ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ឡាន​ដឹកឈើ​ផ្ទះ​​​ត្រួតពិនិត្យ​ឯកសារ

11 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ប្រភេទ​វ៉រ​អង​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំការ​គោលដៅ​ត្រើយម្ខាង​គល់​ស្ពាន​សេ​កុង​ឃាត់ និង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​ឯកសារ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ផ្ទះ​ចាស់​ពី​ខេត្តស្ទឹងត្រែង​ទៅ​កាន់​ខេត្តកំពង់ចាម ។ ក្នុង​លិខិត​កិច្ចសន្យាលក់​ផ្ទះ​ចាស់ និង​លិខិត​សំណើសុំ​ដឹកឈើ​ផ្ទះ​ចាស់​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ដោយ​លោក​សា…

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ប្រភេទ​វ៉រ​អង​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំការ​គោលដៅ​ត្រើយម្ខាង​គល់​ស្ពាន​សេ​កុង​ឃាត់ និង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​ឯកសារ​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ផ្ទះ​ចាស់​ពី​ខេត្តស្ទឹងត្រែង​ទៅ​កាន់​ខេត្តកំពង់ចាម ។

ក្នុង​លិខិត​កិច្ចសន្យាលក់​ផ្ទះ​ចាស់ និង​លិខិត​សំណើសុំ​ដឹកឈើ​ផ្ទះ​ចាស់​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ដោយ​លោក​សា ស៊ូ មេ​ភូមិក​ញ្ចា​ញ​ទឹក និង​លោក ស៊ី​ង ម៉ា​ន់ មេឃុំ ស្រែ​សំបូរ ឈ្មោះ​ធិ ឆាយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិក​ញ្ចា​ញ​ទឹក ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង បាន​ព្រមព្រៀង​លក់​ផ្ទះ​ចាស់​សាងសង់​ពី​ឈើ​មាន​ទំហំ​៧​ម៉ែ​ត្រែ គុណ​១១​ម៉ែត្រ​អោយទៅ​ឈ្មោះ​ចាន់ វ​ណ្ណា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​តុ​ក ឃុំ​ក្រែក​ន​ស្រុក​ពញាក្រែក ខេតកំពង់ចាម ក្នុង​តម្លៃ​ព្រមព្រៀង​មួយ​ទឹក​ចំនួន​សរុប​៧,៨០០,០០០​រៀល ។

បើ​តាម​លោក​ចាន់ វ​ណ្ណា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ បាន​ប្រាប់​កោះ​សន្ធិ​ភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២ កក្កដា ២០២៥ ថា មូលហេតុ​ដែល​ពួក​គាត់​មក​ទិញ​ផ្ទះ​ចាស់​នៅ​ស្រុក​សៀម​ប៉ា​ង​នេះ​គឺ​ដោយសារ​កូន​ៗ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ពុំ​មានផ្ទះ​ស្នាក់​នៅ ទើប​គាត់​សម្រេចចិត្ត​ដើរ​រក​ទិញ​ផ្ទះ​ចាស់​មួយ​ទឹក​ដើម្បី​យក​ទៅ​សាងសង់​ឲ្យ​កូន​រស់នៅ ។

លោក​បន្ត​ថា ក្រោយ​ពី​បាន​ព្រមព្រៀង​ជាមួយ​អ្នកលក់​រួច​មក​គាត់​ក៏​បាន​ធ្វើ​កិច្ចសន្យា​ទិញ​លក់​ចំពោះ​មុខ​មេ​ភូមិ និង​លោក​មេឃុំ ហើយ​ក៏​បាន​ស្នើ​សុំ​ធ្វើ​លិខិត​ដើម្បី​ដឹក​ជញ្ជូន​ផងដែរ​ ។ ទាក់ទង​ការ​ឃាត់​រថយន្ត​ដឹកឈើ​ផ្ទះ​ចាស់​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក៏​បាន​រាយ​ការណ៍​​ជូន​លោក​អភិបាល​បាន​ជ្រាប ។ លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជា​ទៅ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ត្រួតពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធ ប្រ​សិន​បាន​បំពេញបែបបទ​ឯកសារ​គ្រប់គ្រាន់ និង​សម្រួល​ជូន​ពួក​គាត់​ដើម្បី​បាន​បន្តដំណើរ​ទៅ​ដល់​គោលដៅ ។

បើ​តាម​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ថា រថយន្ត​ដឹកឈើ​ផ្ទះ​ចាស់​នោះ គឺ​មិនមែន​ជា​ករណី​ចាប់ចង​នោះ​ទេ តែ​ជា​កាតព្វកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​អំពី​ឯកសារ​ពាក់ព័ន្ធ​ក្នុង​ការ​ដឹក​ជញ្ជូន​និង​ត្រួតពិនិត្យ​មើល​ជាក់ស្ដែង ក្រែង​មានការ​បំភាន់​ក្នុង​រូបភាព​ណាមួយ ។ ការ​ត្រួតពិនិត្យ​នេះ គឺ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ដឹក​ជញ្ជូន​ឈើ​ផ្ទះ​ចាស់​របស់​ពួក​គាត់​ទៅ​វិញ​ទេ ព្រោះថា បើ​កម្លាំង​សមត្ថកិច្ច​មិន​ឃាត់​ត្រួតពិនិត្យ​លើ​ឯកសារ ក៏​ចេញពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្ត​ផ្សេង​ត្រូវ​សមត្ថកិច្ច​ឃាត់​ត្រួតពិនិត្យ​ផង​ដែរ ដូច្នេះ​ទើប​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់​ត្រួតពិនិត្យ​លើ​ឯកសារ បើ​ពួក​គាត់​ខ្វះ​ឯកសារ​បែប​ណា គឺ​ត្រូវ​ឲ្យ​គាត់​បំពេញ​ឯកសារ​នោះ​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​មិន​បង្ក​ការ​ស្មុគស្មាញ​មុន​ពេល​ទៅ​ដល់គោលដៅ​។

ពាក់ព័ន្ធ​ករណី​ដឹក​ជញ្ជូន​ឈើ​នេះ​ផង​ដែរ មិន​ថា​ឈើ​ផ្ទះ​ចាស់​ឬ​ប្រភេទ​ឈើ​ក្នុង​ទម្រង់​ណា​ក៏​ដោយ បើជា​ក្រុម​ឈ្មួញ​តែង​ប្រើ​យុទ្ធវិធី​ដើម្បី​បំភាន់ ។ កន្លង​មក សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើ​ដឹក​ជញ្ជូន​ដោយ​ឈ្មួញ​ខ្លះ​បាន​ប្រើប្រាស់​រូបភាព​ដូច​ជា​ជួល​មនុស្ស​ឲ្យ​ដើរតួ​ធ្វើ​ប្រជាពលរដ្ឋ​កំសត់​ត្អូញត្អែរ​ខ្វះ​នេះ​ខ្វះ​នោះ ងាយស្រួល​បិត​បាំង​ជំនួញ និង​ឆ្មក់​ឱកាស​បង្កប់​ឈើ​ថ្មី​លាយឡំ​ជាដើម ឯ​ឈ្មួញ​ខ្លះ​ទៀត​ជា​ព្រះសង្ឃ​ដើរតួ​សុំ​បិណ្ឌបាត​ឈើ ដើម្បី​យក​ទៅ​សាងសង់​កុដិ សាលាឆាន់ និង​វិហារ​ជាដើម តែ​ការ​ពិត​យក​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុងស្រុក​ធ្វើមាន​ធ្វើ​បាន​យ៉ាង​រំភើយ ។

ជាក់ស្ដែង​ថ្មី​ៗ​នេះ ក៏​មានការ​ចុះ​បង្ក្រាប​ទាំង​យប់​អធ្រាត្រ​ពី​សំណាក់​លោក​អភិបាលខេត្ត​ផ្ទាល់​ផង​ដែរ​។ បើ​តាម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​ណែនាំ​អំពី​នីតិវិធី​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ផ្ទះ​ចាស់​ផង​ដែរ ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​សាធារណៈ និង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ឈើ​ផ្ទះ​ចាស់​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​ឈើ​ខុសច្បាប់ រដ្ឋបាល​ព្រៃឈើ​សូម​ធ្វើការ​ណែនាំ​ថា ការ​ដឹក​ជញ្ជូន​ឈើ​ផ្ទះ​ចាស់​ពី​កន្លែង​មួយ​យក​ទៅ​ប្រើប្រាស់​នៅ​កន្លែង​ផ្សេង​ទៀត ត្រូវ​មានការ​បញ្ជាក់​ដឹង​ឮ​ពី​អង្គភាព​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ដែល​នៅ​ជិត​បំផុត ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ និង​មាន​កំណត់ហេតុ​ច្បាស់លាស់​បញ្ជាក់​ពី​ស្ថានភាព​ដើម​នៃ​ផ្ទះ​ចាស់​រយៈពេល​សាងសង់​ទំហំ​ផ្ទះ ប្រភេទ​ឈើ និង​បរិមាណ​ឈើ​ដែល​បាន​មក​ពី​ការ​រុះរើ​ផ្ទះ​។ ឈើ​ផ្ទះ​ចាស់ សំដៅ​ដល់ ឈើ​ដែល​បាន​ប្រើ​ធ្វើ​ផ្ទះ​យ៉ាងតិច​៥​ឆ្នាំ ។

ដោយឡែក រថយន្ត​វេរ​អង​ដែល​បាន​ដឹកឈើ​ផ្ទះ​ចាស់​ខាងលើ​នោះ​បច្ចុប្បន្ន​ជំនាញ​កំពុង​ណែនាំ​អំពី​នីតិវិធី​និង​បំពេញបែបបទ​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ឆ្ពោះទៅ​គោលដៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ