រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះម៉ូតូ១គ្រឿងចេញពីផ្ទះជួលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ប៉ុន្តែនៅសល់ត្រឹមចម្ងាយប្រមាណជាង៣គីឡូម៉ែត្រទៀត ទើបដល់មន្ទីរពេទ្យ ស្រាប់តែមានចោរ២នាក់ជិះម៉ូតូ២គ្រឿងតាមពីក្រោយ ។ បន្ទាប់មក ចោរម្នាក់ឆក់យកកាបូបពីនាងបានសម្រេចរួចជិះគេចខ្លួន ហើយនាងក៏បានស្រែកថា«ចោរៗ»ព្រមទាំងជិះម៉ូតូដេញតាម ក៏ស្រាប់តែបក្ខពួកចោរម្នាក់ទៀតធាក់ម៉ូតូ បណ្ដាលឲ្យនាងដួលរងរបួស រួចពួកចោរបានជិះម៉ូតូគចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះឈ្នះ ហៅ(ផ្លូវអូរដឹមកប់ស្រូវ) ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះទឹម សារ៉ាន់ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

នាងបាននិយាយថា នៅក្នុងកាបូបដែលចរឆក់យកទៅបាត់នោះ មានខ្សែ.កមាស១ខ្សែទម្ងន់៣ជីកន្លះ, ខ្សែដៃមាស១ខ្សែទម្ងន់៣ជីកន្លះ, ប្រាក់ចំនួន១,២០០,០០០រៀល(មួយលានពីរសែនរៀល) ។ ទូរស័ព្ទដែម៉ាក OPPO ០១គ្រឿងប្រើស៊ីម, អត្តសញ្ញាណប័ណ្ណច្បាប់ដើម០១សន្លឹក, ប័ណ្ណសម្គាល់យានយន្តច្បាប់ដើម, ប័ណ្ណបសសច្បាប់ដើម០១សន្លឹក កាតធនាគារច្បាប់ដើម០៣សន្លឹក ។

ដោយឡែក ជនសង្ស័យ២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មិនចាំស្លាកលេខ១គ្រឿង និងម៉ូតូមិនស្គាល់ម៉ាក១គ្រឿង គឺជិះម្នាក់១គ្រឿង ។ នារីរងគ្រោះរូបនោះបាននិយាយបន្តទៀតថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ -3074 ចេញពីបន្ទប់ជួល ឆ្ពោះទៅកាន់មន្ទីរពេទ្យជាតិតេជោសន្តិភាព ដើម្បីព្យាបាលជំងឺ ។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែចោរម្នាក់ដែលជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ឆក់យកកាបូបពីនាងបានសម្រេចរួចជិះម៉ូតូគេចខ្លួន ។ ពេលនោះ នាងបានស្រែកថា ចោរៗ និងជិះម៉ូតូដេញតាម ក៏ស្រាប់តែបក្ខពួកចោរម្នាក់ទៀតជិះម៉ូតូមកពីក្រោយធាក់ម៉ូតូនាង បណ្ដាលឲ្យដួលរងរបួសស្រាល ហើយចោរបាននាំគ្នាជិះម៉ូតូយកកាបូបនាងគេចខ្លួនបាត់ស្រមោលអស់តែម្ដង ៕



ចែករំលែកព័តមាននេះ