ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការបរទេស​កម្ពុជា​បង្ហាញ​ពី​ការ​វិវត្តន៍​ថ្មី​រឿង​ព្រំដែន​ដល់​សមាជិក​អង្គទូត​បរទេស​ចំនួន​៤៣​រូប និង​តំណាង​ទីភ្នាក់ងារ​អង្គ​ការសហប្រជា​ជាតិ​​ចំនួន​៦

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងការបរទេស​កម្ពុជា​​បាន​​បង្ហាញ​ពី​ការ​វិវត្តន៍​ថ្មី​រឿង​ព្រំដែន​ដល់​សមាជិក​អង្គទូត​បរទេស​ចំនួន​៤៣​រូប និង​តំណាង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ចំនួន​៦ ​។ ការ​បង្ហាញ​នេះ​ ខណៈ​កម្ពុជា​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​មិត្ដភាព​ចំពោះ​រាល់​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ ។ ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងការបរទេស​កម្ពុជា​​បាន​​បង្ហាញ​ពី​ការ​វិវត្តន៍​ថ្មី​រឿង​ព្រំដែន​ដល់​សមាជិក​អង្គទូត​បរទេស​ចំនួន​៤៣​រូប និង​តំណាង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ចំនួន​៦ ​។ ការ​បង្ហាញ​នេះ​ ខណៈ​កម្ពុជា​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​មិត្ដភាព​ចំពោះ​រាល់​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ ។

ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង លោក​ជំទាវ អ៊ា​ត សោភា រដ្ឋមន្ត្រី​ស្តីទី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​ការ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ជា​ពិសេស ​នៅ​តំបន់​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

បទ​បង្ហាញ​នេះ ​មានការ​ចូលរួម​ពី​សមាជិក​អង្គទូត​បរទេស​ចំនួន​៤៣​រូប និង​តំណាង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ចំនួន​៦ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ជំទាវ​រដ្ឋមន្ដ្រី​ស្តីទី​បាន​គូសបញ្ជាក់​សា​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់​កម្ពុជា ក្នុង​ការ​គោរព​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ដែល​បាន​ព្រមព្រៀង​គ្នា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​រាល់​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ពី​ថ្ងៃ​ទី​៧ ខែសីហា និង​ថ្ងៃ​ទី​១០ ​ខែកញ្ញា ក៏​ដូច​ជា​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​ក្នុង​ខែសីហា​ ឆ្នាំ ២០២៥​។

លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​មិត្ដភាព​ចំពោះ​រាល់​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ តាម​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ដោយ​រក្សា​នូវ​គោល​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើ​កម្លាំង​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ