ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ​សួរសុខទុក្ខកម្លាំង​​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ

17 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អាជ្ញាធរ​ខេត្ត ចុះ​សួរសុខទុក្ខ​កងកម្លាំង​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៥១ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល លើ​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដែល​បាន​ទទួល​ការ​គាំទ្រ​ទាំងស្រុង​ពី​សមាជ​រដ្ឋសភា​-​ព្រឹទ្ធសភា ក្នុង​ការ​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) លើ​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​នឹករឭក​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ចំពោះ​កងទ័ព​និង​ក្រុម​គ្រួសារ​កងទ័ព​ឈរជើង​តាម​បណ្ដោយ​ព្រំដែន ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោត​សរសេ​ី​រ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​របស់​កងទ័ព ក្នុង​កិច្ច​ការពារ​ជាតិ​ប្រកបដោយ​ឆន្ទៈ​មោះមុត និង​ស្មារតី​ស្នេហា​ជាតិ ជា​ពិសេស​តាម​ខ្សែបន្ទាត់​ព្រំដែន ។ ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា មាន​ប្រសាសន៍​ថា យន្តការ​សម្ព័ន្ធមេត្រីភាព និង​ការ​ចុះ​សួរសុខទុក្ខ គឺជា​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល និង​សប្បុរសជន​ទាំងអស់ ដែល​តែងតែ​បន្ត​កៀរគរ​បន្ថែម​ជា​និច្ច​សម្រាប់​គាំទ្រ​ទាហាន​ជួរ​មុខ ។

នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី សឹ​ង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គិតគូរ​ចំពោះ​សុខទុក្ខ ឧបត្ថម្ភ​គាំទ្រ​ជា​និច្ច ជា​ពិសេស​វត្តមាន​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ចុះ​មក​សំណេះ​សំ​ណា​ល​ផ្ទាល់​លើកទឹកចិត្ត និង​បាន​ប្តេជ្ញា​ចិត្ត​បន្ត​ការ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​ភាព​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា និង​រក្សា​សន្តិភាព​ជាតិ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​នាំ​យក​នូវ​អំណោយ​ជា​ថវិកា ព្រមទាំង​ស្បៀង អង្ករ គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត ចែក​ជូន​កងកម្លាំង ជា​ការ​អរគុណ​ចំពោះ​ការ​លះបង់​កម្លាំងកាយ និង​ញើស​ឈាម ដើម្បី​ការពារ​ជាតិ​មាតុភូមិ និង​លើកទឹកចិត្ត ឱ្យ​បន្ត​នូវ​កិច្ច​ការងារ​នេះ​តទៅ​មុខ​ទៀត ជា​ខឿន​ការពារ​ជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ