ខេត្តកំពត ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងជាយថាហេតុនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមការដឹកនាំនិងបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័ធុរិទ្ធ ស្នងការខេត្តបានចុះអនុវត្តជាប់ជាប្រចាំនៅតាមច្រកផ្លូវសាធារណ:ទូទាំងខេត្ត ដើម្បីត្រួតពិនិត្យរាល់ការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកតាមការណែនាំរបស់ក្រសួងមហាផ្ទៃចំពោះពលរដ្ឋមួយចំនួនដែលប្រើប្រាស់យានយន្តគ្រប់ប្រភេទលើផ្លូវសាធារណ: ។

ជាពិសេសបងប្អូនដែលប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ)ដែលគ្មានផ្លាកលេខ,មិនបំពាក់កញ្ចក់និងមិនពាក់មួកសុវត្ថិភាពជាដើម ។តាមប្រភពពីកំលាំងដែលចុះអនុវត្តផ្ទាល់បានឲ្យដឹងថា ចំពោះអ្នកល្មើសមិនគោរពច្បាប់ខាងលើ គឺត្រូវតែពិន័យបង់ប្រាក់ បើគ្មានកញ្ចក់បង់៦ម៉ឺនរៀល មិនពាក់មួកសុវត្ថិភាពម្នាក់៦ម៉ឺនរៀល ។ ប្រភពដដែលបានបន្តថា កំលាំងសមត្ថកិច្ចចុះអនុវត្តដូចភ្លៀងរលឹមយ៉ាងនេះហើយក៏នៅមានបងប្អូនពលរដ្ឋយើងមួយចំនួនតូចនៅតែមិនគោរពច្បាប់ ហើយកំលាំងបានចាប់ផាកពិន័យជាហូរហែរផងដែរ ។

តាមប្រភពពីពលរដ្ឋដែលមិនគោរពច្បាប់ចរាចរមួយចំនួនតូចបានរិះគន់មកលើសមត្ថកិច្ចថាសមត្ថកិច្ចធ្វើនេះកៀបសង្កត់ពលរដ្ឋពេកហើយ ។ ការរិះគន់មកលើកំលាំងសមត្ថកិច្ចដូចអ្នកល្មើសច្បាប់ខាងលើ ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានមហាជនជាច្រើនមិនគាំទ្រឡើយ ។ ផ្ទុយទៅវិញ មជ្ឈដ្ឋានមហាជនទាំងនោះមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការអនុវត្តដ៏ល្អរបស់លោកឧត្តមសេនីយ៍ទោស្នងការខេត្តទៅវិញទេ ។

ដោយបងប្អូនយល់ថា ការអនុវត្តត្រួតពិនិត្យនិងមានវិធានការផាកពិន័យខាងលើ គឺដើម្បីធ្វើឲ្យបងប្អូនទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរដែលតែងតែកើតមានឡើងលើផ្លូវសាធារណ:ជាយថាហេតុនាពេលកន្លងមកផងដែរ ៕

ចែករំលែកព័តមាននេះ