ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ព្រំដែន​កម្ពុជា​ជាមួយ​ថៃ វៀតណាម និង ឡាវ​៖ ពលរដ្ឋ​ត្រូវ​ដឹង​រឿង​ទាំងនេះ

1 ខែ មុន
  • ភ្នំពេញ

កម្ពុជា​មាន​ផ្ទៃដី​មិនធំ​ឡើយ​ហើយ​ទំហំ​ផ្លូវការ​ដែល​ប្រកាស​គឺ​ត្រឹម ១៨១.០៣៥ គីឡូ​ម៉ែត្រការ៉េ​ដែល​មាន​ព្រំប្រទល់​ជាប់​ថៃ ឡាវ និង វៀតណាម ប៉ុន្តែ​ព្រំដែន​យើង​ស្មុគស្មាញ​កំណត់​មិន​ច្បាស់ លាស់ ដែល​ទាមទារ​ការ​អំណត់​និង​ព្យាយាម​ដោះស្រាយ​ជា​ជំហាន​ៗ ។…

កម្ពុជា​មាន​ផ្ទៃដី​មិនធំ​ឡើយ​ហើយ​ទំហំ​ផ្លូវការ​ដែល​ប្រកាស​គឺ​ត្រឹម ១៨១.០៣៥ គីឡូ​ម៉ែត្រការ៉េ​ដែល​មាន​ព្រំប្រទល់​ជាប់​ថៃ ឡាវ និង វៀតណាម ប៉ុន្តែ​ព្រំដែន​យើង​ស្មុគស្មាញ​កំណត់​មិន​ច្បាស់ លាស់ ដែល​ទាមទារ​ការ​អំណត់​និង​ព្យាយាម​ដោះស្រាយ​ជា​ជំហាន​ៗ ។

ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​បាន​នូវ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន គឺ​កម្ពុជា​បាន​ចរចា​ជាមួយនឹង​ឡាវ​និង​វៀតណាម​បាន​ជាង​៨០​ភាគរយ ខណៈ​ជាមួយ​ថៃ គឺ​បាន ត្រឹម​រក​បង្គោល​ចាស់​ៗ​ដែល​បោះ​តាំងពី​សម័យ​អាណានិគម​បារាំង​។ ដោយសារ​តែ​បញ្ហារ​ស្មុគស្មាញ​នេះ​ហើយ ទើប​បញ្ហា​ព្រំដែន​គឺជា​រឿង​ដ៏​រសើប ហើយ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​កម្មវត្ថុ​នៃ​សកម្មភាព​នយោបាយ​ជា​បន្តបន្ទាប់​ដោយ​ប្រទេស​ជិតខាង ជា​ពិសេស​គឺ​ថៃ និង វៀតណាម ។

ដោយឡែក​សម្រាប់​កម្ពុជា​និង​ថៃ​ក្រោម​សម្ពាធ​ជាតិនិយម​ជ្រុល​ពី​សំណាក់​អ្នកនយោបាយ​ទាំង​ពីរ​ប្រទេស បញ្ហា​ព្រំដែន​រវាង​រាជាណាចក្រ​ទាំង​ពីរ​បាន​កើត​មាន​ទំនាស់​រហូត​ដល់​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០០៨ ដល់​បច្ចុប្បន្ន ។

នៅ​ពេល​នេះ​សភាពការណ៍​នៅ​ព្រំដែន​គឺ​បាន​កំពុង​តែ​ឡើងក​ម្តៅ ហើយ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ក៏​សុទ្ធតែ​បាន​អះអាង​អំពី​ការ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ការពារ​ដែន​អធិបតេយ្យភាព​និង​បូរណៈភាព​ទឹកដី រៀង​ៗ​ខ្លួន ។ ដើម្បី​បញ្ចប់​អរិភាព នៅ​តំបន់​ប្រទាញប្រទង់​ពោល​គឺ​តំបន់​រសើប​បំផុត កម្ពុជា​បាន​ផ្តួចផ្តើម​ហើយ​បបួល​ថៃ​ឲ្យ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡា​អេ​ទាំងអស់​គ្នា លើ​ករណី នៅ​តំបន់​ចំនួន​៤ ពោល​គឺ មុំ​៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង តា​ក្របី ។ ក្រោយ​ការ​បបួល​រដ្ឋាភិបាល​ថៃ​ប្រតិកម្ម​តប​ហើយ​មិន​ព្រមទៅ​ឡើយ ហើយ​នៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង តាម​យន្តការ​ទ្វេរ​ភាគី ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ នៅ​ក្នុង​នាម​ជា​ពលរដ្ឋ យើង​គួរតែ​ដឹង​សាវតា​ខ្លះ​ៗ​ពី​បញ្ហា​ព្រំដែន​របស់​យើង​ជាមួយនឹង​ប្រទេស​ជិតខាង ពោល​គឺ​ថៃ ឡាវ និង វៀតណាម ។ ខ្សែ​ព្រំដែន​កម្ពុជា​និង​ថៃ ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រវែង​សរុប​ប្រមាណ ៨០៥ គីឡូម៉ែត្រ ដែល​ក្នុង​នោះ​ខ្សែ​ព្រំដែន​ដើរ​តាម​ដីគោក​មាន​ប្រវែង​ប្រមាណ​៥៩៥ គីឡូម៉ែត្រ និង​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹក​មាន​ប្រវែង​ជាង ២១០ គីឡូម៉ែត្រ​។ ខ្សែរ​ព្រំដែន​នេះ គឺ​លាតសន្ធឹង​ពី ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តពោធិ៍សាត់ និង​ខេត្តកោះកុង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឡាំ ជា ដែល​ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ធ្លាប់​បាន​ធ្វើ​បទ​បង្ហាញ​នា​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២៤ ហើយ​ត្រូវ​បាន​សារព័ត៌មាន​ដកស្រង់ ថា ភាគី​ទាំង​ពីរ​គឺ​កម្ពុជា​និង​ថៃ​បាន​កំពុង​បាន​ចុះ​វាស់វែង និង​ស្វែងរក​ទីតាំង​នៃ​បង្គោល​ព្រំដែន​ទាំង ៧៤ ដែល​បាន​បោះ​ដោយ​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ចន្លោះ​ឆ្នាំ ១៩១៩- ១៩២០ ។ បន្ទាប់​ពី​រុករក​រួម​គ្នា ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​លើ​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​ចំនួន​៤២​បង្គោល និង​ពុំ​ទាន់​ឯកភាព​គ្នា​ចំនួន​៣២​បង្គោល ដោយនៅ​ក្នុង​នោះ​២៤​បង្គោល​ដែល​បាន​រក​ឃើញ​បាន​ឯកភាព​គ្នា​ជួសជុល​ឱ្យ​ដូច​គំរូ​ដើម​នៃ​បង្គោល​ព្រំដែន​សម័យ​បារាំង​។

កិច្ចការ​នេះ​គឺ​បាន​ធ្វើ​ឡើង​តាម គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ ដែល​បន្សល់​ទុក​ដោយ​អា ណានិគម (Uti Possidetis) គឺ​បណ្តា​ផែនទី​ដែល​ជា​លទ្ធផល នៃ​កិច្ចការ​ខណ្ឌសីមា​របស់​គណៈ កម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម ដែល​បង្កើត​ឡើង​តាម​អនុសញ្ញា ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា ឆ្នាំ​១៩០៧ រវាង​បារាំង​-​សៀម និង​ឯកសារ​ដទៃ​ទៀត ដែល​ទាក់ទង​ទៅ​នឹង​ការ​អនុវត្តន៍​អនុសញ្ញា​ឆ្នាំ ១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ រវាង​បារាំង​-​សៀម ។

ក្រៅពី​នោះ កិច្ចការ​នេះ​ក៏​ផ្អែក​នៅ​លើ​អនុសញ្ញា​បារាំង​-​សៀម ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩០៤ ដែល​បាន​កែប្រែ​អត្ថន័យ​នៃ​សន្ធិសញ្ញា ចុះ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​១៨៩៣ ទាក់ទង​ទៅ​នឹង​ដែនដី និង​ការ​ព្រមព្រៀង​ដទៃ​ទៀត និង​សន្ធិសញ្ញា ចុះ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​១៩០៧ ព្រមទាំង​ពិធីសារ​ស្តី​ពី​ការ​កំណត់ព្រំដែន​ដែល​ជា​ឧ​ប​សម្ព័ន្ធ​នៃ​សន្ធិសញ្ញា ចុះ​ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ​១៩០៧ ។ បន្ថែម​ពី​នោះ​គឺ​ភាគី​ទាំង​ពីរ​ក៏​បាន ផ្អែក​លើ គោលការណ៍​ច្បាប់​អន្តរជាតិ និង​ឧត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ​លើ​វិស័យ​កំណត់ព្រំដែន​។

សម្រាប់​ឡាវ​ដែល​ធ្លាប់​មាន​ភាព​តានតឹង​ខ្លះ ប៉ុន្តែ​មិន​បាន​ផ្ទុះអាវុធ​ឡើយ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​មាន​ខ្សែបន្ទាត់​ព្រំដែន​សរុប​ប្រវែង ជាង ៥៤០ គីឡូម៉ែត្រ ហើយ​ខេត្ត​ដែល​ជាប់​ឡាវ​គឺ​មាន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​។ ទាក់ទង​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ឡាវ លោក ឡាំ ជា បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​សម្រេចការ​ត្រួតពិនិត្យ​ខ្សែ​ព្រំដែន​រួម​បាន​ប្រមាណ ៤៦៥ គីឡូម៉ែត្រ​ស្មើនឹង ៨៦% និង​នៅ​សល់​ប្រមាណ ១៤%​។ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បោះបង្គោល​ព្រំដែន​លើ​ដី​ជាក់ស្ដែង​បាន​ចំនួន ២៧២ បង្គោល ដោយ​បង្គោល​ព្រំដែន​មេ​ចំនួន ១១១ បង្គោល និង​បង្គោល​ព្រំដែន​បំពេញបន្ថែម​ចំនួន ១៦១ បង្គោល​។
ជាមួយនឹង​វៀតណាម គឺ​កម្ពុជា​មាន​ព្រំដែន​សរុប​ប្រវែង​ជាង ១.២៧០ គីឡូម៉ែត្រ​តាម​បណ្តោយ​ខេត្ត​៩ គឺ​ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្តកំពត​។

ពាក់ព័ន្ធ​លទ្ធផល​សម្រេច​បាន​លើ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក កម្ពុជា​-​វៀត ណាម គឺថា ភាគី​ទាំង​ពីរ​បាន​សម្រេច​កំណត់​បាន​សរុប​ប្រវែង ១.០៤៥ គីឡូម៉ែត្រ ដែល​ស្មើនឹង ៨៤% នៃ​ប្រវែង​ខ្សែ​ព្រំដែន​សរុប​ប្រមាណ ១.២៧០ គីឡូម៉ែត្រ​។ ជាមួយ​គ្នា​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​បោះបង្គោល​ព្រំដែន​លើ​ដី​ជាក់ស្តែង​បាន​ចំនួន ២.០៤៧ បង្គោល ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​មេ​សរុប​ចំនួន ៣១៥ បង្គោល​, បង្គោល​ព្រំដែន​បំពេញបន្ថែម​ចំនួន ១.៥១១ បង្គោល និង​បង្គោល​តម្រុយ​ព្រំដែន​ចំនួន ២២១ បង្គោល​។

សរុប​ទៅ​នេះ​គឺជា​សមិទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​បូរណៈភាព​នៃ​ប្រទេស តាម​រយៈ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​ជិតខាង ។ លើ​កិច្ចការ​ព្រំដែន​នេះ​កម្ពុជា​តែងតែ​ប្រកាន់​យក​គោលការណ៍​ច្បាប់ និង បច្ចេកទេស​ជា​អន្តរជាតិ ហើយ​ដោះស្រាយ​តាម​គ្រប់​យន្តការ​នៅ​ក្នុង​គោលបំណង​តែ​មួយ​ទេ​គឺ​កំណត់ព្រំដែន​អោយ​ច្បាស់លាស់​ហើយ​បង្កើន​កម្លាំង​ការពារ​និង​អភិវឌ្ឍន៍​ប្រទេស​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ