ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​រថយន្ត​ពី​ភ្នំពេញ ទៅ​លាក់ខ្លួន​នៅ​ខេត្តកំពត ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​៤​នាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៤​នាក់​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​១​គ្រឿង​បាន​សម្រេច បន្ទាប់​មក​បាន​បើក​ចេញ​គេចខ្លួន​ពី​រាជធានី​ភ្នំពេញ ទៅ​លាក់ខ្លួន​នៅ​ឯ​ខេត្តកំពត ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ស្រាវជ្រាវ​ដឹង ក៏​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពត​ឃាត់​បាន​ទាំង​៤​នាក់​រួច​នាំ​មក​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​២៥​នាទី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០៥ ខែមករា…

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៤​នាក់​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​១​គ្រឿង​បាន​សម្រេច បន្ទាប់​មក​បាន​បើក​ចេញ​គេចខ្លួន​ពី​រាជធានី​ភ្នំពេញ ទៅ​លាក់ខ្លួន​នៅ​ឯ​ខេត្តកំពត ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ស្រាវជ្រាវ​ដឹង ក៏​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពត​ឃាត់​បាន​ទាំង​៤​នាក់​រួច​នាំ​មក​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​២៥​នាទី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​៣៥B ផ្លូវ​លេខ​២B បុរី​លឹ​ម​ឈាង​ហាក់ ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​០៤​នាក់​នោះ​រួម​មាន ១-​ឈ្មោះ ឈឹ​ម បូ​រ៉ា អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ២-​ឈ្មោះ លី រ៉ា​វី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ ពៅ ពេជ្រ អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ៤-​ឈ្មោះ ប្រាក់ អុល អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ទ្រា​១ ស​ងា្ក​ត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​នគរបាល​ដកហូត​បាន​រថយន្ត​០១​គ្រឿង​ម៉ាក Toyota Prius ពណ៌​ខៀវ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BK-0148 លេខ​តួ​JTDKB20U367081254 លេខ​ម៉ាស៊ីន​1NZU051712 ។ រថយន្ត​នេះ​ត្រូវ​បាន​លោក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ប្រគល់​ជូន​ម្ចាស់​ឈ្មោះ គ្រី រី​កូ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៥B ផ្លូវ​លេខ​២B បុរី​លឹ​ម ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​វិញ​ហើយ​។

នគរបាល​បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ជន​រង​គ្រោះ​បាន​ទុក​រថយន្ត​០១​គ្រឿង​ខាងលើ នៅ​មុខ​ផ្ទះ​ដោយ​បាន​ចាក់សោ​ទ្វារ​រថយន្ត​ត្រឹមត្រូវ រួច​ក៏​បាន​ចូល​សម្រាក​ក្នុងផ្ទះ ។ ខណៈនោះ​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​នោះ​បាន​សម្រេច ហើយ​ក៏​ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​បាន​ដេក​លង់លក់​រហូត​ដល់​វេលា​ម៉ោង​០៤​និង​១៥​នាទី​ជិត​ភ្លឺ ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦​ទើប​ភ្ញាក់ ។

នគរបាល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​ក្រោក​ពី​ដេក​ជន​រង​គ្រោះ​បាន​ចេញ​ទៅ​មើល​រថយន្ត ស្រាប់តែ​បាត់​មិនឃើញ​ក៏​បាន​ទៅ​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ដង្កោ ឱ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​រថយន្ត​របស់​ខ្លួន​ត្រលប់​មក​វិញ ។​បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព នគរបាល​បានឃើញ​អំពី​សកម្មភាព​ក្រុម​ជនសង្ស័យ​ចូល​ទៅ​លួច​រថយន្ត​១​គ្រឿង​នោះ​នៅ​វេលា​ម៉ោង​០២​និង​២៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៦ ។ បន្ទាប់​មក​នគរបាល​បាន​ស្រាវជ្រាវ​បន្ត​រហូត​កំណត់​បាន​គោលដៅ​ដែល​ក្រុម​ជនសង្ស័យ​កំពុង​លាក់ខ្លួន ទើប​ចុះ​ទៅ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​០៤​នាក់​ខាងលើ​នោះ ។ មិនតែប៉ុណ្ណោះ​នគរបាល​ក៏​បាន​ដកហូត​រថយន្ត​ព្រូស​ដែល​ក្រុម​នេះ​លួច​បាន​មក​វិញ​ផង​ដែរ រួច​នាំ​ខ្លួន​ត្រលប់​មក​ភ្នំពេញ​វិញ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ