ប្រទេសវៀតណាម ៖ ចំនួនភ្ញៀវបរទេសទៅកាន់ប្រទេសវៀតណាមក្នុងឆមាសទី១ នៃឆ្នាំនេះបានឈានដល់ ១០,៧លាននាក់ ពោលកើនឡើង ២០,៧% បើធៀបនឹងកាលពីឆ្នាំមុន ប៉ុន្តែបើតាមការចេញផ្សាយពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បានឱ្យដឹងថា ចំនួននេះ នៅតែទាបជាងប្រទេសថៃដែលបានស្វាគមន៍ភ្ញៀវបរទេសចំនួន ១៦,៦លាននាក់រយៈពេលដូចគ្នា។
ប្រទេសចិនដីគោកនៅតែជាទីផ្សារកំពូលរបស់វៀតណាម អំឡុងខែមករាដល់ខែមិថុនា នៅក្នុងចំនួន ២,៧២លាននាក់ កើនឡើង ៤៤% តាមពីក្រោយដោយកូរ៉េខាងត្បូង ២,២លាននាក់ តៃវ៉ាន់ ៦២៩ ០០០នាក់ សហរដ្ឋអាមេរិក ៤៤៩ ០០០នាក់ និងជប៉ុន ៣៩៣ ០០០នាក់ ឈរនៅចំណាត់ថ្នាក់កំពូលទាំង ៥ ។ ចំណែក កម្ពុជា ៣៦ម៉ឺននាក់ ឥណ្ឌា ៣៣៧ ០០០នាក់ អូស្ត្រាលី ២៧៥ ០០០នាក់ ម៉ាឡេស៊ី ២៦៦ ០០០នាក់ និងរុស្ស៊ី ២៥៩ ០០០នាក់ ដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០។
វៀតណាមបានកត់សម្គាល់ពីកំណើនភ្ញៀវរុស្ស៊ី ដោយកើនឡើងខ្ពស់បំផុត ២៣៩% នៅក្នុងរយៈពេល៦ខែឆ្នាំនេះ ដោយសារការបន្តជើងហោះហើរត្រង់ឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេលជាយូរ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។
អ្នកជំនាញផ្នែកទេសចរណ៍បានចាត់ទុកការអនុវត្តដ៏រឹងមាំរបស់វៀតណាម ចំពោះគោលនយោបាយលើកលែងទិដ្ឋាការដ៏អំណោយផល ការពង្រីកយុទ្ធនាការផ្សព្វផ្សាយ និងការបង្កើតព្រឹត្តិការណ៍ដែលធ្វើឡើងដើម្បីអបអរថ្ងៃបុណ្យជាតិសំខាន់ៗរបស់ខ្លួន ជាកត្តាទាក់ទាញភ្ញៀវបរទេសយ៉ាងសំខាន់។
ដំណើរនៅពាក់កណ្តាលផ្លូវនៃឆ្នាំនេះ ក៏បានឃើញពីការផ្លាស់ប្តូរមួយចំនួននៅក្នុងគោលនយោបាយទិដ្ឋាការផងដែរ នៅពេលដែលប្រទេសវៀតណាមប្រកួតប្រជែង ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់សម្រាប់វិស័យទេសចរណ៍។ ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ប្រទេសវៀតណាមបានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងស្វីស ចូលមកក្នុងកញ្ចប់ដំណើរទេសចរណ៍រយៈពេល៤៥ថ្ងៃ។
នៅពាក់កណ្តាលខែមីនា រដ្ឋាភិបាលវៀតណាមក៏បានសម្រេចចិត្តបន្តការលើកលែងទិដ្ឋាការរហូតដល់ឆ្នាំ២០២៨ សម្រាប់មកពីពលរដ្ឋប្រទេសចំនួន ១២ រួមមាន ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ន័រវែស អេស្ប៉ាញ រុស្ស៊ី កូរ៉េខាងត្បូង ស៊ុយអែត និងចក្រភពអង់គ្លេស ខណៈដែលការលើកលែងនេះ បានផុតកំណត់រួចទៅហើយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥៕ ប្រភព ៖ VnExpress

ចែករំលែកព័តមាននេះ