(បរទេស) ៖ អ្នកចូលចិត្តហឹរមើលអោយហើយទៅ កុំអោយជួបរឿងដូចបុរសម្នាក់នេះ គ្រាន់តែដាក់ម្ទេសឆា៥ស្លាបព្រាសោះ ត្រូវបានម្ចាស់ហាងផ្ទុះកំហឹងប្តឹងប៉ូលីសតែម្តង ។

បុរសជនជាតិចិនម្នាក់ ដែលបានទៅញ៉ាំមីត្រជាក់ liang pi នៅភោនីយដ្ឋានខ្នាតតូចមួយកន្លែង ក៏កើតរឿងរ៉ាវផ្អើលឆោឡោ ឈ្លោះគ្នាតឹងសរសៃ.កជាមួយម្ចាស់ហាង ដោយសារតែរូបគាត់បានបន្ថែមម្ទេសឆានៅក្នុងមីច្រើនពេករហូតដល់ថ្នាក់ម្ចាស់ហាងកាក់មិនអោយចេញពីហាង ដើម្បីគិតលុយថ្លៃម្ទេស ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SingtaoNews កាលពី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

រឿងរ៉ាវភ្ញាក់ផ្អើលនេះ បានកើតនៅហាងមីត្រជាក់ យីហោ Shaanxi នៅក្នុងស្រុកឈីងជាំងពូ ទីក្រុងហួយអាន ខេត្តជាំងហ្សូ ដោយសារតែម្ចាស់ហាងបានផ្ទុះកំហឹងនឹងភ្ញៀវយ៉ាងខ្លាំង ក៏បានទូរស័ព្ទទៅប្តឹងប៉ូលិសអោយចុះមកជួយដោះស្រាយ ដើម្បីបង្ខំអោយភ្ញៀវរូបនោះបង់លុយបន្ថែមពីលើមី គឺថ្លៃម្ទេសប្រេង៥ស្លាបព្រាពេញៗ ដែលភ្ញៀវបានបន្ថែមទៅក្នុងមីត្រជាក់។

បុរសជាភ្ញៀវបានអះអាងប្រាប់ប៉ូលិសថា តាំងពីដើមមកគាត់ជាមនុស្សចូលចិត្តហូបហឹរ ហើយគាត់ម្ទេសឆា ៥ស្លាបព្រាទៅក្នុងមី ហើយគាត់តែដាក់ច្រើនបែបនេះរាល់តែដងហ្នឹង តែមិនដឹងយ៉ាងម៉េចទើបថៅកែហាងបានឃើញ ស្រាប់តែខឹងហើយក៏ទូរស័ព្ទប្តឹងប៉ូលិស ។

ដោយឡែក ភាគីម្ចាស់ហាងបានពន្យល់ប្រាប់ប៉ូលិសដែរថា ម្ទេសឆាដែលគាត់ប្រើនៅក្នុងហាង គឺជាប្រើលាយជាមួយប្រភេទប្រេងពិសេស ដែលមានតម្លៃថ្លៃ ។ គាត់ថា បើអតិថិជនម្នាក់ដាក់ម្ទេសអស់ប្រាំស្លាបព្រាដូចនេះ គឺគ្រាន់តែថ្លៃម្ទេស គឺខាតអស់៣យន់ទៅហើយ ខណៈដែលមីមួយចានលក់បានត្រឹមតែ ៩យន់ប៉ុណ្ណោះ ហើយបន្ទាប់ពីកាត់ថ្លៃដើមនិងចំណាយសព្វគ្រប់នោះគឺមិនឃើញប្រាក់ចំណេញទេ ហើយប្រសិនបើភ្ញៀវទាំងអស់សុទ្ធតែធ្វើបែបនេះ អាជីវកម្មរបស់គាត់ប្រាកដជាបិទទ្វារជាក់ជាមិនខាន។

ជាការឆ្លើយតបបុរសជាភ្ញៀវបាននិយាយថា ប្រេងម្ទេសឬម្ទេសឆា គឺជាគ្រឿងដែលហាងត្រូវតែផ្តល់ឲ្យភ្ញៀវដោយមិនគិតថ្លៃ ហើយក៏មិនបានបញ្ជាក់ពីការកម្រិតកំណត់ចំនួនតិច ឬច្រើននោះដែរ។យ៉ាងណាក៏ដោយ ជុំវិញករណីនេះ ប៉ូលិសគ្រាន់តែសម្រុះសម្រួលដល់ភាគីទាំងពីរប៉ុណ្ណោះ ព្រោះវាជារឿងតូចតាច មិនគួរឱ្យក្លាយជារឿងធំនោះទេ ហើយចុងបញ្ចប់បុរសជាភ្ញៀវក៏ត្រូវបានអនុញ្ញាតអោយត្រលប់ទៅផ្ទះវិញ។

ក្រោយពីព័ត៌មាននេះត្រូវបានគេបង្ហោះផ្សព្វផ្សាយ អ្នកនិយមលេងតាមបណ្តាញសង្គម បានផ្ទុះការវែកញែកដោយបញ្ចេញមតិរៀងៗខ្លួន។ មានអ្នកខ្លះគិតថា ម្ចាស់ហាងធ្វើរឿងតូច អោយក្លាយជាធំ «គ្រាន់តែប្រេងម្ទេស៥ស្លាបព្រាបាយសោះ ធ្វើឯងប្តឹងប៉ូលិសអីណា។ ប៉ូលីសរវល់ណាស់ តើវាចាំបាច់ទេ ដែលត្រូវប្តឹងប៉ូលីសគ្រាន់តែរឿងបែបនេះ?

ទោះជាយ៉ាងណា អ្នកខ្លះគាំទ្រម្ចាស់ហាងថា «រៀនយកចិត្តគេដាក់ចិត្តឯង» «ប្រសិនបើអតិថិជនទាំងអស់ធ្វើបែបនេះ តើអោយហាងចំណេញប្រាក់បានដោយរបៀបណា? អាជីវកម្មខ្នាតតូចមិនអាចទ្រាំទ្របានទេ បច្ចុប្បន្នស្អីៗក៏ឡើងថ្លៃ» ។
ចែករំលែកព័តមាននេះ