រាជធានីភ្នំពេញ ៖ ព្រែកជីកហ្វូណនតេជោគ្រោងបញ្ចប់ការផ្ទៀងផ្ទាត់និយាមការនិងបោះបង្គោលព្រំដីក្នុងពេលដ៏ខ្លីខាងមុខ ។ នាព្រឹកថ្ងៃ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេសបានអញ្ជើញចុះផ្ទៀងផ្ទាត់និយាមការ និងបោះបង្គោលព្រំដីជានិមិត្តរូប ព្រមទាំង
ពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ។

ជាកិច្ចចាប់ផ្តើមសម្រាប់បេសកកម្មនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរបានអញ្ជើញទៅកាន់ទីតាំង ដើម្បីចុះផ្ទៀងផ្ទាត់និយាមការ និងធ្វើការបោះបង្គោលព្រំដីជានិមិត្តរូប សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ។

បន្ទាប់ពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរបានអញ្ជើញបន្តដំណើរចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រែកជីក និងសន្ទះទ្វារទឹក (Ship Locks) ដែលជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោង មានទីតាំងស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចំពោះការអនុវត្តការងារចុះពិនិត្យទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោសម្រេចបានប្រមាណ១១៤ គម លើ១៧៤,៥ គម ដោយបានអនុវត្តក្នុងខេត្តកណ្តាល តាកែវ និងខេត្តកំពត។ ទិសដៅការងារបន្ទាប់ គឺខេត្តកែបជាភូមិសាស្ត្រដែលត្រូវចុះអនុវត្តចុងក្រោយគេ ។

យោងតាមរបាយការណ៍បឋម បង្គោលព្រំដីដែលបានបោះរួចសរុបមានចំនួន១០៧៩បង្គោល ក្នុងនោះរួមមាន៖ ខេត្តកណ្តាល ៣៨៧បង្គោល (បញ្ចប់ទាំងស្រុង), ខេត្តតាកែវ៥៥០បង្គោល (បញ្ចប់ទាំងស្រុង) និងខេត្តកំពត១៤២បង្គោល ។

បច្ចុប្បន្ន ក្រុមការងារបាននិងកំពុងបន្តអនុវត្តការងារក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ។បន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បច្ចុប្បន្ននេះ គម្រោងត្រូវបានអនុវត្តតាមផែនការសកម្មភាពជាដំណាក់កាលបន្តបន្ទាប់ ពោលគឺមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ស្របទៅតាមផែនការដែលបានគ្រោងទុក ។

ចំពោះការចល័តគ្រឿងចក្រចូល ដើម្បីចាប់ផ្ដើមសាងសង់ជាផ្លូវការ គ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងរួចរាល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាក់ស្តែង ៕
ចែករំលែកព័តមាននេះ