ប្រមុខសន្តិសុខជាតិរុស្ស៊ី ចុះពង្រីកទំនាក់ទំនងជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍
ប្រទេសម៉ាឡេស៊ី ៖ លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក…
ប្រទេសម៉ាឡេស៊ី ៖ លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក…
ប្រទេសម៉ាឡេស៊ី ៖ លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ខណៈវិមានក្រឹមឡាំង កំពុងកសាងទំនាក់ទំនងជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីស្វែងរកការប៉ះប៉ូវលើហានិភ័យ នៃការប្រកួតប្រជែងកំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ នេះបើតាមប្រភពពីគេហទំព័រ Bloomberg ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក សឺហ្គៃ សយហ្គូ បានជួបជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី២៧ ខែកុម្ភៈនេះ នៅឯទីក្រុងពូត្រាចាយ៉ា (Putrajaya) សម្រាប់កិច្ចពិភាក្សាស្តីពីការរំពឹងនឹងផ្តោតលើការពង្រឹងទំនាក់ទំនងសន្តិសុខ និងការពារជាតិរវាងប្រទេសទាំងពីរ ប៉ុន្តែខ្លឹមសារផ្លូវការ នៃកិច្ចពិភាក្សាមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។
អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ កាលពីដើមសប្តាហ៍នេះ ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ជាកន្លែងដែលលោកបានជួបជាមួយប្រធានាធិបតី លោក ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) នៅក្នុងបំណងដូចគ្នានេះដែរ ដើម្បីស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ។
ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដែលពឹងផ្អែកលើអាមេរិកជាប្រភពដ៏សំខាន់សម្រាប់ការវិនិយោគនោះ បានរក្សាទំនាក់ទំនងជាមួយនឹងរុស្ស៊ី បើទោះបីជាមានការអំពាវនាវពីអាមេរិក និងប្រទេសប្រជាធិបតេយ្យធំៗផ្សេងទៀត ឱ្យដាក់ទណ្ឌកម្មលើរុស្ស៊ី ចំពោះការលុកលុយទឹកដីអ៊ុយក្រែន កាលពីបីឆ្នាំមុនយ៉ាងណាក៏ដោយ។
យ៉ាងណាមិញ សម្ពាធទាំងនោះបានធូរស្រាលមកវិញ ជាមួយការត្រឡប់កាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលដើរលើគោលនយោបាយបញ្ច្រាសទិសយ៉ាងខ្លាំងពីអតីតប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) ដោយបដិសេធមិនស្តីបន្ទោសលោក ពូទីន ចំពោះព្រឹត្តិការណ៍កំពុងតែកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំនេះ បានចូលរួមជាមួយក្រុមប្រទេសប្រ៊ីក (BRICS) ដែលរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ស្របពេលម៉ាឡេស៊ី រួមជាមួយនឹងថៃក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាប្រទេសដៃគូបឋមផងដែរ។
គេមិនច្បាស់ទេថាតើ លោក សឺហ្គៃ សយហ្គូ និយាយអំពីការទិញលក់សព្វាវុធជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែរឬអត់នោះទេ? ដ្បិតម៉ាឡេស៊ីកំពុងសម្លឹងមើលការបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៧% នៅឆ្នាំនេះ ក្នុងរង្វង់ទឹកប្រាក់ប្រហែល៥ពាន់លានដុល្លារ ដោយស្វែងរកការកសាងកម្លាំងទ័ពអាកាស និងប្រព័ន្ធការពារដែនអាកាស ។ ម៉ាឡេស៊ីបាននិងកំពុងតែផ្លាស់ប្តូរទៅរកអ្នកផ្គត់ផ្គង់ផ្សេងទៀតសម្រាប់យន្តហោះចម្បាំង ដោយសារតែទណ្ឌកម្មលើរុស្ស៊ីបានរារាំងម៉ាឡេស៊ីពីការទិញគ្រឿងបន្លាស់ត្រូវការចាំបាច់ ដើម្បីធ្វើយ៉ាងណាឱ្យយន្តហោះយោធាខ្លួន ដែលផលិតដោយរុស្ស៊ីនៅតែបន្តដំណើរការ៕
ចែករំលែកព័តមាននេះ