ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMA ជំរុញ​សមាជិក​ប្រុង​ប្រយ័ត្ន​និង​រឹត​បន្តឹង​​ផ្ដល់​ឥណទាន ខណៈ​ទំហំ​ឥណទាន​កំពុងឡើង​ខ្ពស់​ពេក

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ទំហំ​ឥណទាន​ក្នុង​វិស័យ​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​លើស​ពី​ផលិតផល​ក្នុងស្រុក​សរុប​ពោល​គឺ កើនឡើង​ខ្ពស់​នោះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ហៅ​កាត់​ថា (CMA) បាន​ជំរុញ​អោយ​សមាជិក​របស់​ខ្លួន ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម ចំពោះ​ការ​ផ្ដល់​ឥណទាន​ទៅ​កាន់​អតិថិជន…

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ទំហំ​ឥណទាន​ក្នុង​វិស័យ​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​លើស​ពី​ផលិតផល​ក្នុងស្រុក​សរុប​ពោល​គឺ កើនឡើង​ខ្ពស់​នោះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ហៅ​កាត់​ថា (CMA) បាន​ជំរុញ​អោយ​សមាជិក​របស់​ខ្លួន ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម ចំពោះ​ការ​ផ្ដល់​ឥណទាន​ទៅ​កាន់​អតិថិជន និង​ត្រូវ​រឹតត្បិត​បន្ថែម​ទៀត​មុន​នឹង​សម្រេចចិត្ត​ផ្ដល់​ឥណទាន​ទៅ​កាន់​អតិថិជន​របស់​ខ្លួន ។

​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​គោលការណ៍​ណែនាំ​ប្រាក់​កម្ចី​កាលពី​ព្រឹក​ថ្ងៃ​ទី ១៥ កក្កដា ២០១៩ លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​កើនឡើង​នៃ កម្ចី​ធៀប​នឹង​GDP​កាន់តែ​ខ្ពស់​ក៏​ជា​បញ្ហា​មួយ​ដែរ សម្រាប់​ការ​ផ្ដល់​ឥណទាន​ទៅ​កាន់​អតិថិជន ដូច្នេះ​ហើយ​ទើប​សមាគម​មីក្រូហិរញ្ញវត្ថុ និង​សមាគម​ធនាគារ​កម្ពុជា ជួប​ជជែក​ពិភាក្សា​ពី​គោលការណ៍​ប្រាក់​កម្ចី ធ្វើ​យ៉ាងណា ត្រូវ​ទប់ស្កាត់​ហានិភ័យ​ពី​កំណើន​ប្រាក់​កម្ចី នៅ​កម្ពុជា ។

​លោក គា បូរាណ បាន​បន្ត​ថា «​តាម​គោលការណ៍​ច្បាប់​មនុស្ស​ម្នាក់​អាច​ខ្ចីប្រាក់​ពី​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​ច្រើន​ស្ថាប័ន​បាន តែ​ត្រូវ​សិក្សា​ពី​ចំណូល​របស់​ពួក​គាត់ ថា​តើ​អាច​មាន​លទ្ធភាព ក្នុង​ការ​បង់​សង​ត្រលប់​មក​កាន់​គ្រឹះស្ថាន​ទាំងនោះ​វិញ​បាន​ដែរ​ឬទេ​។ បើ​ពុំ​មាន​លទ្ធភាព​បង់ហើយ​ចេះ​តែ​ខ្ចី​កាន់តែ​ច្រើន វា​អាច​នឹង​ធ្វើ​អោយ​បំណុល​កាន់តែ​ច្រើន​» ។ លោក​បាន​បន្ត​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​កម្ចី​ទៅ​កាន់​អតិថិជន មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​គិតគូរ និង​បាន​អនុវត្តន៍​យូរ​មក​ហើយ​ដែរ ព្រមទាំង​បាន​ដាស់តឿន​ដល់​សមាជិក​អោយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម ក្នុង​ពេល​ដែល​កម្ចី​ឥណទាន​កាន់តែ​ច្រើន​ឡើង តែ​យ៉ាងណា​ក៏​ដោយ ក្នុង​ចំណោម​ទំហំ​ឥណទាន​ទាំង​ជាង​២៧​ពាន់​លាន​ដុល្លារ​នោះ​ភាគច្រើន​គឺ​ខ្ចី​ពី​ស្ថាប័ន​ធនាគារ ដោយឡែក​សម្រាប់​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ រហូត​មក​ដល់​ពេល​នេះ​មាន​ទំហំ​ឥណទាន​សរុប​ប្រមាណ​តែ​ជាង​៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​កម្ចី​គឺជា​កាំបិត​មុខ​ពីរ ដូច្នេះ​បើសិនជា​អតិថិជន​យក​កម្ចី​នោះ​ទៅ​ប្រើប្រាស់​មិន​បាន​ត្រឹមត្រូវ មិន​ចំ​គោលដៅ វា​នឹង​ជះ​ឥទ្ធិពល​ដល់​អ្នក​ដែល​ឱ្យ​ខ្ចី​នោះ​ដែរ ហើយនឹង​ធ្វើ​ឱ្យ​ឥណទាន​អាក្រក់​កើនឡើង​កាន់តែ​ខ្លាំង មាន​ន័យ​ថា​បំណុល​វណ្ឌ​ក ។ ប៉ុន្តែ​បើសិនជា​អតិថិជន​យក​កម្ចី​នោះ​ទៅ​ប្រើប្រាស់​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ វា​នឹង​ធ្វើ​អោយ​មាន​ភាព​រីក​ចម្រើន​ដល់​អ្នក​ឱ្យ​ខ្ចី​ដែរ គឺ​មាន​ន័យ​ថា រីក​ចម្រើន​ទាំង​អ្នក​ខ្ចី និង​អ្នក​ឱ្យ​ខ្ចី ហើយនឹង​ធ្វើ​អោយ​ប្រទេស​ជាតិ​ទាំងមូល​រីក​ចម្រើន​ផង​ដែរ ។

លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​បំណុល​វណ្ឌ​ក ដែល​កើតឡើង​ដោយសារ​តែ​ពលរដ្ឋ​ប្រើប្រាស់​កម្ចី​ឥណទាន​ច្រើន និង​ច្រើន​ស្ថាប័ន​នោះ ពេល​នេះ​ការិយាល័យ​ឥណទាន​បាន​ទទួល​សំណូមពរ​ពី​មីក្រូហិរញ្ញវត្ថុ ដើម្បី​អោយ​ការិយាល័យ​ឥណទាន​ជួយ​ឆែក​របាយការណ៍​អតិថិជន​អោយ​បាន​ត្រឹមត្រូវ ហើយ​មីក្រូហិរញ្ញវត្ថុ​សន្យា​នឹង​ផ្ញើ​របាយការណ៍​ឥណទាន​អតិថិជន​ជូន​ការិយាល័យ​ក្នុង​មួ​យស​ប្ដា​ហ៍​ម្ដង ។

លោក​បាន​មាន​ប្រសាសន៍​ថា «​ការ​ផ្ញើ​របាយការណ៍​ឥណទាន​មក​កាន់​ការិយាល័យ​ឥណទាន​កម្ពុជា បាន​ញឹកញាប់​បែប​នេះ​នឹង​ធ្វើ​អោយ​យើង​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ឆែក​របាយការណ៍​ឥណទាន​ជូន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ​ដូច​គ្នា ។ យើង​អាច​ដឹង​បាន​លឿន​ថា​អតិថិជន​រូប​ណា​ប្រើប្រាស់​ឥណទាន​នៅ​ស្ថាប័ន​ណាខ្លះ ទំហំ​ប៉ុណ្ណា ហើយ​អាច​ទទួល​បាន​ឥណទាន​បន្ថែម​ទៀត​ទេ និង​អាច​ទទួល​បាន​ទំហំ​ប៉ុន្មាន ។​ធ្វើ​បែប​នេះ នឹង​អាច​កាត់​បន្ថយ​នូវ​បំណុល​វណ្ឌ​កបាន​កាន់តែ​ច្រើន​» ។ លោក​បាន​បន្ថែម​ថា ការ​ជួបជុំ​រវាង​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ញឹកញាប់​ក៏​ជា​ដំណោះស្រាយ​ក្នុង​ការ​ឆ្ពោះទៅ​កាត់​បន្ថយ​បំណុល​ខ្ពស់​ដែរ ហើយ​ត្រូវ​បង្ហាញ និង​ណែនាំ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​គោលការណ៍​កម្ចី​ឥណទាន ។ អ្វី​ដែល​ពិសេស​នោះ គឺ​ត្រូវ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

គួរ​បញ្ជាក់​ថា លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​ត្រីមាស​ទី​១​ឆ្នាំ ២០១៩ ទំហំ​ឥណទាន​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ដល់​ជាង​២៧​ពាន់​លាន​ដុល្លារ ស្មើនឹង​១១៤​ភាគរយ​នៃ GDP ខណៈ​ទំហំ​ប្រាក់​បញ្ញើ​វិញ មាន​ប្រមាណ​២៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារពាណិជ្ជ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​មាន​ចំនួន​៤៣, ធនាគារ​ឯកទេស​ចំនួន​១៤, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​មាន​៧, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន​មាន​៧៤, គ្រឹះស្ថាន​ឥណទាន​ជនបទ​មាន​២៧៣, ក្រុម​ភតិសន្យា​ហិរញ្ញវត្ថុ​មាន​១៥ ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យូ​រ៉ូ ខេ​ម​បូ​ឌា​មាន​១ ក្រុមហ៊ុន​សវន​កម្ម​មាន​១០ និង គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់​១៤ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ