ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រជាជនកម្ពុជា ប្រកាសនៅតែខាំស្មៅជាមួយពលរដ្ឋបើមានការគំាទ្រ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា ទោះបីជា​ពេល​បច្ចុប្បន្ន​កម្ពុជា​បាន និង​កំពុង​ជួប​បញ្ហា​ប្រឈម​ជាមួយ​សមរភូមិ​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​ដោយ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​រត់​ចោល​ប្រជាពលរដ្ឋ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា ទោះបីជា​ពេល​បច្ចុប្បន្ន​កម្ពុជា​បាន និង​កំពុង​ជួប​បញ្ហា​ប្រឈម​ជាមួយ​សមរភូមិ​សង្គ្រាម​ពាណិជ្ជកម្ម​ក៏​ដោយ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​រត់​ចោល​ប្រជាពលរដ្ឋ​នោះ​ទេ នៅ​តែ​បន្ត​ខាំ​ស្មៅ​ជាមួយ​ពលរដ្ឋ​ជា​និច្ច ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ផ្លូវជាតិ​លេខ​៣១, ៣៣,៤១ នា​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា នៅ​ទូ​ទាំង​ពិភពលោក បាន​ជួប​បញ្ហា​ជា​បន្តបន្ទាប់​មិន​ចេះ​អស់ មិន​ចេះ​ហើយ ចប់​ពី​មួយ​ចូល​មួយ ។

ជាក់ស្តែង បន្ទាប់​ពី​បញ្ចប់​បញ្ហា​ជំងឺ​កូ​វី​ដ ជាស​កល​មក​ចូល​មក​ដល់​សង្គ្រាម​ប្រដាប់​អាវុធ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​សព្វ​ថ្ងៃនេះ​ទៀត ទាំង​កម្ពុជា និង​បណ្តា​ប្រទេស​ជា​ច្រើន ក្នុង​ពិភពលោក កំពុង​ជួប​បញ្ហា​ប្រឈម​សង្គ្រាម​ពាណិជ្ជកម្ម ។ ចំពោះ​បញ្ហា​ខាងលើ​នេះ សម្តេច​បវរ​ធិ​បតី​អះអាង​ថា នៅ​ទូ​ទាំង​សកលលោក បាន​ខកខាន​ក្នុង​ការ​ជួប​ប្រទះ​អស់​រយៈពេល​ប្រមាណ​ជា​១០០​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​ក្នុង​ពេល​កំពុង​ជួប​បញ្ហា​ទាំង​អស់នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា គឺ​រាជរដ្ឋាភិបាល​មិន​បោះបង់​ពលរដ្ឋ​ម្នាក់​ណា​ចោល​នោះ​ទេ នៅ​តែ​បន្ត​រួមរស់​ជាមួយ​គ្នា ពោល គឺ​បន្ត​ខាំ​ស្មៅ​ជាមួយ​ប្រជាពលរដ្ឋ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់ កើត​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​រត់​ចោល​ប្រជាពលរដ្ឋ​ឡើយ គឺ​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ការពារ​ផលប្រយោជន៍ និង​ធានា​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី​គូសបញ្ជាក់​ថា ៖«​យើង​ធ្វើ​ពាណិជ្ជកម្ម​គ្រប់​ប្រទេស​ទាំងអស់ អត់​មាន​រើស​ពី​ណា​គេ​ទេ យើង​ធ្វើ​ការងារ​ជាមួយ​បណ្តា​គ្រប់​ប្រទេស ។ យើង​នាំ​ចេញ​គ្រប់​ទំនិញ​ទាំងអស់​យើង​មិន​ពឹងផ្អែក​តែ​ទៅ​លើ​ទេសចរណ៍ យើង​មិន​ពឹងផ្អែក​តែ​ទៅ​លើ​ឧស្សាហ៍កម្ម យើង​មិន​ពឹងផ្អែក​តែ​ទៅ​លើ​កសិកម្ម​ទេ យើង​ត្រូវ​ពង្រាយ​សក្តានុពល និង​ទាញ​យក​សក្តានុពល​របស់​ប្រទេស​របស់​យើង ដើម្បី​ឲ្យ​បាន​គ្រប់​វិស័យ​បង្កើត​ការងារ​ឲ្យ​គ្រប់​ច្រកល្ហក់​ជូន​ប្រជាពលរដ្ឋ​យើង​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ យើង​ធ្វើ​យ៉ាងណា​បន្ត​ដើរទៅ​មុខ​ទៀត ប្រទេស​យើង​មិន​ឈប់​ទេ ហើយ​សូម​ជឿ​ចុះ​រដ្ឋាភិបាល​មិន​រត់​ចោល​បងប្អូន​ទេ យើង​នៅ​ខាំ​ស្មៅ​ជាមួយ​គ្នា​» ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​៣ មេ​សា រដ្ឋបាល​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​កបាន​ប្រកាស​ដំឡើង​ពន្ធ​ទៅ​ដល់​បណ្តា​ប្រទេស​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​ដែរ ដែល​ដំឡើង​ដល់​៤៩% លើ​ផលិតផល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ