រាជធានីភ្នំពេញ ៖ ស្ត្រីជាជនអនាថាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអង្គុយស្លាប់ផ្អែកសសរស្ពានអាកាសមហាវិថីសុី ជីនពីង ជម្ពូវ័ន ក្នុងស្ថានភាពក្បាលពោះធំ ហើយពាក់អាវ ប៉ុន្តែអាក្រាតល្វែងក្រោម បន្ទាប់មកប្រជាពលរដ្ឋក៏បានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យ ។
ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រោមស្ពានអាកាសមហាវិថីសុី ជីនពីង ជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះខាងលើមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយបើតាមសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យប្រាប់ថា ស្ត្រីនេះមានក្បាលពោះធំ មិនមែនមានផ្ទៃពោះនោះទេ គាត់មានជំងឺក្រិនថ្លើម ឬគេតែងតែហៅថាជំងឺទាចទឹក ។ ដោយឡែកលទ្ធផលនៃការពិនិត្យកោសល្យវិច័យនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានរាជធានីភ្នំពេញ គឺគាត់ស្លាប់ដោយជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា កន្លងមកគេតែងតែឃើញស្ត្រីដែលជាជនអនាថារូបនោះស្នាក់នៅក្រោមស្ពានអាកាសមហាវិថីសុី ជីនពីង ជម្ពូវ័ន នេះរាល់ថ្ងៃ ប៉ុន្តែពុំមាននរណាបានស្គាល់ពីសាវតារបស់គាត់នោះឡើយ ។ ដោយឡែកនៅវេលាម៉ោងខាងលើមានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទិនោះបានប្រទះឃើញស្ត្រីខាងលើអង្គុយស្លាប់ផ្អែកសសរស្ពានអាកាសនោះតែម្នាក់ឯង ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានបានដឹង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយទទួលបានដំណឹងនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅមើល រួចរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឲ្យចុះទៅនាំយកសាកសពទៅកាន់ឈាបនដ្ឋានវត្តព្រៃស្ពឺ ដើម្បីធ្វើការពិនិត្យកោសល្យវិច័យតាមជំនាញ ដោយឡែករដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចំណាយទៅលើការរៀបចំធ្វើបុណ្យបូជាសពស្ត្រីរូបនោះ ៕



ចែករំលែកព័តមាននេះ