រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានធ្វើការបដិសេធចំពោះសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃដែលស្នើសុំឲ្យសម្រួលកងទ័ពត្រឡប់ទៅសភាពដើម មុនឆេះសាលារួមចិត្ត ឬសភាពដើមដូចកាលឆ្នាំ២០២៤ ។ ការបដិសេធរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បន្ទាប់ពីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ។

ឯកឧត្តម ទៀ សីហា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរ លើបណ្តាញសង្គមមុននេះ ដោយមានខ្លឹមថា ៖ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។
ឯកឧត្តមថា ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីបានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធី ទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នាកម្ពុជា-ថៃ ។

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា៖ «ចំណុចភាគីថៃ បានស្នើសុំឲ្យសម្រួលកងទ័ពត្រឡប់ទៅសភាពដើមមុន ឆេះសាលារួមចិត្ត ឬសភាពដើម ដូចកាលឆ្នាំ២០២៤ ភាគីកម្ពុជាបដិសេធ និងមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាព របស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។
ភាគីកម្ពុជា មិនអាចថយពីទីតាំងឈរជើងបាននោះឡើយ ។ ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នាមាត្រដ្ឋានខុសគ្នានោះ យើងនឹងមិនអាចរកចំណុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ» ។

ប្រមុខក្រសួងការពារជាតិកម្ពុជាបានអះអាងថា ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក ។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់ ។ កម្ពុជាមានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតម្កល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ ។

ទាក់ទិននឹងការបញ្ជូនបញ្ហាទាំង៤ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឯកឧត្តមបានឲ្យដឹងថា នៅក្នុងជំនួបនោះភាគីថៃក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំណុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។
យើងក៏បានឯកភាពគ្នា ក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀត នាថ្ងៃខាងមុខ ។ ឯកឧត្តមថា ភាគីថៃក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុ.ជអាល និងរុញស្ថានការណ៍ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរដូចជា ការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំ JBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ ៕
ចែករំលែកព័តមាននេះ