រាជធានីភ្នំពេញ ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយរត់ទៅឆក់ទូរសព្ទ oppo មួយគ្រឿង ពីជនរងគ្រោះ នៅវេលាម៉ោង០២ និង៣៧នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២១៧ ភូមិមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ទូច រ័ត្នសារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនច្បាស់លាស់ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះកំពុងអង្គុយចុចទូរសព្ទ ស្របពេលនោះ ក៏លេចមុខជនសង្ស័យ ហើយបានធ្វើសកម្មភាពរត់ទៅឆក់បានសម្រេច ។ ភ្លាមៗជនសង្ស័យ ក៏រត់គេចខ្លួនតោងតាមបង្គោលភ្លើង ឡើងទៅលើដំបូលផ្ទះប្រជាពលរដ្ឋ ពួនសម្ងំលាក់ខ្លួន។ ខណៈនោះ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងប៉ុស្តិ៍ស្ទឹងមានជ័យទី២ សហការគ្នាឡោមព័ទ្ធ ។ ពេលនោះជនសង្ស័យក៏បានហក់ចូលទៅក្នុងប្រឡាយលូស្ទឹងមានជ័យ ដើម្បីរត់រកគេចខ្លួច ប៉ុន្តែក៏ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឃាត់យកបានភ្លាមៗ។ ចំណែកទូរសព្ទម៉ាក oppo សមត្ថកិច្ចយកបានមកវិញ និងប្រគល់អោយជនរងគ្រោះវិញផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បញ្ជូនទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដែលជាម្ចាស់ករណី បន្តនីតិវិធីច្បាប់ ៕


ចែករំលែកព័តមាននេះ