ខេត្តកណ្តាល៖ ពិតជារន្ធត់ណាស់ មនុស្ស២នាក់ បានស្លាប់ភ្លាមៗមួយរំពេច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូ ខណៈអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៤និង ៥នាទីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ លើផ្លូវលេខ១២A ក្នុងចន្លោះគីឡូម៉ែត្រលេខ០១ ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក HYUNDAI 5T ពណ៌ ស ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខ ភ្នំពេញ3F-1071 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) បើកក្នុងទិសដៅពីជើងទៅត្បូង(ពីកំពង់ផែស្វាយ័តភ្នំពេញបន្ទាយដែកទៅឈើទាល)តាមផ្លូវលេខ១២A ។
លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូម៉ាកHONDA DREAM C125 ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ1KR-9201 បើកបរដោយឈ្មោះ ង្វៀង យាំងយិន ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិវៀតណាម មានមានទីលំនៅ ភូមិអរិយ្សត្រ សង្កាត់អរិយ្សត្រ ក្រុងអរិក្សត្រ ខេត្តកណ្តាលមានអ្នករួមដំណើរម្នាក់ឈ្មោះ សុខ ហេង អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ភូមិជាមួយគ្នា ក្នុងទិសដៅផ្ទុយគ្នា (ពីត្បូងទៅជើង ពីឈើទាលទៅកំពង់ផែស្វាយ័តភ្នំពេញ) បណ្តាលអោយស្លាប់អ្នកជិះម៉ូតូទាំង០២នាក់ យ៉ាងរន្ធត់នៅលើដងផ្លូវតែម្តង ម៉ូតូខូចធ្ងន់ ចំណែករថយន្តខូចខាតតិចតួចតែប៉ុណ្ណោះ រួចបើកបរថយន្តបានចុះគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង សន្និដ្ឋានបឋមថា អ្នកបើកបររថយន្តបើកបរធ្វេសប្រហែស មិនប្រុងប្រយ័ត្នរំលោភចូលចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ និងបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាស្រុកកៀនស្វាយ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕





ចែករំលែកព័តមាននេះ