ប្រទេសហ្វីលីពីន ៖ ប្រមុខពាណិជ្ជកម្មរបស់ហ្វីលីពីនបានថ្លែងថា ហ្វីលីពីននឹងព្យាយាមចរចាទម្លាក់ពន្ធរបស់សហរដ្ឋអាមេរិកដែលដាក់លើខ្លួនរហូតដល់អត្រាសូន្យពីអត្រាដើម ១៧% ដែលត្រូវបានប្រកាសដោយប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។ នេះបើយោងតាមប្រភពពី Bloomberg បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
លោកស្រី Cristina Roque លេខាធិការពាណិជ្ជកម្មហ្វីលីពីន គ្រោងនឹងជួបជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិកក្នុងសប្តាហ៍នេះ។ លោកស្រីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា «ការរំពឹងទុកនោះ គឺក្តីសង្ឃឹមថានឹងទទួលបានអ្វីដែលល្អបំផុតសម្រាប់យើង»។
នៅពេលការចរចាកើតឡើង ប្រទេសហ្វីលីពីនបានផ្តល់ការបញ្ជាទិញផលិតផលកសិកម្មបន្ថែមទៀតពីអាមេរិក ខណៈពេលដែលការយកពន្ធរបស់អាមេរិកលើទំនិញហ្វីលីពីនគឺទាបជាងច្រើនបើប្រៀបធៀបជាមួយប្រទេសជិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន។
រដ្ឋាភិបាលហ្វីលីពីនកំពុងសង្ឃឹមថា នឹងទទួលបានកិច្ចព្រមព្រៀងប្រសើរជាងមុនជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយរបស់ខ្លួន អំឡុងពេល៩០ថ្ងៃដែលលោក ត្រាំ បានប្រកាសផ្អាកការអនុវត្តពន្ធគយ។ លោកស្រី Cristina Roque បានថ្លែងថា ប្រទេសហ្វីលីពីនគ្រោងនឹងជំរុញការនាំចូលទំនិញកសិកម្មរបស់សហរដ្ឋអាមេរិក រួមទាំងសណ្តែកសៀង និងសាច់បង្កក ដើម្បីទទួលបានមកវិញនូវអត្រាពន្ធទាប។ ជាមួយគ្នានោះ រដ្ឋាភិបាលហ្វីលីពីនក៏កំពុងសម្លឹងមើលការនាំចេញផលិតផលប្រើប្រាស់សម្រាប់ការផលិតបន្ទះឈីប រួមទាំងផ្លែដូង និងផ្លែស្វាយបន្ថែមទៀតទៅកាន់អាមេរិកផងដែរ។ លោកស្រី Roque បានបន្តថា «មន្ត្រីអាមេរិកប្រហែលជាមានការស្នើសុំផ្សេងទៀតពីយើងដែលយើងនឹងដឹងនៅពេលទៅដល់ទីនោះ»។
សូមជម្រាបជូនថា ពាណិជ្ជកម្មអាមេរិកជាមួយហ្វីលីពីនមានចំនួនសរុបប្រហែល ២៣,៥ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយអាមេរិកបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន ៤,៩ពាន់លានដុល្លារជាមួយហ្វីលីពីន។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក៕

ចែករំលែកព័តមាននេះ