ទីក្រុងហ្សាកាតា៖ មនុស្សយ៉ាងតិចបួននាក់ស្លាប់ និង២៣នាក់ត្រូវគេជួយសង្គ្រោះទាន់ពេលវេលានៅក្នុងហេតុការណ៍លិចនាវាចម្លង (ស្រឡាង) ដែលដឹកមនុស្សសរុប៦៥នាក់ឆ្លងកាត់ផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយសំដៅទៅកោះបាលី។ បន្ទាប់ពីចាកចេញដំណើរពីកោះជ្វាកាត់ដៃសមុទ្រកោះបាលី នាវានេះស្រាប់តែមានបញ្ហា និងលិចមុនពេលពាក់កណ្ដាលអធ្រាត្រ។
អាជ្ញាធរប្រាប់ថានាវានោះដឹកអ្នកដំណើរ៥៣នាក់ និងបុគ្គលិកបម្រើការ១២នាក់។ អាជ្ញាធរមិនបានបញ្ជាក់លម្អិតថាតើហេតុការណ៍នេះបណ្ដាលមកអ្វីពិតប្រាកដទេ។ គេបានបញ្ជូនទូកកៅស៊ូ និងនាវាធំៗទៅកន្លែងកើតហេតុដើម្បីពន្លឿនការស្វែងរក និងជួយសង្គ្រោះ។ មនុស្សបួននាក់ខិតខំជួយសង្គ្រោះខ្លួនឯងដោយស្រវាចាប់ទូកកៅស៊ូដែលបំពាក់នៅលើនាវាចម្លងនោះ។ ឥឡូវនេះពួកគេមានសុវត្ថិភាពជាធម្មតា។
អាជ្ញាធរអះអាងថានាវាចម្លងនេះក្រៅពីដឹកមនុស្ស ក៏បានដឹករថយន្ត២២គ្រឿងផងដែរ។ ក្នុងនោះ ១៤គ្រឿងជារថយន្តធុនធំ។ យោងតាមការចុះផ្សាយរបស់ប៊ីប៊ីស៊ី (BBC) នាវាចម្លងនេះមានបញ្ហាគ្រឿងម៉ាស៊ីនមុនពេលលិចទៅបាតសមុទ្រ។ ច្រកសមុទ្រស្ថិតនៅចន្លោះកោះជ្វា និងកោះបាលីជាផ្លូវធ្វើដំណើរជានិច្ចកាលរបស់នាវាចម្លងដែលលិចនោះ។ អ្នកទាំង៤ដែលនៅរស់នោះរស់នៅទីក្រុងបានយូវ៉ាងហ្គី (Banyuwangi)៕
ចែករំលែកព័តមាននេះ