ទីក្រុងម៉ូស្គូ៖ អ៊ុយក្រែនបានបើកយុទ្ធនាការវាយប្រហាររុស្ស៊ីកាន់តែខ្លាំងឡើងៗដើម្បីជៀសវាងការវាយប្រហារតែម្ខាងៗពីសំណាក់រុស្ស៊ី។ ដូច្នេះត្រូវ «មានទៅ មានមក» ទើបស្មើភាពគ្នា។ ថ្មីៗនេះអ៊ុយក្រែនវាយប្រហារស្លាប់ម្នាក់នៅតំបន់លីពីត (Lipetsk)។ ជនរងគ្រោះជាស្ត្រីវ័យ៧០ឆ្នាំប្លាយ។ ក្រៅពីនេះមនុស្ស២នាក់ទៀតរងរបួសដោយសារត្រូវនឹងអំបែងរបស់ដ្រូន។
ប្រធានគណៈតំបន់កើតហេតុខាងលើ លោកអាតតាម៉ូណូស (Artamonov) បង្ហោះសារនៅលើតេឡេក្រាមថាដ្រូនរបស់អ៊ុយក្រែនបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ ប៉ុន្តែនៅសល់បំណែករបស់ដ្រូនធ្លាក់ទៅលើអគារស្នាក់នៅរបស់ប្រជាជន។ បំណែកដ្រូនធ្លាក់មកជាច្រើនមុខព្រួញ, ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការយ៉ាងដុតដៃដុតជើងនៅក្នុងរឿងនេះ។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងអំពីទំហំនៃការខូចខាតដោយសារការវាយប្រហាររបស់អ៊ុយក្រែនទេ។ ចំណែកអ៊ុយក្រែនក៏មិនទាន់ធ្វើអត្ថាធិប្បាយទៅលើរឿងនេះនៅឡើយដែរ។ កាលពីពេលកន្លងមក ភាគីទាំង២តែងតែនិយាយបដិសេធថាខ្លួនគ្មានផែនការវាយប្រហារទៅលើទីតាំងរបស់ជនស៊ីវិលទេ។ ជាពិសេស រុស្ស៊ីតែងតែបញ្ជាក់បែបនេះជាដរាបរៀងមក។
ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង អ៊ុយក្រែនអះអាងថារុស្ស៊ីបាញ់ប្រហារទៅលើទីតាំងជនស៊ីវិលស្លាប់មនុស្សរាល់ថ្ងៃ។ មានថ្ងៃខ្លះស្លាប់ដល់រាប់សិបនាក់។ អ៊ុយក្រែនថ្លែងថាជនស៊ីវិលរបស់ខ្លួនរាប់ពាន់នាក់បានស្លាប់ក្រោមស្នាដៃរុស្ស៊ីចាប់តាំងពីសង្គ្រាមផ្ទុះឡើងដំបូងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២។
ប្រភពខ្លះថាអ៊ុយក្រែនកំពុងដាក់ផែនការវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីដើម្បីកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ីក្នុងការបញ្ជូនយន្តហោះចម្បាំងទៅវាយប្រហារសមរភូមិមុខនៅអ៊ុយក្រែនដោយបាញ់មីស៊ីល និងគ្រាប់បែកបញ្ជាពីចម្ងាយ។ មូលហេតុដែលអ៊ុយក្រែនវាយប្រហារតំបន់លីពីតព្រោះទីនេះជាមូលដ្ឋានសំខាន់ជាយុទ្ធសាស្ត្រ និងមានមូលដ្ឋានសម្រាប់ហ្វឹកហ្វឺនកងទ័ពអាកាសរុស្ស៊ី៕
ចែករំលែកព័តមាននេះ