ចូល​ហើយ​ចេញ​វិញ​មិន​រួច អាច​ចាប់​បាន​៤​ទៅ​៥​ក្បាល ។

ការ​ដាក់​អង្គប់​ចាប់​កណ្តុរ នៅ​ពេល​យប់​ដូច​យើង​ដាក់​មង​ចាប់​ត្រី​ដែរ ដោយ​ក្នុង​១​យប់ យើង​ត្រូវ​ដើរ​មើល និង​ដោះ​កណ្តុរ​ចេញពី​អង្គប់​យក​ដាក់​ក្នុង​ទ្រុង​ជា​ច្រើន​សា ព្រោះតែ​អង្គប់​ចាប់​កណ្តុរ​ភាគច្រើន​ចូល​បាន​តែ​១​ទេ ។ ហេតុនេះ​ហើយ​ទើប​យើង​ត្រូវ​ដើរ​មើល​និង​ដោះ​ជា​ប្រចាំ ។ តាម​ការប្រមាណ​អ្នកស្រុក​ព្រៃ​គ្រី ចាប់​កណ្តុរ​លក់​ឱ្យ​ឈ្មួញ ក្នុង​១​យប់​អាច​ពី​៨​រយ​គីឡូក្រាម​ទៅ​១​តោន​ដែរ ព្រោះ​អ្នក​ចាប់​កណ្តុរ​មាន​ច្រើន​គ្នា​ណាស់ ចំណែក​ឈ្មួញ​ក៏​ចុះ​មក​ទិញ​ច្រើន​នាក់​ដែរ គឺ​គ្រប់កន្លែង​អ្នក​ដែល​រស់នៅ​តាម​ដង​ទន្លេ ។

ដោយឡែក​ ឈ្មួញកណ្ដាល​ដែល​ជិះ​ម៉ូតូ​ដាក់​ទ្រុង មក​ទិញ​កណ្ដុរ​តាម​ផ្ទះ​តាម​ភូមិ​ក៏​បាន​និយាយ​ដែរ​ថា ក្នុង​ឈ្មួញ​ម្នាក់​អាច​ទិញ​បាន​ជាង​១០០​គីឡូក្រាម​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ និង​ឈ្មួញ​ទិញ​បន្ត​យក​ទៅ​ប្រទេស​វៀតណាម​ទៀត ដែល​តាម​ការ​ផ្ដល់​ព័ត៌មាន ថា សត្វ​កណ្តុរ​ទាំងនេះ​ត្រូវ​បាន​យក​ទៅ​ធ្វើ​ម្ហូប​តាម​ហាង​នៅ​ប្រទេស​វៀតណាម ដោយ​គេ​និយម​ចូល​ចិត្ត​បរិភោគ​បំផុត ។

គួរ​កត់​សម្គាល់ថា មិនមែន​មាន​តែ​អ្នកស្រុក​ជល​គី​រី​ទេ​ដែល​មានមុខរ​បរចាប់​កណ្តុរ​គឺ​មានស្រុក​រលាប្អៀរ ស្រុក​កំពង់លែង និង​កំពង់ត្រឡាច ដែល​មាន​ភូមិសាស្ត្រ​ជាប់​ដង​ទន្លេ ក៏​មានមុខរ​បរចាប់​កណ្ដុរ​លក់​ដូច​គ្នា​នេះ​ដែរ ដោយ​ឈ្មួញ​ជា​អ្នក​មក​ប្រមូល​ទិញ​ដល់​ៗ​ផ្ទះ​តែ​ម្តង​អត់​ពិបាក​រក​ម៉ូយ​ទេ ។ កណ្តុរ​រស់​ទោះ​មាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ ទីផ្សារ​ធំ​សម្រាប់​សត្វ​កណ្តុរ គឺ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ដែល​មាន​ឈ្មួញ​ចាំ​ទទួល​ទិញ​នៅ​ព្រំដែន​ស្រុក​កោះធំ ស្រុក​ស្អាង ខេត្តកណ្តាល ។

នៅ​ប្រទេស​វៀតណាម មាន​ភោជនីយដ្ឋាន​ច្រើន​ណាស់ និយម​ធ្វើ​ម្ហូប​កណ្តុរ ហៅ​កណ្តុរ​បំពង​ឬ​កណ្តុរ​រ៉ូ​តទី​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​ពេញ​និយម​ទទួលទាន ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ