បំពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍នៅម្រាមជើង ,អុកឡុកកូនកំលោះកូនក្រមុំក្នុងថ្ងៃរៀបការ ,ប្ដីប្រពន្ធថ្មីថ្មោងត្រូវតមងូតទឹក តមបត់ជើងធំរយៈពេល៣ថ្ងៃ៣យប់…ទាំងនេះសុទ្ធសឹងជាប្រពៃណីអាពាហ៍ពិពាហ៍ ប្លែកៗដែលគេឃើញប្រកាន់យកនៅឡើយ ។
១-អុកឡុកកូនកំលោះកូនក្រមុំក្នុងថ្ងៃរៀបការ
Charivari ជាប្រពៃណីអាពាហ៍ពិពាហ៍ដ៏រំខានមួយ ។ វាជាប្រពៃណីរបស់ប្រជាជនបារាំង អនុញ្ញាតឱ្យភ្ញៀវដែលបានទទួលការអញ្ជើញចូលរួមជាកិត្ដិយសទាំងអស់នាំគ្នាទៅអុកឡុកកូនកំលោះកូនក្រមុំ តាមរបៀបវាយបំបែកចាន ឆ្នាំង ខ្លះៗ ឬច្រៀងចម្អកឡកឡាយដាក់កូនកំលោះកូនក្រមុំ ។ ថ្វីបើវាមានរូបភាពជាការរំខានគួរឱ្យធុញ តែប្រពៃណីបែរជាចាត់ទុកថា ជាការជូនពរដល់គូស្រករថ្មី ដើម្បីរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលយូរអង្វែងទៅវិញ ។ ប្រពៃណីបែបនេះ គេកត់សម្គាល់បានថាវាកើតមាននៅប្រទេសបារាំងតាំងពីយុគកណ្ដាលម៉្លេះ ដែលសព្វថ្ងៃឃើញនៅមាន ខ្លះៗក្នុងតំបន់ដាច់ស្រយាលមួយចំនួននៅឡើយ ។ ការអុកឡុកចាប់ផ្ដើមអនុវត្ដក្រោយពេលកូនកំលោះកូនក្រមុំសូត្រពាក្យសម្បថរួមគ្នារួចភ្លាម ។
២-បំពាក់ចិញ្ចៀននៅម្រាមជើង
ជាទូទៅ ចិញ្ចៀនអាពាហ៍ពិពាហ៍គេបំពាក់ឱ្យគ្នានៅម្រាមដៃ ប៉ុន្ដែជនហិណ្ឌូនៅប្រទេសឥណ្ឌា បែរជាប្រកាន់ប្រពៃណីឈ្មោះ Bichiya បំពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍នៅម្រាមជើងទៅវិញ គឺបំពាក់ម្រាមដែលនៅជាប់នឹងម្រាមពៅបង្អស់ ។ ចិញ្ចៀនភាគច្រើនគេនិយមធ្វើពីប្រាក់ ហើយកូនកំលោះជាអ្នកបំពាក់ឱ្យកូនក្រមុំ នៅចំពោះមុខឪពុកម្ដាយ បងប្អូនទាំងសងខាង និងភ្ញៀវកុះករ ។
៣-មិនត្រូវប្រើបន្ទប់ទឹក បន្ទប់អនាម័យ៣ថ្ងៃ៣យប់
តាមទំនៀមទម្លាប់សហគមន៍ជនជាតិ Tidong នៅសាដាកាន ប្រទេសម៉ាឡេស៊ី ប្ដីប្រពន្ធថ្មីថ្មោងបន្ទាប់ពីរៀបការរួច ត្រូវហាមប្រើបន្ទប់ទឹក បន្ទប់អនាម័យ៣ថ្ងៃ៣យប់ ។ នេះជាត្រណមដាច់ខាតដែលដូនតាកំណត់មកអីុចឹង បើប្រព្រឹត្ដល្មើសត្រណមនេះ នឹងជួបគ្រោះអាក្រក់ក្នុងជីវិតប្ដីប្រពន្ធ ដូចយ៉ាងប្ដីប្រពន្ធត្រូវបែកបាក់គ្នាយ៉ាងជូរចត់ ឬកូនត្រូវឈឺថ្កាត់ធ្ងន់ ឬក៏អត់មានកូនតែម្ដង ព្រោះត្រូវដូនតាខឹងដាក់បណ្ដាសាឱ្យដាច់ពូជ ។ ដោយសារមានត្រណមដូច្នេះ ប្ដីប្រពន្ធថ្មីថ្មោងខំនាំគ្នាបន្ថយការហូបបាយ ទឹកតាំងពីថ្ងៃកំពុងរៀបការ មិនតែប៉ុណ្ណោះនាំគ្នាទ្រាំបែកស្រកា៣ថ្ងៃ៣យប់ស្ទើរតែក្លាយជាអណ្ដើកគ្រាំង អត់ហា៊នងូតទឹកជម្រះកាយសូម្បីមួយដង ។
៤-បង់លុយដើម្បីលោតរាំជាមួយកូនក្រមុំ
ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិប៉ូឡូញ កូនក្រមុំលោតរាំជាមួយឪពុកមុនគេ ។ បន្ទាប់មក ភ្ញៀវនានាក្នុងពិធីនោះ បើអ្នកណាចង់រាំជាមួយកូនក្រមុំដែរត្រូវបង់លុយសិន ទើបអាចចូលរាំ ម្ដងម្នាក់ៗជាបន្ដបន្ទាប់ជាមួយកូនក្រមុំ ។ ចុងក្រោយបង្អស់ដល់កូនកំលោះម្ដង ។ ក្រោយពេលគេរាំគ្រប់គ្នាហើយ កូនកំលោះត្រូវបង់លុយច្រើនជាងភ្ញៀវទ្វេដងសម្រាប់ចូលរាំជាមួយកូនក្រមុំ ដែលធ្វើដូច្នេះគេហៅថាដើម្បី«ដណ្ដើមយកប្រពន្ធមកវិញ» ។
៥-វាយបំបែកចានឆ្នាំង
ជនជាតិក្រិចយល់ថា ស្នូរចានឆ្នាំងបាក់បែក ជានិមិត្ដរូបនៃការប៉ះទង្គិចគ្នា ខ្លះៗជាធម្មតាក្នុងជីវិតប្ដីប្រពន្ធនាពេលអនាគតវែងឆ្ងាយ គ្មានគូជីវិតណាចៀសផុតមួយរយភាគរយការអាក់អន់ចិត្ដគ្នាម្ដងណាឡើយ ។ ដូច្នេះហើយទើបគេចំណាយចានឆ្នាំងមួយចំនួនសម្រាប់វាយឱ្យឮសូរបាក់បែកក្នុងពេលរៀបអាពាហ៍ពិពាហ៍ ដោយចាត់ទុកថាធ្វើដូច្នេះដើម្បីជូនពរឱ្យគូស្រករថ្មីថ្មោងចេះត្រៀមខ្លួនបានល្អសម្រាប់ទទួលយកឧបសគ្គទាំងឡាយនាពេលអនាគត ជាមួយគ្នានេះក៏ដើម្បីឱ្យមានសំណាងល្អផងដែរ ។
៦-ចាប់កូនក្រមុំ
ក្នុងប្រវត្ដិសាស្រ្ដ ទំនៀមទម្លាប់ចាប់កូនក្រមុំកើតមានតាំងពីយូរលង់ណាស់មកហើយ និងស្ទើរតែមានពាសពេញពិភពលោកទៀតផង ។ ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ សព្វថ្ងៃទំនៀមទម្លាប់ចាប់កូនក្រមុំនៅមានសល់តិចតួចក្នុងជីវិតរស់នៅរបស់ជនជាតិខ្លះប៉ុណ្ណោះ ដូចយ៉ាងជនជាតិឌីហ្គានជាដើម ។ បើកំលោះណាម្នាក់ក្លាហានលួចចាប់កូនក្រមុំបាន ហើយបង្ខាំងនាងនៅជាមួយខ្លួនបាន២ឬ៣ថ្ងៃ នេះហើយជាប្រពន្ធពិតប្រាកដអាចរស់នៅជាមួយខ្លួន មានសេចក្ដីសុខអស់មួយជីវិត ។
៧-រៀបការជាមួយសត្វដើម្បីកម្ចាត់ចង្រៃ
ជនជាតិខ្លះក្នុងប្រទេសឥណ្ឌានៅតែរក្សាជំនឿចម្លែកមួយរហូតដល់សព្វថ្ងៃ គឺបើក្មេងស្រីដុះធ្មេញនៅអញ្ចាញលើ ជាសញ្ញាប្រាប់ឱ្យដឹងមុនថា នាងនឹងត្រូវសត្វខ្លា ឬសត្វសាហាវណាមួយស៊ីសាច់ក្នុងថ្ងៃណាមួយមិនខាន ។ ដើម្បីកុំឱ្យជួបគ្រោះថ្នាក់នេះ ត្រូវចាត់ចែងរៀបការនាងជាមួយសត្វចិញ្ចឹមណាមួយក្នុងភូមិ ឬសត្វចិញ្ចឹមនៅផ្ទះរបស់ខ្លួន គឺគ្រាន់តែរៀបការជានិមិត្ដរូបប៉ុណ្ណោះ ដើម្បីឱ្យខ្មោចព្រាយដើរចេញពីជីវិតនាង មិនមែនឱ្យនាងត្រូវយកសត្វនោះធ្វើប្ដីអស់មួយជីវិតឡើយ ។ បើមិនធ្វើដូច្នេះទេ នាងត្រូវខ្មោចព្រាយនាំផ្លូវសត្វខ្លាមកចាប់ស៊ីមិនខាន ។
៨-ធ្វើឱ្យកូនកំលោះកូនក្រមុំប្រឡាក់ស្រមកពេញខ្លួនប្រាណ
មិត្ដភក្ដិ ឬអ្នកមានសមានចិត្ដល្អត្រូវនាំគ្នាធ្វើបាបកូនកំលោះកូនក្រមុំពេលកំពុងរៀបការតាមរបៀបធ្វើឱ្យកខ្វក់ពីក្បាលរហូតដល់ចុងជើង ដោយអ្នកខ្លះគប់ពងមាន់ អ្នកខ្លះប៉ាតនំលើមុខ ហើយយករោមសត្វញីចូលថែមឱ្យឃើញស្រមេមស្រមាម អ្នកខ្លះទៀតយកទឹកជ្រលក់សាច់ស្រោចលើក្បាល ឬជះដាក់ខោអាវ ។ នេះជាទំនៀមទម្លាប់សម្រាប់បណ្ដេញឧបទ្រពចង្រៃឱ្យចេញអស់ពីខ្លួនកូនកំលោះកូនក្រមុំគូស្រករថ្មីថ្មោង ។ បើមិនធ្វើដូច្នេះ គូស្រករថ្មីថ្មោងនឹងជួបតែរឿងអពមង្គល មិនអាចរស់នៅជាមួយគ្នាមានសេចក្ដីសុខយូរអង្វែងបានឡើយ ។ ទំនៀមទម្លាប់ចម្លែកនេះ ជនជាតិមួយចំនួនក្នុងប្រទេសស្កុតឡែនប្រកាន់ខ្ជាប់ខ្ជួនរហូតមកដល់សព្វថ្ងៃ ។
៩-លោតកន្លងអំបោស
ជនជាតិខ្លះខាងទ្វីបអាហ្វ្រិកនៅរក្សាប្រពៃណីលោតកន្លងអំបោសក្នុងថ្ងៃរៀបការនៅឡើយ គឺបន្ទាប់ពីភ្ញៀវមកជួបជុំគ្នាហើយ កូនកំលោះកូនក្រមុំត្រូវកាន់ដៃគ្នាលោតកន្លងអំបោសយ៉ាងតិចឱ្យបាន២ ឬ៣ដង មិនអាចនិយាយថាអត់បាច់លោតជាដាច់ខាត ។ កូនកំលោះក្រមុំកាន់ដៃគ្នាលោតកន្លងអំបោសមានន័យថា រំលងចោលរាល់អតីតកាលដែលមិនល្អ ដើម្បីចាប់ផ្ដើមជីវិតថ្មីល្អប្រសើរដើរទៅមុខរហូត ។ ម៉្យាងទៀតការធ្វើដូច្នេះ គេចាត់ទុកជានិមិត្ដរូបនៃការផ្សារភ្ជាប់រវាងគ្រួសារទាំងពីរ ព្រមទាំងជាការគោរពចំពោះបុព្វបុរសគ្រួសារទាំងពីរផង ។ ពួកអ្នកប្រកាន់ជំនឿលើការធ្វើបែបនេះ តែងចាត់ទុកអ្នកមិនចង់ធ្វើតាមប្រពៃណីថាជាមនុស្សមិនគួរឱ្យរាប់រក ។
១០-វាយកូនកំលោះ
កូនកំលោះនៅប្រទេសកូរ៉េ ពេលរៀបមង្គលការតែងត្រូវវាយសិន មុនពេលក្រេបទឹកឃ្មុំជាមួយកូនក្រមុំ តែវាយ ស្រាលៗជានិមិត្ដរូប៉ុណ្ណោះ មិនមែនពឺតយកឈ្នះដៃឡើយ ។ ក្រោយបញ្ចប់ពិធីអាពាហ៍ពិពាហ៍ភ្លាម កូនកំលោះមិនអាចទៅណា ឬធ្វើអ្វីផ្សេងបានទេ ត្រូវតែប្រញាប់ដោះស្រោមជើងចេញ ហើយយកខ្សែចងរុំជុំវិញកជើងខ្លួនឯងដើម្បីឱ្យគេវាយ ។ អ្នកដែលត្រូវវាយកូនកំលោះប្រញាប់យកត្រី Corvina ហាលស្ងួតមកវាយ គឺវាយ ស្រាលៗត្រង់បាតជើង៣ ឬ៤ដង ឬច្រើនជាងនេះបន្ដិចក៏មិនអីដែរ ។ នេះជាសកម្មភាពចាំបាច់ដើម្បីបង្ហាញថា កូនកំលោះមានសុខភាពមាំមួនល្អមុនពេលផ្សំដំណេក ៕
ចែករំលែកព័តមាននេះ