រាជធានីភ្នំពេញ ៖ ក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសទាត់ចោល នូវការចោទប្រកាន់ផ្ទុយពីការពិត ថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ ។ ការច្រានចោលនេះ បន្ទាប់ជនជាតិថៃមួយក្រុម បានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជា នៅក្នុងប្រទេសថៃ ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងយ៉ាងដូច្នេះថា ៖ “ឆ្លើយតប នឹងសំណួររបស់អ្នកកាសែត ពាក់ព័ន្ធនឹងករណីបាតុកម្ម នៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី៦ មិថុនា ២០២៥ នេះ ខ្ញុំសូមប្រកាសទាត់ចោល នូវការចោទប្រកាន់ផ្ទុយពីការពិត ថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ” ។
ឯកឧត្តមបានលើកឡើងទៀតថា ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៥ និង៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយ បានកើតឡើងនៅពេល ដែលកងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជា ជាយូរមកហើយ។ ការផ្ទុះអាវុធនេះ បានបណ្តាលឱ្យទាហានខ្មែរ ម្នាក់បាត់បង់ជីវិត ។
ឯកឧត្តម បានលើកឡើងទៀតថា ការវាយប្រហារនេះ បានបំពានទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងខែមិថុនា ឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេសតំបន់មានទំនាស់ ។
ជាមួយគ្នានោះដែរ ឯកឧត្តមបានអះអាងថា កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ច នូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី ៕




ចែករំលែកព័តមាននេះ