ខេត្តក្រចេះ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែជិះ កាលពីថ្ងៃទី២ កក្កដា ២០២៥ បានចុះរុះរើទីតាំងសិប្បកម្មកែច្នៃឈើអនាធិបតេយ្យមួយកន្លែង ស្ថិតនៅក្នុងតំបន់ព្រៃការពារដោយបរិស្ថានសសរស្ដម្ភតោ ភូមិស្រែជិ: ឃុំស្រែជិ: ស្រុកអូរគ្រៀងសែនជ័យ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំស្រែជិ: ស្រុកអូរគ្រៀងសែនជ័យថា រោងសិប្បកម្មនោះម្ចាស់ជាទាហានម្នាក់នៅខេត្តស្ទឹងត្រែង ។ រោងសិប្បកម្មនេះ បានដំណើរការអារច្រៀកឈើធ្វើជាគ្រឿងសង្ហារឹមជាងមួយឆ្នាំទៅហើយ។ ប្រភពដដែលបន្តថា រោងសិប្បកម្មនេះបានប្រមូលទិញឈើពីអ្នកអារនៅក្នុងដែនបរិស្ថានសសរស្ដម្ភ និងព្រៃសហគមន៍ ហើយកែច្នៃនិងបង្គំជាគ្រឿងសង្ហារឹមក្នុងទឹកដីដែនការពារបរិស្ថានសសរស្កម្ភតោទល់មុខស្នាក់ការបរិស្ថាន ដែលប្រជាពលរដ្ឋលើកគ្នាដុតចោលនោះផ្ទាល់តែម្តង ។

ជាក់ស្ដែង ថ្ងៃទី២ កក្កដា ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះដឹកនាំដោយលោកវរៈសេនីយ៍ សុង ប៊ុនឆាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែជិះ ចុះបង្ក្រាបរុះរើ និងរឹបអូលវត្ថុតាងមួយចំនួន ។

ជាលទ្ធផលចាប់យកវត្ថុតាងរួមមានម៉ាស៊ីនម៉ាស៊ូត២គ្រឿង រ៉ៃអារឈើចំនួន១គ្រឿង ឈើលេខ១(ប្រភេទឈើខ្វាវ) ឈើលេខ១(ប្រភេទឈើសុក្រម) ឈើលេខ២(ប្រភេទឈើខ្លុង) និងឈើប្រភេទឈើក្រៅលំដាប់ថ្នាក់ជាច្រើនទៀតពុំទាន់វាស់វែង ។

ក្រោយការចុះបង្ក្រាបរឹបអូសវត្ថុតាងខាងលើ កម្លាំងនគរបាលបានដឹកជញ្ជូនយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅក្នុងបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែជិះ រង់ចាំប្រគល់ជូនមន្ត្រីបរិស្ថានបន្តនីតិវិធី ៕


ចែករំលែកព័តមាននេះ