រាជធានីភ្នំពេញ ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះនូវលទ្ធផល ក្រោយជំនួបចរចា ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឯកឧត្តម Phumtham Wechayachai ថា ៖ ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នានោះ បញ្ហាព្រំដែននៅតែមានភាពចម្រូងចម្រាសដដែល ។
ការលើកឡើងរបស់ប្រមុខក្រសួងការពារជាតិកម្ពុជា ខាងលើនេះ បន្ទាប់ពីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ។
ឯកឧត្តម ទៀ សីហា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានខ្លឹមថា ៖ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។
ឯកឧត្តម ទៀ សីហា ថាជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីបានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនា ដោយសន្តិវិធី ទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ ។
ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា ចំណុចភាគីថៃ បានស្នើសុំឲ្យកម្ពុជា ដកកងទ័ពចេញពីទីតាំងឈរជើង នៅតំបន់មុំបី ដែលប្រយុទ្ធគ្នា កាលពីថ្ងៃទី ២៨ ឧសភា កន្លងទៅ ភាគីកម្ពុជា បដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍ តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំង ដែលកងទ័ពកម្ពុជា បានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ ។
ប្រមុខក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ ។ ក្នុងនោះ ភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំណុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ យើងក៏បានឯកភាពគ្នា ក្នុងការបន្តយន្តការចរចា ក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀត នាថ្ងៃខាងមុខ ។
ឯកឧត្តម បន្ថែមថា ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំ JBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ ៕



ចែករំលែកព័តមាននេះ