(ថៃ) នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃបានប្រកាសថា ខេត្តចំនួន៨នាភាគខាងត្បូងកំពុងរងគ្រោះដោយទឹកជំនន់ដោយប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើនជាង១ម៉ឺនគ្រួសារ ។
កាលពីនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក Phasakorn Boonlak អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) របស់ប្រទេសថៃ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ឥទ្ធិពលដ៏ខ្លាំងក្លាប្រព័ន្ធសម្ពាធខ្ពស់ ដែលគ្របដណ្ដប់លើភាគឦសាន និងសមុទ្រចិនខាងត្បូង រួមខ្យល់មូសុងឦសានដែលបោកបក់ពីឈូងសមុទ្រខាងត្បូង និងសមុទ្រអាន់ដាម៉ាន់ បណ្តាលឱ្យមានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នាក្នុងរយៈពេល៤ថ្ងៃ បង្កជាគ្រោះមហន្តរាយទឹកជំនន់ខែប្រាំងវាយប្រហារតំបន់ភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ ខៅសធ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោកអគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃអះអាងថា ចាប់ពីថ្ងៃទី២៣-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ទឹកជំនន់បានកើតឡើងនៅក្នុងខេត្តចំនួន៦ គឺខេត្តជុមភូន, ខេត្តស៊ូរ៉ាត់ថានី, ខេត្តនគរស៊ីថាមរ៉ាត់, ខេត្តសុងក្លា, ខេត្តផាត់ថាឡុង និងខេត្តណារ៉ាធីវ៉ាត់ ដោយគ្របដណ្តប់១៨ស្រុក ៦១ឃុំ និង២៤១ភូមិ ។
ក្នុងនោះ ប្រជាពលរដ្ឋចំនួន ១០,៩៩៥ គ្រួសារបានរងផលប៉ះពាល់ ខណៈ មានមនុស្ស ១នាក់បានស្លាប់ និងម្នាក់កំពុងបាត់ខ្លួន ។ ប៉ុន្តែបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ដែលត្រូវចុះផ្សាយដោយសារព័ត៌ Thai PBS បង្ហាញថា ស្រុកដែលជន់លិចដោយទឹកជំនន់បានកើនឡើងដល់៤៩ ហើយនៅតាមបណ្តាខេត្តភាគខាងត្បូងនៅថ្ងៃនេះ បន្ទាប់ពីបរិមាណទឹកភ្លៀងធ្លាក់ច្រើនជាង១០០មីលីម៉ែត្រក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
ទឹកជំនន់ត្រូវបានរាយការណ៍ផងដែរ នៅខេត្តប្រាច់ឈុមខីរីខាន, និងខេត្តទ្រង់ ។ លោPhasakorn បន្តថា ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់រងគ្រោះនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានសម្របសម្រួលជាមួយតំបន់នានា ដើម្បីជួយប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនរបស់របរនិងជម្លៀសក្រុមមនុស្សដែលងាយរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព ។
មជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយតំបន់ទី១១ ស៊ូរ៉ាត់ថានី និងតំបន់ទី១២សុងក្លា បានបញ្ជូនបុគ្គលិកប្រតិបត្តិការ និងគ្រឿងចក្រ ឧបករណ៏សំខាន់ៗទៅកាន់តតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ដូចជារថយន្តដែលបំពាក់ម៉ាស៊ីនបូមទឹក ដើម្បីជួយបូមរំដោះទឹកជាដើម ។ បន្ថែមលើនេះ ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត បានជំរុញឱ្យមានការសម្របសម្រួលជាបន្ទាន់ជាមួយថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះទៅប្រមូលទិន្នន័យនៃការខូចខាត ។
នៅខេត្តផាត់ថាឡុង ទឹកជំនន់ហូរចេញពីជួរភ្នំ Banthad បានជន់លិចផ្នែកជាច្រើននៃផ្លូវហាយវេដែលភ្ជាប់ខេត្តផាត់ថាឡុង និងខេត្តទ្រង់ ជាពិសេសផ្លូវពីមុខមន្ទីរពេទ្យ Srinagarind និងស្ថានីយ៍ PTT ដែលមានប្រវែងប្រហែលមួយគីឡូម៉ែត្រ។ កម្រិតទឹកជំនន់កំពុងកើនឡើងជាលំដាប់។
នៅលើកោះPha-ngan ដែលទីរមណីយដ្ឋានដ៏ពេញនិយមក្នុងខេត្តស៊ូរ៉ាត់ថានី ទឹកជំនន់ហក់ឡើងខ្លាំងកាលពីយប់មិញ ដោយបានជន់លិចផ្ទះ និងរថយន្តជាច្រើន។
នៅខេត្តនគរស៊ីថាមរ៉ាត់ ទឹកហូរចុះពីភ្នំបានហូរចូលស្រុកKhiri Wong និង Lan Saka តាំងពីយប់មិញ ដោយមានភូមិជាច្រើនកំពុងស្ថិតនៅក្រោមទឹក ខណៈដែលផ្លូវធំៗមួយចំនួនត្រូវបានបិទ។
ជុំវិញស្ថានភាពទឹកជំនន់ខែប្រាំងនេះ ប្រជាពលរដ្ឋដែលទើបរងគ្រោះថ្មីៗដោយទឹកជំនន់ខែរវស្សា បាននាំគ្នាត្អូញត្អែរប្រាប់អ្នកកាសែតនិង បង្ហោះតាមបណ្តាញសង្គមថា មកទល់ពេលនេះ ពួកគេមិនទាន់ទទួលបានសំណងចំនួន ៩០០០បាត ដែលរដ្ឋាភិបាលលោកស្រីពែតុងតាន ស៊ីណាវ៉ាត់ត្រា បានសន្យាក្នុងអំឡុងពេលទឹកជំនន់កាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំមុននៅឡើយនោះទេ៕
ចែករំលែកព័តមាននេះ