ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីៗជើងខ្លាំងបានណាត់គ្នាសាកកម្លាំងថ្វីដៃនៅវាលស្រែ ត្រូវសមត្ថកិច្ច
នគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការឃាត់ខ្លួនទាំងពីរក្រុម ក្រោយពេលវាយគ្នារួចទៅដាក់ពាក្យបណ្តឹង ។

នគរបាលស្រុកសាមគ្គីមុនីបាននិយាយឱ្យដឹងថា ដោយបានការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងគោលការណ៍ឯកភាពពី តំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ឱ្យជំនាញចំណាត់ការតាមនីតិវិធីលើករណីក្រុមក្មេង
ទំនើងជាស្រីៗដែលបានណាត់សាកកម្លាំងរវាងគ្នានិងគ្នា ដោយការវាយគ្នាផ្ទាល់នៅក្នុងស្រែ ។

នគរបាលស្រុកដដែលបានបន្តថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពី ឈ្មោះ ផាត លីចាន់ស៊ី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ប្ដឹងឈ្មោះ រស់ ព្រីរីហ្សា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ចុងបណ្ដឹង ជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចំណាត់ការ។ ភាគីដែលត្រូវគេប្ដឹង រស់ ព្រីរីហ្សា រួមជាមួយបក្ខពួកចំនួន ០៣នាក់ផ្សេងទៀត ទី១-ឈ្មោះ ប៊ុន រតនា ភេទស្រី អាយុ ១៧ឆ្នាំ ភូមិព្រៃសំរោង ឃុំលំហាច ស្រុកអង្គស្នួល ទី២-ឈ្មោះ ជា វិបុត្រ ប្រុស អាយុ ១៧ឆ្នាំ និងទី៣-ឈ្មោះ ផាត សុខអាយ ភេទស្រី អាយុ ១៦ឆ្នាំ ។

នគរបាលស្រុកដដែលបានបន្ថែមទៀតថា កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បក្ខពួកចំនួន០៣នាក់ និងឈ្មោះ រស់ ព្រីរីហ្សា បានជិះម៉ូតូមកដល់គោលដៅដែលបានណាត់ជួបគ្នា (តាមបណ្ដាញសង្គម messages) នៅចំណុចបឹងស្រែខាងកើតនៅក្នុងភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ រីឯឈ្មោះ ផាត លីចាន់ស៊ី មានគ្នាចំនួន២នាក់ រួមជាមួយបក្ខពួកឈ្មោះ យ៉េន យ៉ា រី អាយុ ១៧ឆ្នាំ។

ក្រោយបានជួបជជែកគ្នាមិនទាន់ចប់ផង ឈ្មោះ រស់ ព្រីរីហ្សា បានហក់ទៅវាយឈ្មោះ ផាត លីចាន់ស៊ី និងបានធ្វើសកម្មភាពវាយតបតគ្នា តាមបច្ចេកទេសរៀងៗខ្លួន វាយគ្នាទៅវិញ ទៅមក បណ្ដាលឱ្យមានការប្រឡាក់ភក់និងរងរបួសរៀងៗខ្លួន ។

បើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន បាននិយាយឲ្យដឹងថា ភាគីទាំងសងខាងបានធ្វើការចោទប្រកាន់លើគ្នាទៅវិញទៅមក ដូច្នេះសមត្ថកិច្ចនគរបាលបានឃាត់និងបញ្ជូនសំណុំរឿងទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ត។ ជាក់ស្ដែងសមត្ថកិច្ចនគរបាលបានធ្វើការដកហូតវត្ថុតាងទូរស័ព្ទចំនួន០៥គ្រឿង ដែលជាមធ្យោបាយបង្កហេតុ នាំឱ្យឈានដល់ការណាត់ជួបសាកកម្លាំងគ្នានេះ៕
ចែករំលែកព័តមាននេះ