កម្ពុជា និងវៀតណាម កំពុងដុតដៃដុតជើង ជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នាអោយកាន់តែខ្លាំងក្លាកើនឡើង រហូតដល់២០ពាន់លានដុល្លារ តាមការចង់បានរបស់មេដឹកនាំរបស់ប្រទេសទាំងពីរ ។
នេះបើតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែមេសា ស្តីអំពីទស្សនកិច្ចរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចការងារនេះបានរំលេចពីកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដោយផ្តោតសំខាន់លើការបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ តាមរយៈការអនុវត្តឲ្យមានកាន់តែមានប្រសិទ្ធភាព និងពេញលេញនូវយន្តការ ដែលមានស្រាប់ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងអាសិបជាដើម ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ២០២៥-២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីចូលរួមចំណែកឈានទៅសម្រេច បានគោលដៅទំហំពាណិជ្ជកម្មចំនួន២០ ពាន់លានដុល្លារអាមេរិក តាមការដាក់ចេញរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា តាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា កម្ពុជា និងវៀតណាមមានការធ្វើពាណិជ្ជកម្មជាមួយគ្នា តម្លៃជាង៧ពាន់លានដុល្លារក្នុងរយ:ពេល១១ខែឆ្នាំ២០២៤កន្លងមក ដោយកើនឡើងជាង២៦ភាគរយ បើប្រៀបធៀបរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
ចែករំលែកព័តមាននេះ