ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ ការ​ដោះស្រាយ​បញ្ហា​រឿង​ទឹកដី​ព្រំ​ដែន​មិន​អាច​ដោះស្រាយ​ដោយសារ​ធ្វើ​បាតុកម្ម​លើក​បដា​នោះ​ទេ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ពី​ការ​ធ្វើ​បាតុកម្ម​របស់ ក្រុម​បាតុករ​ថៃ​នៅ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ លើកយក​រឿង​បញ្ជា​ទឹក ដី ព្រំដែន វា​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ គឺ​មាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ពី​ការ​ធ្វើ​បាតុកម្ម​របស់ ក្រុម​បាតុករ​ថៃ​នៅ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ លើកយក​រឿង​បញ្ជា​ទឹក ដី ព្រំដែន វា​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ គឺ​មាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ពេល​ដែល​ក្រុម​បាតុករ​មួយ​ក្រុម​របស់​ថៃ​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៥ ។
ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា ការ​សម្តែង​មតិ​ដោយ​សន្តិវិធី​(​បាតុកម្ម​) គឺជា​រឿង​ធម្មតា​ទេ ឲ្យ​តែ​គាត់​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​របស់​ប្រទេស​គាត់ គឺ​អត់​មាន​បញ្ហា​អ្វី​នោះ​ទេ ។


ឯកឧត្តម​ថា ចំពោះ​ការ​សម្តែង​មតិ​ថា ស្រឡាញ់​ទឹកដី​ស្រឡាញ់​ជាតិ ក៏​ជា​រឿង​ធម្មតា​ដែរ ព្រោះថា​ប្រទេស​ណា ជនជាតិ​ណា ក៏​គេ​មាន​ទឹកចិត្ត​ដូច​គ្នា ។ យ៉ាងណា​ក្តី ចំពោះ​បញ្ហា​ព្រំដែន​នេះ​ដែរ ឯកឧត្តម​ប្រធាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការ​ដោះស្រាយ​បញ្ហា​ទឹកដី រឿង​ព្រំដែន​វា​មិន​អាច​ដោះស្រាយ​បាន ដោយសារ​ការ​ធ្វើ​បាតុកម្ម​លើក​បដា​នោះ​ទេ ។ គឺ​ដោះស្រាយ​បាន​តែ​តាម​រយៈផ្លូវ​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ឧត្តម​មា​នុ​វត្ត​ន៍​អន្តរជាតិ និង​យន្តការ​តុលាការអន្តរជាតិ​ទើប​អាច​ដោះស្រាយ​បាន​» ។

ឯកឧត្តម​បាន​បន្ត​ថា អី​ញ្ចឹ​ង​ហើយ​បាន​កម្ពុជា​យើង​បបួល​ភាគី​ថៃ ដើម្បី​ឡើង​ទៅ​តុលាការ
យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ឲ្យ​តុលាការ​នេះ​កាត់សេចក្តី ហើយ​ប្រសិនបើ​គាត់​អះអាង​ថា​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី របស់​គាត់ ប្រាកដជា​គាត់ (​ភាគី​ថៃ​) មាន​ឯកសារ ភស្តុ​តាង​ត្រឹមត្រូវ ដើម្បី​ដាក់​ជូន​តុលាការ​ធ្វើការពិនិត្យ ។

បើ​តាម​ឯកឧត្តម ប៉ែន បូ​ណា បាន​អះអាង​ថា ភាគី​កម្ពុជា​បាន​សន្យា​ថា នឹង​ទទួលយក​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ។ ចំណុច​នេះ គឺជា​វិធី​ដោះស្រាយ​ដ៏​ងាយ​បំផុត ដោយ​មិន​ចាំ​ចំណាយពេល​ធ្វើ​បាតុកម្ម ឬ​ក៏​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​នោះ​ទេ ដូច្នេះ​ហើយ​បាន​កម្ពុជា​បាន​ជ្រើសរើស​យក​ចំណុច​នេះ ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​វិញ ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​បាន​កំពុង​តែ​តាមដាន​រាល់​ស្ថានការណ៍​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​រហូត​មក​ដល់​ពេល​នេះ ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​ថា មាន​សភាព​ធម្មតា ។ នេះ​បើ​តាម​ឯកឧត្តម ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូម​ជម្រាប​ថា ពលរដ្ឋ​ថៃ​មួយ​ក្រុម​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា នៅ​ខាង​មុខ​ស្ថានទូត​ខ្មែរ ក្នុង​ទីក្រុង​បាងកក ។ ហើយ​ក្រុម​ប៉ូលិស​ថៃ​ត្រូវ​បាន​ដាក់​ពង្រាយ នៅ​ខាង​មុខ​ស្ថានទូត​កម្ពុជា ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

គួរ​ជម្រាប​ផង​ដែរ​ថា ភាព​តានតឹង​រវាង​ប្រទេស​ថៃ និង​កម្ពុជា បាន​កើតឡើង​បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ នៅ​តំបន់​ជម្លោះ​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​(​តំបន់​មុំ​បី​)​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ដែល​បណ្ដាល​ឱ្យ​ក ង​កម្លាំង​កម្ពុជា​ម្នាក់​បាត់បង់​ជីវិត ។

ផ្តើម​ចេញពី​ភាព​តានតឹង​នេះ កម្ពុជា​បាន​អះអាង​ថា នឹង​លើកយក​បញ្ហា​ព្រំដែន​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ខណៈ​ដែល​ភាគី​ថៃ​បាន​បង្ហាញ​ជំហរ​បដិសេធ​ក្នុង​ការ​បញ្ជូន​សំណុំរឿង​ទៅ​ភាគី​ទី​៣ ។

នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥​នេះ រាជរដ្ឋាភិបាល​ថៃ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ទី​២ ដោយ​បញ្ជាក់​ជា​ថ្មី​ថា ប្រទេស​ថៃ​មិន​បាន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) តាំងពី​ឆ្នាំ​១៩៦០​មក ។

កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ពី​ការ​សម្រេច​យក​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ថៃ ដែល​រួម​មាន​បញ្ហា​នៅ​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ បើ​ទោះជា​គ្មាន​កិច្ចសហការ​ណាមួយ​ពី​ប្រទេស​ថៃ​។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​(JBC) ដែល​ជា​យន្តការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ខាង​មុខ នៅ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​ដោយសារ​តែ​កម្ពុជា​បាន​សម្រេច លើកយក​បញ្ហា​ជម្លោះព្រំដែន​ជាមួយ​ថៃ​ក្នុង​តំបន់​ទាំង​៤​ខាងលើ ទៅ​តុលាការ ICJ​ហើយ​, នោះ​បញ្ហា​នៃ​តំបន់​ទាំង​បួន​នេះ នឹង​មិន​ត្រូវ​ដាក់​ចូល​ក្នុង​របៀប​វារ​:​នៃ​កិច្ចប្រជុំ JBC នា​ពេល​ខាង​មុខ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ