សង្គ្រាមអ៊ុយក្រែន ៖ បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីរុស្សុី លោកវ្ល៉ាឌីមៀរពូទីនពីបទឈប់បាញ់គ្នា៣ថ្ងៃពីថ្ងៃទី៨ទៅ១០ឧសភានៃសង្គ្រាមនៅអ៊ុយក្រែន នាឱកាសខួបជ័យជម្នះរបស់រុស្សុីលើពួកណាហ្សុី ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី កាលពីថ្ងៃទី២៨មេសាបានបរិហារថា នោះជាការបំភ្លៃដែលមានមានន័យថា មេដឹកនាំរុស្សុីរូបនេះមិនចង់បានបទឈប់បាញ់គ្នាដ៏យូរអង្វែងមួយឡើយ។

ក្នុងសារប្រចាំថ្ងៃរបស់លោកប្រធានាធិបតីអ៊ុយក្រែនលើកឡើងថា គ្រប់គ្នាត្រូវរង់ចាំមើលថ្ងៃទី៨ឧសភា ដែលបន្ទាប់មកមានការឈប់បាញ់គ្នាដែលគ្រាន់តែសម្រាប់ធានាដល់ភាពស្ងប់់ស្ងាត់នាឱកាសព្យុហយាត្រាយោធាថ្ងៃ៨ឧសភានៅទីលានក្រហមក្រុងមូស្គូប៉ុណ្ណោះ។ បន្ទាប់មករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោកអានឌ្រីអីុសុីប៊ីហ្គាថ្លែងនាថ្ងៃទី២៨មេសាដែរថា លោកហ្សេឡេនស្គីស្នើដល់រុស្សុី ឲ្យបង្កើតបទឈប់បាញ់គ្នាជាបន្ទាន់ និងជាសកលដោយគ្មានលក្ខខណ្ឌយ៉ាងតិច៣០ថ្ងៃ។
លោកហ្សេឡេនស្គីមិនបានគូសបញ្ជាក់ច្បាស់ថា តើលោកនឹងបញ្ជាដល់កងទ័ពលោកឲ្យគោរពបទឈប់បាញ់គ្នានោះដែលលោកពូទីនប្រកាសសម្រាប់ថ្ងៃទី៨ទៅ១០ឧសភាដែរឬយ៉ាងណាឡើយ។ វិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនត្រូវធ្វើតាមសំណើនោះតែដោយព្រមានថា កងទ័ពរុស្សុីនឹងផ្ដល់ចម្លើយតបវិញសមស្របនិងមានប្រសិទ្ធភាព ក្នុងករណីមានការបំពានលើបទឈប់បាញ់គ្នានោះ។
លោកពូទីនធ្លាប់ប្រកាសពីបទឈប់បាញ់គ្នារយៈពេល៣០ម៉ោងរួចហើយពីថ្ងៃទី១៩ទៅ២០មេសានាឱកាសបុណ្យកាតូលិកPAQUES ។ ភាគីទាំង២បន្ទាប់មកចោទគ្នាទៅវិញទៅមកថា រំលោភបំពានទោះបីការប្រយុទ្ធគ្នាបានចុះថយច្រើនគួរឲ្យកត់សម្គាល់ ហើយការបាញ់ផ្លោងក៏ចុះថយដែរក្ដី៕
ចែករំលែកព័តមាននេះ