រាជធានីភ្នំពេញ ៖ សម្តេចបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីថា ការដាក់បញ្ហាចំនួន៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន នៅតំបន់ទាំងនោះ ដោយសន្តិវិធី ឲ្យបានឆាប់ចប់ ។
យោងតាមបណ្តាញសង្គមរបស់សម្តេចបវរធិបតី បានសរសេយ៉ាងដូច្នេះថា ៖ ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណ ឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ។
សម្តេចបវរធិបតី បានបញ្ជាក់ថា ៖ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ថា កម្ពុជាប្រកាន់ខ្ជាប់ នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ។ ការសម្រេចចិត្តរបស់កម្ពុជា ដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន នៅតំបន់ទាំងនោះ ដោយសន្តិវិធី អោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិល រយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតី បានអះអាងថា កម្ពុជាបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ។
សម្តេចបានលើកឡើងថា បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការ ដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរកម្ពុជា-ថៃ ៕

ចែករំលែកព័តមាននេះ