ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលាន​វា.យ​កូន​ហ្គោ​ល​លោក ត្រាំ រង​ការ​បំផ្លិ.ចបំផ្លា.ញ ក្រោយ​ការ​អត្ថាធិប្បាយ​ចង់​លុប​តំបន់​ហ្គា​ស្សា

14 ម៉ោង មុន

ប្រទេស​ស្កុ​តឡែ​ន ៖ សកម្មជន​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​មួយ​ក្រុម​បាន​អុកឡុក និង​បំផ្លិចបំផ្លាញ​ទីលាន និង​រមណីយដ្ឋាន​វាយ​កូន​ហ្គោ​ល​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​ក្នុង​ប្រទេស​ស្កុ​តឡែ​ន ដែល​ជា​កម្មសិទ្ធិ​របស់​លោក ដូ​ណា​ល់ ត្រាំ (Donald Trump)…

ប្រទេស​ស្កុ​តឡែ​ន ៖ សកម្មជន​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​មួយ​ក្រុម​បាន​អុកឡុក និង​បំផ្លិចបំផ្លាញ​ទីលាន និង​រមណីយដ្ឋាន​វាយ​កូន​ហ្គោ​ល​ដ៏​ធំ​មួយ​កន្លែង​ស្ថិត​ក្នុង​ប្រទេស​ស្កុ​តឡែ​ន ដែល​ជា​កម្មសិទ្ធិ​របស់​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូប​នេះ ចង់​លុប​ចោល​តំបន់​ហ្គា​ស្សា (Gaza) នៃ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC និង AP ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៥​។

សកម្មជន​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​មួយ​ក្រុម​នេះ បាន​ចូល​ទៅ​អុកឡុក និង​បំផ្លិចបំផ្លាញ​ទីលាន​វាយ​កូន​ហ្គោ​ល និង​សណ្ឋាគារ Trump Turnberry របស់​លោក ត្រាំ ស្ថិត​នៅ​ភាគ​និរតី ប្រទេស​ស្កុ​តឡែ​ន កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​សៅរ៍ ដោយ​បាន​គូររូប និង​សរសេរ​អក្សរ​ធំ​ៗ​លើ​ស្មៅ​ថា «​ហ្គា​ស្សា​មិនមែន​សម្រាប់​លក់​នោះ​ទេ​» (Gaza Is Not For Sale) ពួក​គេ​ក៏​បាន​ប្រើប្រាស់​ថ្នាំ​ពណ៌​ក្រហម​គូសវាស​លើ​ជញ្ជាំង ទ្វារ បង្អួច នៃ​អគារ​រមណីយដ្ឋាន​ផង​ដែរ​។

ក្រុម​សកម្មភាព​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​អះអាង​ថា ពួក​គេ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​លើក​ឡើង និង​ចង់បាន​តាម​អំពើ​ចិត្ត​របស់​លោក ត្រាំ ចំពោះ​តំបន់​ហ្គា​ស្សា​។ ពួក​គេ​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់ ពួក​យើង​បាន​បង្ហាញ​លោក ត្រាំ ថា ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​គាត់​គ្មាន​សុវត្ថិភាព​ពី​ទ​ង្វើ​នៃ​ការ​តស៊ូ​មតិ​»​។

ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ ប៉ូលិស​ស្កុ​តឡែ​ន​បាន​អះអាង​ថា ខ្លួន​ទទួល​បាន​របាយការណ៍​អំពី​ការ​ខូចខាត​ទីលាន​វាយ​កូន​ហ្គោ​ល​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ និង​បាន​បើក​ការ​ស៊ើបអង្កេត​ភា្ល​ម​ៗ​។ អ្នកតំណាង Trump Turnberry បាន​ហៅ​សកម្មភាព​នេះ​ថា អំពើ​ឧក្រិដ្ឋកម្ម​កូន​ក្មេង ហើយ​ធានា​ថា សកម្មភាព​នេះ​មិន​បាន​ប៉ះពាល់​ដល់​អាជីវកម្ម​ខ្លួន​នោះ​ទេ​។

រហូត​មក​ដល់​ពេល​នេះ អនាគត​តំបន់​ហ្កា​ហ្សា​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា ខណៈ​ដែល​ដំណាក់កាល​ទី​១ នៃ​បទ​ឈប់​បាញ់​ដែល​ផ្អាក​សង្គ្រាម​រយៈពេល​១៥​ខែ​រវាង​ប្រទេស​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស់​បញ្ចប់​ទៅ​ដោយ​គ្មាន​ការ​បញ្ជាក់​ច្បាស់លាស់​អំពី​អ្វី​ដែល​នឹង​កើតឡើង​ពេល​ក្រោយ ដោយសារ​តែ​ដំណាក់កាល​ទី​២ នៃ​កិច្ចព្រមព្រៀង​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅឡើយ​ទេ​។ ទន្ទឹម​នឹង​នេះ លោក ត្រាំ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​នៅ​តំបន់​ហ្គា​ស្សាតាំង​ទីលំនៅ​ថ្មី​នៅ​កន្លែង​ផ្សេង​ជា​អចិន្ត្រៃយ៍ ដើម្បី​ឱ្យ​អា​មេ​រិ​ក​អាច​កាន់កាប់​ទឹកដី​នេះ និង​អភិវឌ្ឍ​វា​សម្រាប់​អ្នក​ផ្សេង​ទៀត​។ ប៉ុន្តែ​ទោះ​យ៉ាងណា ភាគី​ប៉ា​ឡេ​ស្ទី​ន​បាន​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​អំពាវនាវ​ឱ្យ​ចាកចេញ​នេះ​។

សូម​ជម្រាប​ថា Turnberry ជាទី​លាន និង​រមណីយដ្ឋាន​វាយ​កូន​ហ្គោ​ល​មួយ​ក្នុង​ចំណោម​ទីលាន​វាយ​កូន​ហ្គោ​ល​ចំនួន ១៧ ទូ​ទាំង​ពិភពលោក ដែល​ជា​កម្មសិទ្ធិ​របស់​លោក ត្រាំ ដោយ​ធ្លាប់​ទទួល​រៀបចំ​ការ​ប្រកួត​ធំ​ៗ​ជា​ច្រើន​។ Turnberry រួម​បញ្ចូល​ទាំង​ទីលាន​វាយ​កូន​ហ្គោ​ល​ចំនួន ៣ សាលា​កីឡា​វាយ​កូន​ហ្គោ​ល សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ James Miller ដែល​រចនា​ឡើង​តាំងពី​ឆ្នាំ ១៩០៦ រួម​ជាមួយនឹង​ផ្ទះ​ឈើ និង​ផ្ទះ​លំហែ​តូច​ៗ​ជា​ច្រើន​។

លោក ត្រាំ បាន​យក​ទិញ​សណ្ឋាគារ និង​ទីលាន​វាយ​កូន​ហ្គោ​ល Turnberry ពី​ក្រុមហ៊ុន Leisurecorp នៅ​ឆ្នាំ ២០១៤ ក្នុង​តម្លៃ​៦០​លាន​ដុល្លារ ហើយ​រមណីយដ្ឋាន​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា Trump Turnberry​។ ទោះ​យ៉ាងណា លោក​បាន​លាលែង​ពី​តំណែង​ជានា​យក​ក្រុមហ៊ុន​គ្រប់គ្រង​ក្រុមហ៊ុន Trump Turnberry នៅ​ឆ្នាំ ២០១៧ មុន​ពេល​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ហើយ​បាន​ប្រគល់​ការ​គ្រប់គ្រង​ទៅ​ឱ្យ​កូនប្រុស Donald Jr និង Eric ខណៈ​ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ប្រហែល​២០០​លាន​ដុល្លារ​លើ​ការ​ជួសជុល​កែ​លម្អ​៕

Donald Trump’s gold resort in Scotland has ben vandalised.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ