ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលកើតឡើងនៅខាងមុខខារ៉ាអូខេ «៣៣៣ចាស់» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងហេតុការណ៍នេះ មានជនជាតិខ្មែរចំនួន០២ក្រុម បានប្រព្រឹត្តសកម្មភាពវាយគ្នាទៅវិញទៅមកដោយប្រើកាំបិតបុ័ងតោ បណ្តាលឱ្យមានបុរសម្នាក់រងរបួសធ្ងន់ត្រង់ក្បាល ត្រូវបានបញ្ជូនទៅព្យាបាលបឋមនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ចំការចេក) ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលបានធ្វើស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅវេលាម៉ោង ១៧និង៤០នាទី ថ្ងៃខែឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យភេទប្រុសចំនួន ០៥នាក់ ពីរភាគីដែលជាជនជាតិខ្មែរ បន្ទាប់ពីសួរនាំ និងស្រាវជ្រាវ បានបញ្ជាក់ថាជនទាំងនេះពាក់ព័ន្ធជាក់ស្តែងនឹងសកម្មភាពខាងលើ ។ ជនសង្ស័យរងរបួសត្រូវបានការព្យាបាល ដោយរងរបួសក្បាល (ដេរចំនួន ៣ថ្នេរ ជម្រៅ ០.៥សម, ប្រវែង ៣.៥សម) ។

អត្តសញ្ញាណជនសង្ស័យ៖
ភាគីទី១ :
១-សាយ និល (ប្រុស, កើតឆ្នាំ ១៩៨៨) មុខរបរ ដឹកសង្ហារឹម
២-និល សន្យា (ប្រុស, កើតឆ្នាំ ២០០៨) មុខរបរ នៅផ្ទះ ។
ភាគីទី២ :
១-សុខ ចាន់រះ (ប្រុស, កើតឆ្នាំ ២០០៤) មុខរបរ ដឹកអីវ៉ាន់
២-អឿន គីមហេង (ប្រុស, កើតឆ្នាំ ១៩៩៩) មុខរបរ រត់ផាស់អាប់
៣-ស៊ុន សុខលី (ប្រុស, កើតឆ្នាំ ២០០៥) មុខរបរ រត់ផាស់អាប់ ។
សម្ភារៈត្រូវបានចាប់យក៖

- ម៉ូតូ BAJAJ RE ពណ៌ស គ្មានស្លាកលេខ ០១គ្រឿង
- ម៉ូតូ CB150R ពណ៌ខ្មៅ ស្លាកលេខ កំពត 1Q-4922
- ទូរស័ព្ទ iPhone X, VIVO, OPPO (ចំនួន ៣គ្រឿង)
- ច្រវាក់ម៉ូតូ ១ខ្សែ
- សោម៉ាលែតដែក ១ដើម
- កាំបិតបុ័ងតោ ១ដើម ។
ជនសង្ស័យទាំង ៥នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលបញ្ជូនសំនុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ជាបន្ត ៕

ចែករំលែកព័តមាននេះ