ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អាស៊ាន​២​ជាប់​ក្នុង​បញ្ជី​គោលដៅ​ល្អ​បំផុត​ទាំង​១០​លើ​លោក សម្រាប់​និវត្តន៍​ជន

1 ថ្ងៃ មុន

អន្តរជាតិ ៖ ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​ថៃ បាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ប្រទេស​ជា​គោលដៅ​ល្អ​បំផុត​ទាំង​១០​នៅ​លើ​ពិភពលោក​ឆ្នាំ ២០២៥ សម្រាប់​និវត្តន៍​ជន​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី International Living…

អន្តរជាតិ ៖ ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​ថៃ បាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ប្រទេស​ជា​គោលដៅ​ល្អ​បំផុត​ទាំង​១០​នៅ​លើ​ពិភពលោក​ឆ្នាំ ២០២៥ សម្រាប់​និវត្តន៍​ជន​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី International Living ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អៀរ​ឡង់​បាន​ចេញផ្សាយ​។

ប្រទេស​ម៉ា​ឡេ​ស៊ី​ជាប់​ចំណាត់ថ្នាក់​ទី​៧​។ ចំណែក​ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​ទី​១០ នៅ​ក្នុង​ស​ន្ទ​ស្សន៍​ប្រាក់​សោធន​និវត្តន៍​សកល​ប្រចាំឆ្នាំ ២០២៥ ដោយ​ផ្អែក​លើ​ការ​វាយតម្លៃ​កត្តា​ដូច​ជា លំនៅ​ដ្ឋា​ន ទិដ្ឋាការ អត្ថប្រយោជន៍ តម្លៃ​ចំណាយ​លើ​ការ​រស់នៅ ការ​ថែទាំ​សុខភាព លក្ខខណ្ឌ​អាកាសធាតុ ការ​អភិវឌ្ឍន៍ អភិបាលកិច្ច និង​ចំណាត់ថ្នាក់​នៃ​ការ​ទំនាក់ទំនង​។

យោង​តាម​របាយការណ៍​ខាងលើ ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​ភាព​ទាក់ទាញ​ដ៏​សំខាន់ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ចូល​និវត្តន៍​ទទួល​បាន​កម្រិតជីវភាព​រស់នៅ​ល្អ ជាមួយនឹង​ការ​ចំណាយ​ដ៏​សមរម្យ​។ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ (Kuala Lumpur) អា​ផាត​មិន​មួយ​បន្ទប់​ជា​ធម្មតា​ជួល​ក្នុង​តម្លៃ ៣០០-៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ជាមួយ​ឧបករណ៍​ប្រើប្រាស់​មាន​តម្លៃ​ប្រហែល ៤០-៦០​ដុល្លារ​។ ការ​ទទួលទាន​អាហារ​នៅ​ក្រៅ​ផ្ទះ​វិញ ក៏​មាន​តម្លៃ​ថោក​ផង​ដែរ ដោយ​អាហារ​ក្នុងស្រុក​មាន​តម្លៃ​ត្រឹមតែ ២ ទៅ ៣ ដុល្លារ​ប៉ុណ្ណោះ​។ លើស​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ រដ្ឋ​ផ្សេង​ទៀត ដូច​ជា​ប៉េ​ណា​ង (Penang) និង​ម៉ា​ឡា​កា (Malacca) ក៏​ផ្តល់​ជូន​នូវ​តម្លៃ​ដ៏​ល្អ​ឥត​ខ្ចោះ​ផង​ដែរ​ទាក់ទាញ​និវត្តន៍​ជន​។

ប្រទេស​ម៉ា​ឡេ​ស៊ី​មាន​អាកាសធាតុ​ត្រូពិច និង​សីតុណ្ហភាព​ចាប់ពី ២៥-៣៥ អង្សា​សេ​។​សម្រាប់​ការ​ស្នាក់​នៅ​រយៈពេល​វែង ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ផ្តល់​ជូន​នូវ​ជម្រើស​ទិដ្ឋាការ​ជា​ច្រើន​តម្រូវ​សម្រាប់​និវត្តន៍​ជន និង​ជនបរទេស​ស្នាក់​នៅ​ម៉ា​ឡេ​ស៊ី​តែ​ធ្វើការ​ពី​ចម្ងាយ​ដោយ​ប្រើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​អ៊ីនធឺណិត​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ហៅ​ថា Digital Nomad Visa​។

របាយការណ៍​ដដែល​នេះ ក៏​បាន​រាយការណ៍​ថា ប្រទេស​ថៃ​គឺជា​បេះដូង​នៃ​អាស៊ី​អាគ្នេយ៍ ដោយ​រួម​បញ្ចូល​គ្នា​នូវ​ប្រាសាទបុរាណ​ជាមួយនឹង​អគារ​ខ្ពស់​ៗ រថភ្លើង​ល្បឿន​លឿន ទូក​កន្ទុយ​វែង និង​ភោជនីយដ្ឋាន​គ្រប់​កម្រិត​ជា​ច្រើន​។ នៅ​ទីក្រុង​បាងកក និវត្តន៍​ជន​អាច​ជួល​អា​ផាត​មិន​ប្រភេទ Studio Room មាន​តម្លៃ​ប្រហែល​៦០០​ដុល្លារ​ក្នុង​មួយ​ខែ ចំណាយ​ប្រហែល​១៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​លើ​ការ​ញ៉ាំ​អាហារ និង​ដើរ​លេង​ជុំវិញ​ទីក្រុង​ក្នុង​តម្លៃ​តិច​ជាង​១០០​ដុល្លារ​ក្នុង​មួយ​ខែ​។

ខេត្ត​ឈៀង​ម៉ៃ ដែល​ល្បីល្បាញ​ដោយសារ​ព្រះ​វិហារ​ពុទ្ធសាសនា និង​បរិយាកាស​ស្ងប់ស្ងាត់ ក៏​ជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​និវត្តន៍​ជន​ផង​ដែរ​។ អា​ផាត​មិន​មួយ​បន្ទប់​គេង​ដ៏​ធំ​ទូលាយ​នៅ​ទីនោះ​មាន​តម្លៃ​ក្រោម​៥០០​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ការ​ទទួលទាន​អាហារ​នៅ​តូប​លក់​អាហារ​ដ៏​ពេញ​និយម​អាច​មាន​តម្លៃ​១២​ដុល្លារ សម្រាប់​មនុស្ស​ពីរ​នាក់​។

ប្រទេស​ថៃ​ក៏​មាន​គោលនយោបាយ​ទិដ្ឋាការ​ងាយស្រួល​បំផុត​មួយ​នៅ​លើ​ពិភពលោក សម្រាប់​និវត្តន៍​ជន​ដោយ​ផ្តល់​ការ​ស្នាក់​នៅ​រហូត​ដល់​១០​ឆ្នាំ សម្រាប់​ជនបរទេស​ដែល​ទទួល​បាន​សិទ្ធិ​។

យ៉ាងណាមិញ ក្នុង​បញ្ជី​ដដែល​នេះ ប្រទេស​ប៉ា​ណា​ម៉ា​ឈរ​នៅ​កំពូល​តារាង គឺជា​ប្រទេស​ល្អ​បំផុត​សម្រាប់​និវត្តន៍​ជន​ប្រចាំឆ្នាំ ២០២៥ តាម​ពីក្រោយ​ដោយ​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ កូ​ស្តា​រី​កា ម៉ិ​ក​ស៊ិ​ក បារាំង អេ​ស្ប៉ា​ញ ក្រិ​ក និង​អ៊ី​តា​លី​៕ ដកស្រង់ ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ