ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​កម្ពុជា អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​នៅ​ក្នុង​ប្រទេស​ថៃ បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំផ្លើស​បំភ្លៃ

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់ នៅ​ក្នុង​ប្រទេស​ថៃ បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​បំភ្លៃ បំភាន់​ការ​ពិត ក្នុង​ចេតនា​បង្កាច់បង្ខូច ឬ​ប៉ះពាល់​កិត្តិយស កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់ នៅ​ក្នុង​ប្រទេស​ថៃ បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​បំភ្លៃ បំភាន់​ការ​ពិត ក្នុង​ចេតនា​បង្កាច់បង្ខូច ឬ​ប៉ះពាល់​កិត្តិយស កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ។

លោកស្រី​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​០ ខែកក្កដា ឆ្នាំ​២០២៥ បាន​ធ្វើការ​ការ​ស្រាយ​បំភ្លឺ​ការ​ពិត ជុំវិញ​ឧបទ្ទវហេតុ នៃ​ការ​ប៉ះទង្គិច​សម្តី​គ្នា​រវាង​ទាហាន​ថៃ និង​កងកម្លាំង​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ថា កម្ពុជា​សូម​ធ្វើការ​គូសបញ្ជាក់​ថា ៖ ការ​អនុវត្ត​គោលការណ៍​ម៉ឺងម៉ាត់​របស់​កងទ័ព​កម្ពុជា គឺ​ធានា​ថា មិន​មានការ​ប្រព្រឹត្តិ នូវ​សកម្មភាព អ្វី​ដែល​ខុស​ប្រក្រតី ដោយ​មិន​បាន​ឆ្លងកាត់​ការ​ឯកភាព​គ្នា​ជា​មុន ពិសេស ប្រាសចាក​ខុស​ពី​ខ្លឹមសារ នៃ​កិច្ចព្រមព្រៀង​របស់​ភាគី​ទាំង​សងខាង​។ តាម​កិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំ ត្រូវ​បិទ​ការ​ឡើង​នៅ​វេលា​ម៉ោង ១៥:០០​នាទី​រសៀល​។ ជា​អកុសល នៅ​ថ្ងៃ​នោះ វេលា​ម៉ោង​១៥:១៥​នាទី ក្រោយ​ប្រាសាទតាមាន់ធំ ត្រូវ​បិទ​ការ​ឡើង ហើយ​កងកម្លាំង​សម្របសម្រួល និង​ការពារ​ទាំងអស់​នៅ​ទីនោះ​បាន​ចុះ​ពី​ទីតាំង​ប្រាសាទ​រួច​ហើយ​។ ក៏​ស្រាប់តែ​មាន​ករណី​ភាគី​ថៃ បើក​ឱ្យ​ឡើង​ប្រាសាទ​ពី​សំណាក់​ក្រុម​អ្នកទេសចរ​ជនជាតិ​ថៃ​ចំនួន​រហូត​ដល់​១០០​នាក់ ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​អតីត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ និង​ជា​ប្រធាន​គណបក្ស​ភុំ​ចៃ​ថៃ​ផង​ដែរ ដោយ​មិន​មានការ​ជូនដំណឹង​ជា​មុន ដូច​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ នោះ​ទេ ។

លោកស្រី​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ប្រសិនបើ​កងទ័ព​ថៃ ពិតជា​មាន​ភាព​ស្អាតស្អំ និង​គ្មាន​ចេតនា​មិនល្អ​នោះ​ទេ គួរតែ​ធ្វើ​សកម្មភាព​ប្រកបដោយ​តម្លាភាព និង​ស្រប​តាម​កិច្ចព្រមព្រៀង នៃ​ប្រទេស​ទាំង​ពីរ ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ពាក់ព័ន្ធ​នឹង​ពេលវេលា និង​លក្ខខណ្ឌ នៃ​ការ​ចេញចូល​ប្រាសាទ ។

លោកស្រី​បាន​លើក​ឡើង​ទៀត​ថា កងកម្លាំង​កម្ពុជា​បាន​ព្យាយាម​ដោះស្រាយ​ស្ថានការណ៍ ដោយ​ភាព​ស្ងប់ស្ងាត់ មិន​បង្ក​ហិង្សា ឬ​បញ្ហា​ឡើយ ប្រកបដោយ​វិជ្ជាជីវៈ និង​គោរព​តាម​កិច្ចព្រមព្រៀង​ជា​និច្ច ចំពោះ​វី​ដេ​អូ ដែល​បាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ​មួយ​ចំនួន និង​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ ជា​ព័ត៌មាន​មិន​ពិត បាន​នាំ​មក​នូវ​ការ​ភាន់ច្រឡំ និង​ជា​ចេតនា​ដ៏​អាក្រក់ ក្នុង​គោលបំណង​ញុះញង់ និង​មាន​ភាព​ស្អប់ រើសអើង ជាតិ​សាសន៍​ទាំង​ពីរ ព្រោះ​មិន​បាន​ឆ្លុះ​បញ្ចាំង នូវ​រឿងរ៉ាវ​ទាំងស្រុង​នោះ​ទេ គឺ​ច្បិច​យក​តែ​ជ្រុង​ម្ខាង​តែ​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា កម្ពុជា​អំពាវនាវ​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​នៅ​ក្នុង​ប្រទេស​ថៃ បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំផ្លើស​បំភ្លៃ បំភាន់ ក្នុង​ចេតនា​បង្កាច់បង្ខូច ឬ​ប៉ះពាល់​កិត្តិយស កេរ្តិ៍ឈ្មោះ​កម្ពុជា ។

សូម​ក្រើនរំលឹក​ជា​ថ្មី​ម្តងទៀត ឱ្យ​ភាគី​ថៃ គោរព​តាម​កិច្ចព្រមព្រៀង ដែល​មាន​ស្រាប់​ឱ្យ​បាន​ពេញលេញ និង​ម៉ឺងម៉ាត់​ប្រកបដោយ​ភាព​ស្មោះត្រង់ ព្រមទាំង​ជៀសវាង​រាល់​សកម្មភាព​បំភាន់​ការ​ពិត ដែល​អាច​បំផ្លាញ​ទំនុកចិត្ត និង​ការ​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក ។

អ្នកនាំពាក្យ​បាន​អះអាង​ថា កង​យោធពលខេមរភូមិន្ទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​មិត្ត​ជិតខាង​ល្អ ប៉ុន្តែ​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​មក​ឈ្លានពាន​បានជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ