ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ៧​មក​រា ធ្វើ​រដ្ឋ​បាល​​ដូច​ភ្លៀងរលឹម​នៅ​បុរី​កីឡា

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ៧​មក​រា បាន​បន្ត​ការ​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​អគារ​បុរី​កីឡា និង​បាន​នាំ​មនុស្ស​ចំនួន​៤​នាក់ ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ កាលពីព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ៧​មក​រា បាន​បន្ត​ការ​ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​អគារ​បុរី​កីឡា និង​បាន​នាំ​មនុស្ស​ចំនួន​៤​នាក់ ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ កាលពីព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ ។ លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ បានចាត់​ឲ្យ​លោក​ណុ​ប ផា អភិបាលរង​ខណ្ឌ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ចុះ​ធ្វើ​រដ្ឋបាលនៅ​តំបន់​ដែល​មាន​ភាព​ស្មុគស្មាញ ក្នុងភូមិ​សាស្ត្ររបស់​ខ្លួន ។

ការ​ចុះ​ធ្វើ​រដ្ឋបាល​នេះ គឺ​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​រាល់​បញ្ហា​អសន្តិសុខ ដែល​អាច​កើត​មាន​ឡើង បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ និង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ ធ្វើតេស្ត​រក​សារធាតុ​ញៀន រួច​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ធ្វើការ​កែប្រែ​អប់រំ​បន្ត ។

លោក ណុ​ប ផា បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខណ្ឌ​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ចុះ​ធ្វើ​រដ្ឋបាល​ជាប់​ជា​ប្រចាំ​នៅ​តំបន់​អគារ​បុរី​កីឡា​នេះ ព្រោះ​តំបន់​នេះ ជា​តំបន់​ភូមិសាស្ត្រ​ស្មុគស្មាញ ឧស្សាហ៍​កើត​មាន​សកម្មភាព​ក្មេង​ទំនើង ជន​ញៀន​ថ្នាំ និង​អំពើ​អសន្តិសុខ​មួយ​ចំនួន ដែល​កើត​មាន​ឡើង​ទាំង​ពេល​យប់ និង​ពេល​ថ្ងៃ បង្ក​ជា​ក្តី​ព្រួយបារម្ភ​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អគារ​មួយ​នេះ ។

លោក​អភិបាលរង​ខណ្ឌ​បន្ត​ថា ភាព​អ​នា​ធិ​បតេ​យ្យ និង​សកម្មភាព​អសន្តិសុខ​មួយ​ចំនួន​នៅ​តំបន់​បុរី​កីឡា ត្រូវ​បាន​បង្ក្រាប ដែល​បច្ចុប្បន្ន​មាន​ភាពល្អ​ប្រសើរ​ឡើង​ច្រើន​ហើយ​។ ទោះជា​យ៉ាងណា កម្លាំង​អាជ្ញាធរ ក៏​មិន​បាន​បន្ធូរដៃ​ក្នុង​ការ​មាន​វិធានការ​រដ្ឋបាល​លើ​បញ្ហា​នេះ​ឡើយ គឺ​នៅ​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ រហូត​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជា​ការ​ធានា​បាន​សន្តិសុខ​ល្អ​ជូន​ពលរដ្ឋ ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បុរី​កីឡា​នេះ បាន​សម្តែង​ក្តី​សប្បាយ​រីករាយ និង​ពេញចិត្ត​បំផុត ចំពោះ​សកម្មភាព​ចុះ​ធ្វើ​រដ្ឋបាល​របស់​អាជ្ញាធរ​។នេះ​ជា​ការ​ទប់ស្កាត​​ បង្ការ​បាន​ពី​សកម្មភាព​អ​សន្តិសុខ​នានា ដែល​តែង​កើត​មាន​ឡើង​ពី​សំណាក់​ជន​ទំនើង ឬ​មុខសញ្ញា​ជា​ក្រុម​ជនសង្ស័យ​ផ្សេង​ៗ ដែល​យក​តំបន់​អគារ​បុរី​កីឡា​ជាទី​កន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស ឬ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម ។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ៧​មក​រា ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​បុរី​កីឡា​នេះ ។ការ​ចុះ​ធ្វើ​រដ្ឋបាល​កាលពី​ពេល​កន្លង​ៗ​ទៅ គឺ​តែងតែបាន​ប្រមូល​ក្រុម​ជន​ទំនើង ក្មេង​ញៀន​ថ្នាំ ជនអនាថា ឬ​ជនសង្ស័យ​មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លួច ឆក់ ឬ​គ្រឿងញៀន​ជាដើម ដោយ​បាន​ដកហូត​វត្ថុ​តាង​ជា​ច្រើន​ជា​បន្តបន្ទាប់ និង​បាន​ឃាត់ខ្លួន​មនុស្ស ហើយ​បាន​ប្រើ​វិធានការ​អប់រំ រួម​ជាមួយ​វិធានការ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ