ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាត់​ទុក​ការ​ប្រកាស​របស់​ថៃ​ដែល​ថា ទីតាំង​ទាំង​១៧ តាម​បណ្តោយ​ព្រំដែន​ជា​ទឹកដី​របស់​ខ្លួន គឺជា​ការ​គំរាម​អនុវត្ត​ដោយ​បង្ខំ​នូវ​ការ​ខណ្ឌសីមា​លើ​ដី​ជាក់ស្តែង​ដោយ​ឯកតោភាគី

49 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រកាស​របស់​ភាគី​ថៃ ដែល​ថា ទីតាំង​ទាំង ១៧ តាម​បណ្តោយ​ព្រំដែន​ជា​ទឹកដី​របស់​ខ្លួន គឺជា​ការ​គំរាម​អនុវត្ត​ដោយ​បង្ខំ នូវ​ការ​ខណ្ឌសីមា…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រកាស​របស់​ភាគី​ថៃ ដែល​ថា ទីតាំង​ទាំង ១៧ តាម​បណ្តោយ​ព្រំដែន​ជា​ទឹកដី​របស់​ខ្លួន គឺជា​ការ​គំរាម​អនុវត្ត​ដោយ​បង្ខំ នូវ​ការ​ខណ្ឌសីមា លើ​ដី​ជាក់ស្តែង ដោយ​ឯកតោភាគី ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​សេចក្តីរាយការណ៍​ថ្មី​ៗ​នេះ នៅ​លើ​គេហទំព័រ​ផ្លូវការ​នានា​របស់​ប្រទេស​ថៃ ជា​ពិសេស​គេហទំព័រ​របស់​ការិយាល័យ​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ថៃ និង​ទីបញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រា​ត ព្រមទាំង​កាសែត The Nation Thailand ដែល​ហាក់ដូច​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ «​ឈ្លានពាន​» ទឹកដី​ថៃ នៅ​ទីតាំង​ចំនួន ១៧ ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន ពី​ខេត្តពោធិ៍សាត់​ដល់​ខេត្តកោះកុង រួម​ទាំង​តំបន់ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ នៃ​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ទល់មុខ​នឹង​ស្រុក​មឿង ខេត្ត​ត្រា​ត នៃ​ប្រទេស​ថៃ ។

ក្នុង​សេចក្តី​ប្រកាស​នេះ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC)​ភាគី​កម្ពុជា បាន​ធ្វើ​លិខិតតវ៉ា​ទៅ​កាន់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ភាគី​ថៃ កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ ហើយ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​បញ្ជាក់​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ ឱ្យ​បាន​ជ្រាប​ដូច​ខាងក្រោម ៖

១. ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ថៃ និង​ទីបញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រា​ត ខាងលើ គឺជា​ការ​គំរាម​អនុវត្ត​ដោយ​បង្ខំ នូវ​ការ​ខណ្ឌសីមា​លើ​ដី​ជាក់ស្តែង​ដោយ​ឯកតោភាគី ដែល​រំលោភ​លើ​ខ្លឹមសារ នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ ២០០០ (MOU ២០០០) ជា​ពិសេស រំលោភ​លើ​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ ហើយ​អាច​បំផ្លាញ​លទ្ធផល និង​កិច្ច​ខិតខំ​ប្រឹងប្រែង​នា​ពេល​កន្លង​មក និង​ការ​ចរចា​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​របស់ JBC នៃ​ភាគី​ទាំង​ពីរ ។

២. សកម្មភាព​ឯកតោភាគី​ខាងលើ គឺជា​ការ​បង្កហេតុ ដែល​អាច​នាំ​ឱ្យ​មាន​ភាព​តានតឹង​កើនឡើង​នៅ​តាម​ព្រំដែន និង​ជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ ២០២៥, លទ្ធផល នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ និង​លទ្ធផល នៃ​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) ជា​ពិសេស​បំពាន​លើ​កំណត់ហេតុ​កិច្ចប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ទប់ស្កាត់​រាល់​សកម្មភាព ដែល​ធ្វើ​ឱ្យ​ខូច ដល់​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ឱ្យ​មានការ​យល់​ច្រឡំ បង្កើន​ភាព​តានតឹង​នៅ​តាម​ព្រំដែន ឬ ពង្រីក​វិសាលភាព និង​ទំហំ​នៃ​ជម្លោះ ។

៣. ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន គឺ​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ផ្តាច់មុខ​របស់ JBC នៃ​ប្រទេស​ទាំង​ពីរ ដោយ​គ្មាន​យន្តការ ឬ​ស្ថាប័ន​ផ្សេង​ណាមួយ​មាន​សមត្ថកិច្ច​លើ​កិច្ចការ​នេះ​ឡើយ​។ ក្នុង​ន័យ​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ លើកយក​បញ្ហា​ខាងលើ​នេះ​មក ដោះស្រាយ​តាម​រយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ដែល​គ្រោង​រៀបចំ​កិច្ចប្រជុំ នា​ពេល​ដ៏​ឆាប់​ខាង​មុខ ។

ជាមួយ​គ្នា​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​ញ្ជា​ក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ និង​ឥត​ងាករេ ក្នុង​ការ​ដោះស្រាយ​ការងារ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​បាន​ឯកភាព​ដោយ​ភាគី​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ