រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែយកម៉ូតូម៉ាកស្គូពីមួយគ្រឿងទៅវាយកំទិចចោលក្រោមស្ពានព្រះមុនីវង្សចាស់ ហើយក៍បានដុតកំទិចចោលថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រោមស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែយកម៉ូតូស្កុបពីមួយគ្រឿងដែលបណ្តើរចុះមកក្រោមស្ពានព្រះមុនីវង្សចាស់ ហើយវាយកម្ទេចម៉ូតូ រួចហើយក៍បានដុតចោលអោយឆេះសន្ធោសន្ធៅសល់តែគ្រោងឆ្អឹងដែកតែប៉ុណ្ណោះ ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីដុតម៉ូតូចោលហើយ បុរសរូបនោះក៍បានដើរចេញទៅបាត់តែម្តងទៅ ។
ពាក់ព័ន្ធករណីខាងលើនេះ ពុំឃើញមានសមត្ថកិច្ចមូលដ្ឋាននិងជំនាញណាចុះទៅពិនិត្យនិងសួរនាំអ្វីនោះទេ ហើយក៏មិនដឹងថាម៉ូតូខាងលើ មានជាប់ពាក់ព័ន្ធធ្វើសកម្មភាពអ្វី ឬប្រព្រឹត្តបទល្មើសអ្វីនោះទេ ទើបបានជាយកដុតចោលបែបនេះ ។
ក្រោយកើតហេតុ នៅសល់តែគ្រោងឆ្អឹងដែក ហើយមិនឃើញជំនាញពាក់ព័ន្ធណាចុះទៅយកគ្រោងឆ្អឹងម៉ូតូនិងម៉ាស៊ីន ត្រូវបានក្រុមអេតចាយនៅម្តុំនោះ នាំគ្នីគ្នាសែងយកទៅបាត់តែម្តង ៕










ចែករំលែកព័តមាននេះ