ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAMSOC ៖ ស្វែងរក​គន្លឹះ​ល្អ​ៗ​សម្រាប់​ឆ្ពោះទៅ​ស៊ីហ្គេ​ម​ឆ្នាំ​2023

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ គណៈកម្មការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម ​(CAMSOC)​ កាលពី​ព្រឹក ថ្ងៃ​ទី​១៥ កក្កដា នៅ​វិមាន​មិត្ត​ភាព បាន​បើកកិច្ចប្រជុំ​លើក​ទី​៣​របស់​ខ្លួន ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់…

រាជធានី​ភ្នំពេញ​ ៖​ គណៈកម្មការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម ​(CAMSOC)​ កាលពី​ព្រឹក ថ្ងៃ​ទី​១៥ កក្កដា នៅ​វិមាន​មិត្ត​ភាព បាន​បើកកិច្ចប្រជុំ​លើក​ទី​៣​របស់​ខ្លួន ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម ដើម្បី​ស្វែងរក​គន្លឹះ​ល្អ​ៗ
សម្រាប់​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

កិច្ចប្រជុំ​នេះ គណៈកម្មការ​ជាតិ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ធ្វើ​ឡើង​រយៈពេល​៣​ខែ​ម្ដង ធ្វើ​យ៉ាងណា​ជំរុញ​ដល់​ផែនការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឱ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ ។ ជា​ពិសេស​លេខាធិការដ្ឋាន​ដែល​មាន​ការិយាល័យ​ទំនាក់ទំនង​ការងារ​រដ្ឋបាល​កីឡា​ស៊ី​ហ្គេ​ម​ត្រូវ​ចាប់ផ្ដើម​ដំណើរការ​ពី​ពេល​នេះ​ទៅ ។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ផ្ដល់​អនុសាសន៍​ណែនាំ​ជា​ច្រើន ជា​ពិសេស​សម្ដេច​បាន​ជំរុញ​ឱ្យ​បើក​ដំណើរការ​ការិយាល័យ​លេខាធិការដ្ឋាន​ដែល​ជា​ច្រក​ចេញចូល​តែ​មួយ​នៃ​ការងារ​រដ្ឋបាល ហើយ​ចំពោះ​គណៈ កម្ម​ការ​ជំនាញ​ទាំង​១៥​ដែល​មាន​ការិយាល័យ របស់​ខ្លួន​នៅ​ក្នុង​អគារ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ការងារ​របស់​ខ្លួន​ចាប់​ពី​ពេល​នេះ​ទៅ​ដែរ ដើម្បី​បង្ហាញ​នូវ​យន្តការ​ដំណើរការ​និង​ប្រសិទ្ធភាព​ការងារ​គណៈកម្មការ​ជាតិ​ស៊ី​ហ្គេ​ម​របស់​យើង​។

សម្ដេច​បាន​សង្កត់ធ្ងន់​ដោយ​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍ​ជំនាញ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដូច​ជា​ការ​បញ្ជូន​កីឡាករ​ឱ្យទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស ជា​ពិសេស​ត្រូវ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ពិនិត្យ​មើល​កីឡាករ កីឡាការិនី​ដែល​មាន​ទេព​កោសល្យ មាន​ឆន្ទៈ​ប្រកួត​ពិត​ក្នុង​ការ​ទៅ​ហ្វឹក​ហាត់ ​និង​ទៅ​ប្រកួត​រយៈពេល​វែង​នៅ​ក្រៅប្រទេស ដែល​មាន ចិន ជប៉ុន កូរ៉េ ឬ​ក៏​អឺរ៉ុប​ជាដើម ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មានការ​អនុវត្ត​តាម​ការ​សម្រេច​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​រួច​រយៈពេល​២​ស​ប្ដា​ហ៍​ឬ​ក៏​១​ខែ​ដោយនៅ​មិន​ទាន់​កំណត់​ច្បាស់ និង​ត្រូវ​ប្រើប្រាស់​ធនធាន​ទាំងអស់​របស់​គណៈកម្មការ​កីឡា​ស៊ី​ហ្គេ​ម​ឱ្យមក​បម្រើ​ការងារ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​តែ​ម្ដង ។

សម្ដេច​យកចិត្តទុកដាក់​ជាងគេ​គឺ​ការ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​ផ្នែក​ហិរញ្ញវត្ថុ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​តម្លាភាព គណនេយ្យ​ភាព និង​សុចរិត​ភាព​ក្នុង​កា​ប្រើប្រាស់​ហិរញ្ញវត្ថុ​របស់​ជាតិ ក្នុង​សកម្មភាព​ជំរុញ​និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ